ខ្មែរប៉ុស្ដិ៍ Close

អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេសប្តេជ្ញាខិតខំជួយពង្រីកទីផ្សារចិនសម្រាប់ទំនិញកម្ពុជាបន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 76
អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេសប្តេជ្ញាខិតខំជួយពង្រីកទីផ្សារចិនសម្រាប់ទំនិញកម្ពុជាបន្ថែមទៀត អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេសប្តេជ្ញាខិតខំជួយពង្រីកទីផ្សារចិនសម្រាប់ទំនិញកម្ពុជាបន្ថែមទៀត

នៅវិមានសន្តិភាព រសៀលថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ លោក ចាង ឈុនហ្ស៊ាន (Zhang Chunxian) អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស។

នៅក្នុងជំនួបនេះលោក Zhang Chunxian បានមាន​ប្រសាសន៍ថា នេះគឺជាលើកទី៣ហើយ ដែលលោកបានមកទស្សនកិច្ចនៅកម្ពុជា ហើយបានកត់សម្គាល់ឃើញ​ថា កម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការរីកចម្រើនខ្លាំងលើគ្រប់វិស័យ ប្រជា​ជនរស់នៅប្រកបដោយសេរីភាព និង​សន្តិភាព។​ លោកក៏បានកោតសរសើចំពោះរាជរដ្ឋាភិបាលកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំប្រទេសឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។

លោក Zhang Chunxian បានលើកឡើងដែរថា បើទោះបីជាបណ្តាប្រទេសលោកខាងលិចមួយចំនួន បានសម្តែងមតិពីនេះពីនោះ ស្តីពីកម្ពុជាក៏ដោយ ​ប៉ុន្តែប្រជា​ជនចិន ជាង១ពាន់លាននាក់ គឺស្គាល់ឈ្មោះច្បាស់ និងគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបានបញ្ជាក់ថែមទៀតថា ទំនាក់ទំនងកម្ពុជា-ចិន បានឆ្លង កាត់ឧបសគ្គច្រើន និងគ្រប់បែបយ៉ាង ធ្វើឱ្យប្រទេសទាំងពីរ ស្គាល់ចិត្តគ្នា ក្លាយជាមិត្តដែកថែប ហើយទាំងថ្នាក់ដឹកនាំ និងប្រជាជនចិន តែងតែកោតសរសើរ និងដឹងគុណ ចំពោះលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ភ្ជាប់គោលន​យោបាយចិនតែមួយ គាំទ្រគ្នាទៅវិញទៅមកទាំងបញ្ហាក្នុងតំបន់និងអន្តរជាតិដើម្បីការរីកចម្រើន រួមចំណែកដល់សុខសន្តិភាព នៅក្នុងតំបន់និងពិភពលោកទាំងមូល។ លោក បានបន្តថា ចិនតែងតែគោរពគាំទ្រកម្ពុជាដើរ​តាមគោលនយោបាយសមស្របរបស់ខ្លួនឥតមានលក្ខខណ្ឌទេ តាមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់កម្ពុជា។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណចំពោះអ្វី ដែលលោក Zhang Chunxian
បាន​លើកឡើងពីទំនាក់ទំនងកម្ពុជា-ចិន ដែលភាគីចិន ចាត់ទុកកម្ពុជា គឺជាមិត្តដែកថែប ដែលមិនអាចបំបែក បំបាក់បាន។ លោក ក៏បានសម្តែងនូវមោទនភាព ក្នុង​នាមលោកផ្ទាល់ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ និងទូលំទូលាយ។ លោក ក៏បានមាន​ប្រសាសន៍ លើកឡើងពីជំនួយឧបត្ថម្ភរបស់ចិនជាបន្ត​បន្ទាប់ ដែលចិនមកជួយកម្ពុជា គិតចាប់តាំងពីជំនួយឥតសំណង់ សម្បទានពីការឧបត្ថម្ភផ្សេងៗទាំងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗគឺកម្ពុជាមិនអាចកសាងប្រទេស និងហេដ្ឋារចនាសម្ព័ន្ធបាននោះទេ បើគ្មានជំនួយពីចិន។ លោកបានបន្តថា ក្រៅពីនោះ ចិនក៏បានជួយក្នុងការធ្វើឯករាជ្យភាពផ្នែកនយបាយ ដោយមានខ្នងបង្អែកពីចិនទើបកម្ពុជាអាចរឹងមាំបាន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រាបជូនអំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែរថា នៅក្នុងឆ្នាំ ២០១៨ នេះ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានក្នុងរង្វង់៧,៣ ភាគរយ ដែលជាកំណើនខ្ពស់បំផុតនៅក្នុងតំបន់ ហើយតាមការព្យាករណ៍ នៅឆ្នាំ២០១៩ខាងមុខ កំណើនសេដ្ឋ កិច្ចកម្ពុជា ក៏នឹងមានលើសពី៧ភាគរយផងដែរ បើទោះ បីជាមានការគម្រាមកំហែងដកប្រព័ន្ធអនុគ្រោះពន្ធសហភាពអឺរ៉ុប (​EBA) ក៏ដោយ។

ពាក់ព័ន្ធនឹងចំណុចនេះ លោក Zhang Chunxian បានបញ្ជាក់ថា ទីផ្សារចិនធំណាស់ ដូច្នេះហើយ លោកនឹងប្រាប់ទៅកាន់ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងថ្នាក់ដឹកនាំចិន ឱ្យខិតខំជួយពង្រីកទីផ្សារចិន សម្រាប់ទំនិញកម្ពុជា។ ក្រៅពីនោះ លោក បានជម្រាបជូនដែរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា កម្ពុជាគួរតែរកទីផ្សារបន្ថែមទៀត ដូចជាទីផ្សារជប៉ុន ទីផ្សាររុស្ស៊ី ព្រោះថាទំនិញ និងផលិត ផលកសិកម្មកម្ពុជា គឺមានគុណភាពខ្ពស់៕

អត្ថបទទាក់ទង