ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យទិញថ្នាំអាមេរិក ដើម្បីត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ សម្រាប់ ៥ម៉ឺននាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 73
សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យទិញថ្នាំអាមេរិក ដើម្បីត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ សម្រាប់ ៥ម៉ឺននាក់ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យទិញថ្នាំអាមេរិក ដើម្បីត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ សម្រាប់ ៥ម៉ឺននាក់

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការដាក់បញ្ជាឲ្យទិញថ្នាំរួចហើយ ឲ្យទិញថ្នាំព្យាបាលអ្នកកើតជំងឺកូវីដ-១៩ របស់សហរដ្ឋអាមេរិក ត្រៀមសម្រាប់មនុស្ស៥ម៉ឺននាក់ ដែលក្នុងតម្លៃមនុស្សម្នាក់៥០ដុល្លារ (បូកទាំងថ្លៃដឹកជញ្ជូន)។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា កម្ពុជាមិនបានរើសអើងឱសថក្នុងការព្យាបាលអ្នកកើតជំងឺកូវីដ-១៩នោះទេ ពោលឲ្យតែឱសថនោះមានប្រសិទ្ធភាព ក្នុងការប្រើប្រាស់ដើម្បីព្យាបាលជំងឺ ពិសេសអ្នកជំងឺកូវីដ-១៩ គឺត្រូវទិញយកមកប្រើប្រាស់ទាំងអស់។

ការមានប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាស អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅវិមានសន្ដិភាព។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្រៅពីឱសថដែលយើងកំពុងព្យាបាលយើងកំពុងទិញថ្នាំសម្រាប់ការព្យាបាល ចំនួន៥ម៉ឺននាក់ គឺថ្នាំអាមេរិកដែលគេថាព្យាបាលល្អ ក្នុងតម្លៃម្នាក់៥០ដុល្លារ។ ការពិតអ្នកឈឺកូវីដដែលកំពុងព្យាបាល តែប៉ុន្មានពាន់នាក់ប៉ុណ្ណោះ ប៉ុន្ដែត្រូវទិញទុកសម្រាប់ព្យាបាលមនុស្ស៥ម៉ឺននាក់»។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា កាលពីពេលកន្លងទៅ កម្ពុជាប្រើប្រាស់ថ្នាំរបស់ចិន ដើម្បីព្យាបាលអ្នកកើតជំងឺកូវីដ-១៩ ប៉ុន្ដែបច្ចុប្បន្ននេះមានថ្នាំរបស់អាមេរិកដែលគេអះអាងថា ល្អ និងមានប្រសិទ្ធភាព ត្រូវទិញមកត្រៀមបន្ថែមទៀត។ សម្ដេចថា កម្ពុជាមិនបានរើសអើងក្នុងការប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលនោះទេ ពោលឲ្យតែមានប្រសិទ្ធត្រូវទិញមកប្រើប្រាស់ទាំងអស់។

បើទោះបីមានថ្នាំសម្រាប់ព្យាបាលក៏ពិតមែន ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដក្រើនរំលឹកដល់ប្រជាពលរដ្ឋមិនត្រូវពឹងផ្អែកទាំងស្រុង លើឱសថព្យាបាល រហូតភ្លេចពីវិធីការពារខ្លួននោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់បន្ថែមទៀតថា មូលដ្ឋានដើម្បីការពារសុខភាពប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ មានគ្រប់គ្រាន់ទាំងវ៉ាក់សាំង ឱសថសម្រាប់អ្នកឈឺជាដើម។ ទាំងអស់នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា ហ៊ានសម្រេចចិត្តក្នុងការបើកដំណើរការប្រទេសឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ៕

អត្ថបទទាក់ទង