កម្ពុជាមានឡានគ្លីនិក ២០ គ្រឿងដំបូងគេ បំពាក់ឧបករណ៏ទំនើបៗ ជាង២០ ប្រភេទ
ថ្មីៗនេះ រថយន្តគ្លីនិកចល័ត ២០គ្រឿងដំបូងគេ បានដឹកដល់ដីកម្ពុជា ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋ ប្រជាមានិតចិន ផ្ដល់ឲ្យក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
រថយន្តគ្លីនិកចល័ត
ឡានគ្លីនិកចល័តនេះ នឹងត្រូវបែងចែកទៅឱ្យ មន្ទីរសុខាភិបាល រាជធានី-ខេត្តទាំង២៥ ដើម្បីប្រើប្រាស់ក្នុងការផ្ដល់សេវាពិនិត្យ ព្យាបាលដល់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកបង្ខិតសេវាសុខាភិបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។
ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល
ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា រថយន្តគ្លីនិកចល័តនេះ ត្រូវបានបំពាក់ដោយសម្ភារៈបរិក្ខារពេទ្យ មានដូចជា ម៉ាស៊ីនកាំរស្មីអ៊ិចឌីជីថល អេកូឌីជីថល ឧបករណ៍វិភាគទឹកនោម ឧបករណ៍វិភាគឈាម ម៉ូនីទ័រតាមដានគភ៌ទារក និងម្ដាយ ជញ្ជីងថ្លឹងទម្ងន់ និងវាស់កម្ពស់ ឧបករណ៍ឆែកមុខងារសួត ឧបករណ៍វិភាគជីវគីមីដោយស្វ័យប្រវត្តិ (Electrocardiograph, Binocular Handheld Slit Lamp Microscope, General type hanging diagnosis System, Digital Electronic Colposcope) ឧបករណ៍ពិនិត្យសុដន់អ៊ីនហ្រ្វារ៉េដ កញ្ចប់ឧបករណ៍ផ្នែករោគស្ត្រី កញ្ចប់ឧបករណ៍ផ្នែកវះកាត់ទូទៅ ត្រចៀក ច្រមុះ បំពង់ក កៅអីព្យាបាលធ្មេញ ម៉ាស៊ីនខ្យល់កម្ចាត់មេរោគ មីក្រូទស្សន៍ជីវសាស្ត្រ ឧបករណ៍កម្ចាត់មេរោគ ទូទឹកកកវេជ្ជសាស្ត្រ និងគ្រឿងបន្លាស់សរុប ៥% នៃសម្ភារៈបរិក្ខារ ពេទ្យ ទាំងអស់។
សម្ភារៈបរិក្ខារ ពេទ្យដែលមាននៅក្នុងរថយន្តគ្លីនិកចល័ត
សូមបញ្ជាក់ថា ការផ្ដល់រថយន្តគ្លីនិកចល័តនេះ ត្រូវបានធ្វើជា ២ដំណាក់កាល គឺដំណាក់កាលទី១ បានប្រគល់ឲ្យកម្ពុជាចំនួន២០គ្រឿង។ រីឯ ២០គ្រឿងទៀត ភាគីចិននឹងផ្តល់ជូនក្នុងតំណាក់កាលទី២ ដែលនឹងត្រូវបញ្ជូនមកកម្ពុជា យ៉ាងយូរបំផុត ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។
(រូបភាព ក្រសួងសុខាភិបាល)