ខ្មែរប៉ុស្ដិ៍ Close

ភ្នំព្រះនឹងក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ព្រៃភ្នំ~ធម្មជាតិ ភូមិភាគពាយ័ព្យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 87
ភ្នំព្រះនឹងក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ព្រៃភ្នំ~ធម្មជាតិ ភូមិភាគពាយ័ព្យ ភ្នំព្រះនឹងក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ព្រៃភ្នំ~ធម្មជាតិ ភូមិភាគពាយ័ព្យ

ភ្នំព្រះមានចំណាយប្រមាណ ១០គីឡូម៉ែត្រ ពីស្រុកថ្មពួកពួក ខេត្តបន្ទាយមានជ័យ តាមផ្លូវជាតិលេខ៥៦A។ ភ្នំព្រះនេះ តាមការឱ្យដឹងពីអ្នកមើលថែរក្សាការពារនៅទីនោះ លោក វ៉ែត ស៊ីយាត បានប្រាប់ថា ភ្នំព្រះ គេតែងហៅតៗគ្នាមកថា «ភ្នំតាព្រះៗ» ដោយសារតែក្នុងរូងភ្នំមានរូបសំណាក់ព្រះពីបុរាណកាលមក គេទៅគោរថ្វាយសក្ការៈបូជាជាកន្លែងមានបារមី។ ភ្នំព្រះនេះជាភ្នំមួយសំបូរទៅដោយរូងក្នុងប្រហែលជិត៣០រូង រូងសំខាន់ មានរូងព្រះ(បិទបាំងដោយបារមី) រូងតាឥសី រូងក្អមខ្លោច និងរូងបាយសី ជាដើម។ ទីកន្លែងនេះជាទីសក្ការៈបូជាទាំងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាផងដែរ។

លើសពីនេះភ្នំព្រះនេះជាតំបន់ទេសភាពព្រៃភ្នំធម្មជាតិ មានកម្ពស់ប្រមាណ ២០០ម៉ែត្រ កាំជណ្តើរបុរាណឡើងទៅកាន់កំពូលភ្នំ ដែលហ៊ុមព័ទ្ធទៅដោយព្រៃឈើចម្រុះ ជម្រកព្រៃឈើ សំបូរសត្វព្រៃ ផ្ទៃដីជុំវិញភ្នំ១២០០ ហិកតា (ព្រៃអភិរក្ស)។

បច្ចុប្បន្នដោយការអញ្ជើញទស្សនាមើលឃើញពីសក្តានុពល និងចង់កែប្រែជាកន្លែងកម្សាន្តសប្បាយបែបធម្មជាតិបៃតងស្អាត លោកស្រី ម៉ៅ មាល័យ កែ គឹមយ៉ាន បានចំណាយលើការដឹកនាំរៀបចំកន្លែងនេះឱ្យក្លាយទៅជា’រមណីយដ្ឋានទេសចរណ៍ព្រៃភ្នំ~ធម្មជាតិ។ ថ្មីៗនេះលោកស្រីបានចាត់ឱ្យក្រុមការងារដឹកនាំដោយ លោក ប្រាក់ សារ៉ាក់ សហការជាមួយអាជ្ញាធរដែនដី ជំនាញពាក់ព័ន្ធ កំពុងសិក្សា និងកំពុងរៀបចំជាបណ្តើរៗហើយបានរៀបចំផ្លូវឡើង កាំជណ្តើរ ផ្លូវចូលទស្សនាក្នុងភ្នំ និងបានអភិសេកព្រះពុទ្ធរូប ១អង្គនៅទីនោះផងដែរ។

នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ វត្តមានលោកស្រី ម៉ៅ មាល័យ និងអ្នកអមដំណើរជាច្រើនរូបបានអញ្ជើញទស្សនា និងពិនិត្យបន្ថែមលើការរៀបចំបន្តទៀត និងបានផ្តិតយករូបភាព ទេសភាពស្រស់ស្អាតនៅតំបន់នោះផងដែរ។ ទេសចរអាចមកកម្សាន្តសប្បាយ ហើយបន្តដំណើរបន្តិចទៅកាន់ប្រាសាទបន្ទាយឆ្មារ បន្ទាយទ័ព ក្នុងឃុំបន្ទាយឆ្មារ នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបាន៕