ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «ស្ថានភាពចុះទឹកក្រពើឡើងលើខ្លា» រុញឲ្យសម រង្ស៊ីកើតជំងឺសរសៃប្រសាទ!»

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 77
លិខិតមិត្តអ្នកអាន៖ «ស្ថានភាពចុះទឹកក្រពើឡើងលើខ្លា» រុញឲ្យសម រង្ស៊ីកើតជំងឺសរសៃប្រសាទ!» លិខិតមិត្តអ្នកអាន៖ «ស្ថានភាពចុះទឹកក្រពើឡើងលើខ្លា» រុញឲ្យសម រង្ស៊ីកើតជំងឺសរសៃប្រសាទ!»

ក្នុងមួយរយៈចុងក្រោយ ហើយជាពិសេសព្រឹកមិញនេះ នៅពេលដែលខ្ញុំអាននូវអ្វីដែលជាសំណេរនៅលើទំព័រហ្វេសប៊ុករបស់លោក សមរង្ស៊ី ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីស្ថានភាពកាន់តែធ្ងន់ធ្ងរនៃប្រភេទមនុស្សដែលមានជម្ងឺសរសៃប្រសាទ ដែលនិយាយលែងដឹងខុសត្រូវ និងអង្គុយប្រឌិតរឿងខុសទំនងគ្មានឡូហ្ស៊ីកគួរឲ្យសង្វេគជាពន់ពេក។ ស្ថានភាពនេះក៏បានធ្វើឲ្យក្រុមអ្នកតាមដាននយោបាយកម្ពុជា ហើយក៏អាចរាប់បញ្ចូលទាំងក្រុមអ្នកចេះដឹងជុំវិញខ្លួន សមរង្ស៊ី ដែលធ្លាប់គាំទ្របុគ្គលនេះពីមុនបែរជាអស់ទឹកចិត្តក្នុងការគាំទ្របន្តទៀតពីព្រោះអ្នកនយោបាយប្រភេទសមរង្ស៊ីនេះគឺគ្មានឃើញបង្ហាញគោលនយោបាយអ្វីដើម្បីចាកចេញពីបញ្ហាឡើយក្រៅតែពីអង្គុយនិងដេករវើរវាយប្រឌិតរឿងឥតប្រយោជន៍និងខុសទំនង។

ស្ថានភាពធ្ងន់ធ្ងរនៃជំងឺផ្លូវចិត្តរបស់សមរង្ស៊ីបានកើតឡើងដោយសារសម្ពាធយ៉ាងធ្ងន់ដែលកំពុងគ្របសង្កត់ទៅលើបុគ្គលរូបនេះរហូតធ្វើឲ្យគាត់វង្វេងស្មារតីដេកមិនលក់បក់មិនល្ហើយគិតមិនចេញនិងដើរទាល់ច្រកធ្វើឲ្យរោគចិត្តរើឡើងវិញកាន់តែធ្ងន់ធ្ងរៗជាលំដាប់។សម្ពាធធំៗដូចភ្នំព្រះសុមេរុដែលកំពុងតែសង្កត់លើសមរង្ស៊ីមានជាអាទិដូចខាងក្រោម៖

សម្ពាធទី១៖ គឺសម្ពាធពីអ្នកគាំទ្រ

សមរង្ស៊ីបានដើរប្រមូលលុយពីអ្នកគាំទ្រនៅក្រៅប្រទេសបានយ៉ាងច្រើនក្រោមហេតុផលថាដើម្បីយកទៅរៀបចំដំណើរវិលត្រឡប់របស់គាត់មកកម្ពុជាវិញ។មនុស្សម្នាជាច្រើនក៏ដឹងដែរថាសារជាតិរបស់សមរង្ស៊ីគឺខ្លាចការលំបាកវេទនាបើនិយាយអោយចំគឺជាអ្នកនយោបាយខ្លាចគុកណាស់។ដូច្នេះអ្វីដែលគាត់ប្រកាសពីផែនការចូលស្រុកនេះគឺធ្វើទាំងបង្ខំចិត្តដោយសារទទួលសម្ពាធពីអ្នកគាំទ្រខ្លាំងពេក។

មុនដំបូងសមរង្ស៊ីចង់ប្រើឱកាសនេះដើម្បីប្រមូលលុយដូចដែលគាត់ធ្លាប់ធ្វើរយៈពេលជាង២០ឆ្នាំមកហើយ។បន្ទាប់មកគាត់ចង់ប្រើល្បិចបង្វែរទំនួលខុសត្រូវដែលគាត់ប្រកាសថានឹងចូលមកចាប់លោកហ៊ុនសែនទៅឲ្យប្រជាពលរដ្ឋអ្នកគាំទ្រគាត់វិញពោលគឺគាត់ងាកមកប្រកាសថាគឺមិនមែនគាត់ទេដែលទៅចាប់លោកហ៊ុនសែនតែជាភារកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ។

រយៈពេលជាច្រើនខែមកនេះសមរង្ស៊ីបានរៀបចំផែនការបំផុសចលនាឲ្យសកម្មជននិងអ្នកគាំទ្ររបស់ខ្លួននៅក្នុងប្រទេសកសាងបណ្តាញតាមរយៈការជួបជុំ «ស៊ីនំបញ្ចុក»

ប៉ុន្តែរាល់សកម្មភាពទាំងនេះត្រូវបានអាជ្ញាធរតាមដាននិងក្តាប់បានដូចបាតដៃហើយក៏បានបំបែកផែនការ «ស៊ីនំបញ្ចុក» នេះចោលទាំងស្រុង។

ដោយក្តីអស់សង្ឃឹមសមរង្ស៊ីងាកមកស្រែកអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងនាយករដ្ឋមន្ត្រីហ៊ុនសែន។បន្ថែមពីលើនេះសមរង្ស៊ីបានយកល្បែងចាស់គំរឹលមួយដែលគាត់ធ្លាប់លេងដោយគ្មានប្រសិទ្ធភាពជាច្រើនទសវត្សរ៍មកហើយនោះមកលេងបន្តទៀតដើម្បីកំដរឆាកកុំឲ្យស្ងាត់ពេក។នោះគឺការព្យាយាមបំបែកគណបក្សប្រជាជនកម្ពុជារហូតដល់ដេករកនឹកប្រឌិតរឿងជាបន្តបន្ទាប់ដោយម្តងប្រឌិតរឿងលោកសខេងជាមួយលោកហ៊ុនសែនហើយឥឡូវងាកមកប្រឌិតរឿងលោកហុកឡងឌីវិញម្តង។

ប៉ុន្តែកំណត់ត្រាក្នុងរយះពេលជាង២០ឆ្នាំកន្លងមកនេះបានបង្ហាញយ៉ាងច្បាស់ថាទំងន់ដៃរបស់សមរង្ស៊ីស្រាលដូចជាសំឡីដែលព្យាយាមទប់និងផ្តួលលោកហ៊ុនសែនដែលមានទំងន់ជើងធ្ងន់ដូចជើងដំរី។

ដូច្នេះខ្ញុំយល់ថាទោះជាសមរង្ស៊ីប្រើពេលប៉ុន្មានជីវិតរបស់គាត់ក៏មិនអាចទៅរួចដែរ។ហើយឥឡូវនេះពេលវេលាចេះតែទៅមុខគឺនៅសល់តែ៦ខែទៀតប៉ុណ្ណោះគឺដាច់ឆ្នាំ២០១៩ហើយ។ឆ្នាំ២០១៩ជាឆ្នាំដែលសមរង្ស៊ីសន្យាថានឹងវិលចូលស្រុកវិញទៅចាប់លោកហ៊ុនសែន។តែរហូតមកទល់ថ្ងៃនេះគ្មានឃើញពន្លឺសូម្បីតែបន្តិចថាគាត់អាចហ៊ានវិលចូលស្រុកវិញ។

សម្ពាធទី២៖ ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនពីទីក្រុងតូក្យូ

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនពីទីក្រុងតូក្យូកាលពីសប្តាហ៍មុនថាលោកកំពុងរង់ចាំស្វាគមន៍សង្គ្រាមមួយពីក្រៅប្រទេសនិងបានបញ្ជាក់ជំហរច្បាស់លាស់ដាច់ខាតថានឹងមិនមានការបន្ធូរបន្ថយណាមួយទេដរាបណាពួកគេមិនប្រកាសចាញ់សង្គ្រាមនេះ។

តាមសេចក្តីប្រកាសរបស់លោកហ៊ុនសែននេះអាចធ្វើឲ្យសមរង្ស៊ីដាច់ផ្ងារពីព្រោះពិតជាមិនមែនជារឿងធម្មតាឡើយដែលលោកនាយករដ្ឋមន្ត្រីបានប្រើប្រាស់សន្និសីទអន្តរជាតិស្តីពីអនាគតអាស៊ីនៅទីក្រុងតូក្យូដើម្បីប្រកាសឲ្យពិភពលោកបានដឹងលឺជាមុនអំពីសង្គ្រាមដែលក្រុមប្រឆាំងជ្រុលនិយមកំពុងប៉ុនប៉ងធ្វើនៅកម្ពុជាហើយជាពិសេសអាចលោកហ៊ុនសែនចង់ឲ្យប្រទេសជប៉ុនដែលជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជាធ្វើជាសាសក្សី។

មែន! បញ្ហានេះពិតជាបានធ្វើឲ្យលោកសមរង្ស៊ីញ័រមាត់ហើយប្រញាប់ទៅប្រកាសតាមវិទ្យុអាស៊ីសេរីថាខ្លួនមិនបានធ្វើសង្គ្រាមទេ។

ប៉ុន្តែមនុស្សយើងច្បាស់ជាយល់ហើយថាប្រសិនបើមានមេទ័ពដ៏កំសាកម្នាក់ស្រាប់តែទៅប្រកាសប្រាប់កូនទាហានដ៏សំគមរបស់ខ្លួនថាយើងត្រូវលើកទ័ពទៅចាប់មេទ័ពដែលជាគូសត្រូវនៅក្នុងជំរុំដ៏រឹងមាំមួយហើយប្រាប់គេឯងថាយើងមិនទៅធ្វើសង្គ្រាមទេ? តើមេទ័ពរូបនោះជាអ្វី? ច្បាស់ណាស់ថាគ្រប់គ្នាច្បាស់ជាអស់សំណើចហើយដៀលថាជា «មេទ័ពចំកួត» ជាមិនខានឡើយ។

អ្នកវិភាគជាច្រើនបានមើលឃើញដូចខ្ញុំដែរថាជប៉ុនទំនងជាបានរៀបចំដាវឲ្យលោកហ៊ុនសែនប្រើដើម្បីស្កាត់ផ្លូវលោកសមរង្ស៊ីហើយមើលទៅពីព្រោះក្នុងចំណោម៣សំណួរដែលចោទសួរទៅកាន់លោកនាយករដ្ឋមន្ត្រីក៍មានសំណួរមួយនិងជាសំណួរចុងក្រោយគេពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយនៅកម្ពុជា។ សំណួរនេះត្រូវគេមើលឃើញថាជាឱកាសពេជ្រសម្រាប់លោកហ៊ុនសែនក្នុងការបកស្រាយ។

ជាដំបូងលោកនាយករដ្ឋមន្ត្រីលើកបញ្ហានៅអូទ្រីសដែលកំពុងកើតមានរឿងក្តៅគគុកពាក់ព័ន្ធនឹងអ្នកនយោបាយលក់ក្បាលឲ្យបរទេសដែលមេដឹកនាំអឺរ៉ុបធំៗបានថ្កោលទោសពេញៗមាត់ដល់អ្នកនយោបាយដែលលក់ក្បាលឲ្យបរទេសហើយកំពុងចាត់វិធានការយ៉ាងក្តៅគគុក។ បញ្ហានេះក៍បានធ្វើឲ្យលោកខាងលិចជាពិសេសសហភាពអឺរ៉ុបរឹងថ្គាមនិយាយលែងចេញពីព្រោះខ្លួនកំពុងដាក់សម្ពាធមកលើកម្ពុជាខណៈដែលរឿងដូចគ្នាស្រាប់តែកើតមានឡើងនៅលើទឹកដីរបស់ខ្លួន។ហើយរឿងមួយនេះក៍អាចឲ្យកម្ពុជាប្រើប្រាស់ដើម្បីការពារEBA បានយ៉ាងមានប្រសិទ្ធភាពផងដែរ។

ឱកាសពេជ្រម្យ៉ាងទៀតសម្រាប់លោហ៊ុនសែនគឺការប្រកាសរង់ចាំសង្គ្រាមពីក្រុមឧទ្ទាមក្រៅច្បាប់មកពីក្រៅប្រទេស។លោកនាយករដ្ឋមន្ត្រីដឹងច្បាស់ណាស់ថាមនុស្សកំសាកដូចសមរង្ស៊ីមិនហ៊ានវិលចូលស្រុកដូចការឃោសនាបោកប្រាស់នោះឡើយ។ប៉ុន្តែការប្រកាសចងក្រឡាទុកមុនតាមរបៀប «រុញស៊ីក្លូបញ្ចូលឡាន» ជារឿងចាំបាច់ដែលធ្វើឲ្យសមរង្ស៊ីទាល់ច្រកខំប្រកាសបដិសេធទាំងញ័រមាត់។

សម្ពាធទី៣៖ ឥឡូវនិយាយពីសេណារីយោក្នុងការវិលត្រឡប់របស់សមរង្ស៊ី៖

គេមិនបានមើលឃើញថាសេណារីយោណាមួយអាចទៅរួចនោះឡើយ។

សេណារីយោទី១៖ គឺការវិលត្រឡប់វិញតាមផ្លូវគោកគឺមិនអាចទៅរួចឡើយពីព្រោះទាំងថៃទាំងវៀតណាមដែលជាប្រទេសជិតខាងនិងជាមិត្តរបស់កម្ពុជាច្បាស់ជាមិនអនុញ្ញាតឲ្យសមរង្ស៊ីយកទឹកដីរបស់គេធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលអធិបតេយ្យមួយនោះឡើយ។នេះជាគោលការណ៍របស់អាស៊ានផងនិងជាការប្រកាន់ជំហរទ្វេភាគីរវាងកម្ពុជានិងប្រទេសជិតខាងផងដែរ។ដូច្នេះបើសមរង្ស៊ីហ៊ានជាន់ដីថៃឬវៀតណាមច្បាស់ជាអាជ្ញាធរប្រទេសនោះចាប់បញ្ជូនខ្លួនមកឲ្យកម្ពុជាជាក់ជាមិនខាន។

សេណារីយោទី២៖ ការវិលត្រឡប់តាមផ្លូវអាកាស៖មិនថាយន្តហោះសមរង្ស៊ីជិះចេញពីទីណារឺរបស់អ្នកណាឡើយនៅពេលឆ្លងចូលក្នុងដែនអាកាសកម្ពុជាគឺត្រូវស្ថិតក្រោមការត្រួតត្រារបស់អាជ្ញាធរកម្ពុជាទាំងស្រុង។ អាជ្ញាធរអាចបញ្ជាឲ្យយន្តហោះនោះទៅចុះចតនៅព្រលានណាមួយស្ងាត់ហើយឡើងទៅចាប់ខ្លួនទណ្ឌិតរូបនេះបានហើយដាក់ឡានយកទៅញាត់គុកនៅទីណាមួយដោយគ្មានអ្នកណាដឹងឡើយ។ ទីបំផុតយន្តហោះដឹកសមរង្ស៊ីវិលមកចុះចតនៅភ្នំពេញដោយគ្មានសមរង្ស៊ីមកជាមួយឡើយ។ ហើយដូច្នេះសូម្បីតែសកម្មជនរបស់ខ្លួននៅកម្ពុជាក៏មិនដឹងថាមេខ្លួននៅទីណាផង។

សម្ពាធទី៤៖ មធ្យោបាយដែលអាចអនុញ្ញាតឲ្យសមរង្ស៊ីវិលចូលស្រុកបានដោយគ្មានការចាប់ខ្លួន

គឺមានតែការសុំអង្វរសុំទោសពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដូចដែលគាត់ធ្លាប់បានធ្វើកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែម្តងនេះមិនថាតែខ្ញុំនោះទេគឺសូម្បីតែប្រជាពលរដ្ធទូទៅក៍ដូចជាអ្នកគាំក្រុមប្រឆាំងក៍គេគ្មានការសង្ស័យហើយក៍ជឿថាលោកហ៊ុនសែនទំនងជាលែងចិត្តទន់ចាញ់បោកសមរង្ស៊ីដូចមុនៗទៀតហើយពីព្រោះការអត់ឱនទោសឲ្យម្តងជាពីរដងត្រូវបានសមរង្ស៊ីរមិលគុណហើយវាត់កន្ទុយនៅទីបំផុត។

ដូច្នេះលទ្ធភាពនេះក៏ច្បាស់ជាមិនអាចទៅរួចដែរហើយជាពិសេសនៅពេលនេះគឺសហគមន៍អន្តរជាតិវិញគេក៍កំពុងខ្វល់ខ្វាយពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។

សរុបទៅសមរង្ស៊ីពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាព «ចុះទឹកក្រពើឡើងលើខ្លា» មានន័យថាបើសម្រេចចិត្តវិលចូលស្រុកដូចការប្រកាសយ៉ាងសឿងបឿងនោះមិនខុសពីដើរមកឲ្យអាជ្ញាធរចាប់ញាត់គុកដោយស្រួលៗនោះឡើយគឺមិនដូចជាអ្វីដែលសមរង្ស៊ីប្រកាសថាមកចាប់លោកហ៊ុនសែននោះឡើយ។ ម្យ៉ាងទៀតបើហ៊ានជាប់គុកមែនច្បាស់ជានឹងត្រូវក្រុមកឹមសុខានិយមតិះដៀលវិញហើយព្រោះសមរង្ស៊ីធ្លាប់តិះដៀលលោកកឹមសុខាថាជាប់គុកឥតប្រយោជន៍និងធ្លាប់ដៀលលោកកែមឡីថាស្លាប់មិនបានការ។

ប៉ុន្តែបើសមរង្ស៊ីមិនចូលស្រុកឲ្យទាន់ឆ្នាំ2019 ទេ ច្បាស់ជាត្រូវអ្នលគាំទ្រតិះដៀលថាកំសាកបោកប្រាស់ហើយក៍ធ្វើអោយខ្លួនកាន់តែបាត់បង់តំលៃពោលគឺ «ទឹកមាត់លែងប្រៃ»

ខ្ញុំក៏បានកត់សំគាល់ឃើញផងដែរថាឥឡូវនេះសមរង្ស៊ីពឹងផ្អែកតែលើព័ត៌មានក្លែងក្លាយនិងការប្រឌិតរឿងទាំងស្រុងដើម្បីធ្វើជាអាវុធនយោបាយដែលជាវិធីសាស្ត្រពិភពលោកទាំងមូលបាននិងកំពុងស្អប់ខ្ពើម និងប្រឆាំង។ ហើយនេះគឺជាស្ថានភាពទាល់ច្រក អស់សង្ឃឹម ថប់អារម្មណ៍របស់សមរង្ស៊ីរហូតធ្វើឲ្យរោគចិត្តដែលមានជាប់ខ្លួនស្រាប់ធ្លាក់ចូលក្នុងសភាពនៃប្រភេទអ្នកជម្ងឺសរសៃប្រសាទ។

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

អត្ថបទទាក់ទង