ខ្មែរប៉ុស្ដិ៍ Close

    រាជរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ដល់ចំនួន ១៩៤ដុល្លារ សម្រាប់ឆ្នាំ២០២២

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1809
    រាជរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ដល់ចំនួន ១៩៤ដុល្លារ សម្រាប់ឆ្នាំ២០២២រាជរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ដល់ចំនួន ១៩៤ដុល្លារ សម្រាប់ឆ្នាំ២០២២

    រាជរដ្ឋាភិបាល បានប្រកាសដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ ដែលធ្វើឱ្យប្រាក់ឈ្នួលទាបបំផុតឡើងដល់ ១៩៤ដុល្លារ ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់កម្មករនិយោជិត។

    លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ស្ថិតនៅក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចនិងសង្គម ជាពិសេសទៅលើបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ (ពីរ) ដុល្លារអាម៉េរិក លើទឹកប្រាក់ចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក។

    លោកបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២២ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩៤ (មួយរយកៅសិបបួន) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិត សាកល្បង។ ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយ ស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ, និងប្រាក់រង្វាន់អតីតភាពការងារចំនួន ២ដុល្លារអាម៉េរិក ដល់ ១១ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សរ៍យ៉ាង តិចចំនួនពី ២១១ (ពីររយដប់មួយ) ដុល្លារអាម៉េរិក ដល់ ២២២ (ពីររយម្ភៃពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ។

    លោករដ្ឋមន្ត្រី សូមថ្លែង អំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំង ច្បាស់លាស់ និងបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតបានទាន់ពេលវេលា ដែលជាហេតុធ្វើឱ្យកម្ពុជាអាចរក្សាបាននូវភាពប្រកួតប្រជែង និងជាមូលដ្ឋានគ្រឹះក្នុងការទាក់ទាញទុនវិនិយោគថ្មី និងការងារថ្មីៗ ដល់ប្រជាពលរដ្ឋ។

    តាងនាមបងប្អូនកម្មករនិយោជិត លោករដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានសម្រេចផ្តល់ប្រាក់បន្ថែមចំនួន ២ (ពីរ) ដុល្លារអាម៉េរិក លើតួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលការបន្ថែមនេះនឹងរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក៏ដូចជាក្រុមគ្រួសារកាន់តែមានភាពល្អប្រសើរឡើងជាងមុន៕

    ប្រភព៖ វិទ្យុជាតិកម្ពុជា

    អត្ថបទទាក់ទង