ខ្មែរប៉ុស្ដិ៍ Close

វិហារឥស្លាមភូមិកណ្តាលខាងលិច​ ក្នុងស្រុកកណ្តៀង​ ត្រូវបានសម្ពោធ​ជូនបងប្អូន​សាសនិកខ្មែរឥស្លាមប្រើប្រាស់ជាផ្លូវការ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 16
វិហារឥស្លាមភូមិកណ្តាលខាងលិច​ ក្នុងស្រុកកណ្តៀង​ ត្រូវបានសម្ពោធ​ជូនបងប្អូន​សាសនិកខ្មែរឥស្លាមប្រើប្រាស់ជាផ្លូវការ វិហារឥស្លាមភូមិកណ្តាលខាងលិច​ ក្នុងស្រុកកណ្តៀង​ ត្រូវបានសម្ពោធ​ជូនបងប្អូន​សាសនិកខ្មែរឥស្លាមប្រើប្រាស់ជាផ្លូវការ

(ពោធិ៍សាត់​)៖​ វិហារឥស្លាមអាមីន​ ទំហំ១០ម៉ែត្រx១៣ម៉ែត្រ ដែលមានតម្លៃជិត១០០លានរៀល​ ស្ថិតក្នុងភូមិកណ្តាលខាងលិច ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ ជូនសាសនិកខ្មែរឥស្លាម​ នាថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក​ កែវ​ រតនៈ​ ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកអគ្គិសនីកម្ពុជា​ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល​ ចុះជួយស្រុកក្រគរ​ និងស្រុកកណ្តៀង​ លោក រូហ្វី​ អូស្មាន​ អនុប្រធាន​គណៈចលនាឥស្លាមកម្ពុជា​ និងដោយបានការចួលរួមពីក្រុមប្រឹក្សាស្រុក​ គណៈអភិបាលស្រុក​ ក្រុមការងារចុះជួយឃុំ​ កងកម្លាំងប្រដាប់អាវុធ បងប្អូនសាសនិកខ្មែរឥស្លាមជាច្រើនកុះករ។

លោក ឆាយ​ គឹមម៉ុង អភិបាលស្រុកកណ្តៀង បានឲ្យដឹងថា វិហារឥស្លាមភូមិកណ្តាលខាងលិច ដែលប្រគល់ជូននាថ្ងៃនេះ ធ្វើឡើងក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះបាទនរោត្ត សីហ មុនី្ន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​។ លោកអភិបាលស្រុកបន្តថា វិហារឥស្លាមនេះ ចាប់ផ្តើមសាងសង់គិតមកដល់ថ្ងៃសម្ពោធនេះ​ មានរយៈពេលជាង៤ឆ្នាំមកហើយ​ ដោយប្រើប្រាស់ថវិកា​សប្បុរសជន​ និងបងប្អូនសាសនិកខ្មែរឥស្លាម​ សរុប៩៩,៣១៧,១០០រៀល​ ទូទាត់រួច​៩៧,៨៦៧,១០០រៀល​ និងនៅជំពាក់ថ្លៃសាងសង់១៤,៥០០,០០០រៀល។

លោក កែវ​ រតនៈ​ និងលោក រូហ្វី​ អូស្មាន​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលទាំងអស់នេះ។ លោកបានលើកឡើងថា គ្រប់សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា បានចាប់កំណើតឡើងវិញម្តងទៀត ក្នុងពេលតែមួយ ដោយសារគុណបំណាច់ដ៏ធំធេងរបស់សម្តេចទាំងបី។ ប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ គឺពិតជាស្នាដៃប្រវត្តិសាស្រ្ត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ គ្រប់សាសនាមានគោលដៅតែមួយ គឺដឹកនាំមនុស្សឲ្យប្រព្រឹត្តអំពើល្អ មានគុណធម៌ សច្ចធម៌។

លោក​ កែវ​ រតនៈ​ បានលើកឡើងថា​ នាពេលឆាប់ៗខាងមុខនេះ​ លោកនឹងស្នើទៅរាជរដ្ឋាភិបាល​កម្ពុជា ដើម្បីគៀងគររកថវិកា​ បន្តបញ្ចុះតម្លៃភ្លើង​ ជួយសម្រួលការចំណាយដល់ប្រជាពលរដ្ឋបន្ថែមទៀត​។​ ជាមួយគ្នានោះ​ លោកសន្យាយ៉ាងមុតមាំថា​ នឹងជួយគៀងគររកអ្នកវិនិយោគធ្វើរោងចក្រនៅស្រុកក្រគរ​ កាត់បន្ថយការចំណាកស្រុក​ ស្វែងរកទីផ្សារការងារ​ បង្កើនសេដ្ឋកិច្ចគ្រួសារ។

លោកបានថ្លែងទៀតថា ដើម្បីឲ្យកិច្ចអភិវឌ្ឍន៍ និងអភិរក្ស ដំណើរការទៅមានភាពរលូន រួមចំណែកកាត់បន្ថយភាពក្រីក្រទៅបាននោះ ប្រជាពលរដ្ឋត្រូវបន្តចូលរួមគាំទ្រ ដល់ប្រមុខរាជរដ្ឋាភិបាល​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកបានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់​ ត្រូវថែរក្សាសមិទ្ធិផលនេះ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយទៀត និងសម្រាប់បម្រើឲ្យសាសនា​ ព្រមទាំងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះ​ លោក​ កែវ​ រតនៈ​ និងលោក​ រូហ្វី​ អូស្មាន​ បានឧបត្ថម្ភថវិកា៣ពាន់ដុល្លារ​ សម្រាប់​ការចំណាយកសាង​ ព្រមទាំងបានកាត់ខ្សែបូរណ៌​ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម​ និងចែកមុងជូនប្រជាពលរដ្ឋ​ដែលបានចូលរួម​ ចំនួន៨៥០មុងផងដែរ៕