ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តបន្ទាយមានជ័យ ពិនិត្យមើលស្ថានភាពទឹកនៅប៉ោយប៉ែត និងផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋលើទួលសុវត្ថិភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 31

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការយោធាខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីចាត់វិធានការកាយបើកមុខទឹករំដោះទឹកភ្លៀងជន់លិច ផ្លូវ និងតំបន់ប្រជាពលរដ្ឋរស់នៅក្បែមាត់អូរព្រំដែនមួយចំនួន។

ក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បានផ្តល់ស្បៀងអាហារ មានអង្ករ ទឹកសុីអុីវ ទឹកត្រី និងទឹកបរិសុទ្ធជូនបងប្អូនប្រជាពលរដ្ឋ ប្រមាណ ៧០គ្រួសារ ដែលមករស់នៅលើទីកន្លែងទួលសុវត្ថិភាពដែលក្រុមការងារក្រុង/សង្កាត់បានរៀបចំចំនួន ៣ទីតាំង ។

លោក អ៊ុ រាត្រី បានបញ្ជាក់ថា ស្ថានភាពទូទៅក្នុងក្របខណ្ឌទូទាំងខេត្តបន្ទាយមានជ័យ ស្ថានភាពទឹកមិនទាន់មានបញ្ហាបង្ករអោយជន់លិចធ្ងន់ធ្ងរនោះ ស្ថានភាពទឹកមានការហក់ឡើងខ្លាំង ក្នុងតំបន់មួយចំនួន ក្នុងរយៈពេល២សប្តាហ៍នេះ ដោយរបាយទឹកភ្លៀងធ្លាក់រាយប៉ាយ បង្ករឲ្យមានការឡើងជន់លិចផ្លូវ សាលារៀន ដំណាំរួមផ្សំ កសិកម្មតិចតូច និងលិចក្រោមផ្ទះសម្បែងប្រជាពលរដ្ឋរស់នៅតំបន់ទំនាប ជាប់មាត់ស្ទឹង អូរជាដើម។

ជាមួយគ្នានោះ លោកអភិបាលខេត្តក៍បានអំពាវនាវ ដល់ថ្នាក់ដឹកនាំមន្ត្រីមូលដ្ឋានអាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមលក្ខណៈ ទាំងសម្ភារៈ កងកម្លាំងដើម្បីត្រៀមចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ ក្នុងករណីកើតមានទឹកជំនន់ធ្ងន់ធ្ងរជាយថាហេតុណាមួយកើតឡើង។ដោយឡែកពុកម៉ែប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពផ្ទាល់ខ្លួនពីគ្រោះដោយប្រការណាមួយនោះ។
សម្រាប់បងប្អូនរស់នៅលើទីទួលសុវត្ថិភាព សូមរក្សាអនាម័យ និងគោរពវិធានការ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួន៕

អត្ថបទទាក់ទង