ខ្មែរប៉ុស្ដិ៍ Close

ប្រមុខការទូតចិន បានចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ ប្រកបដោយផ្លែផ្កា និងស្អិតល្មួត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 26
ប្រមុខការទូតចិន បានចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ ប្រកបដោយផ្លែផ្កា និងស្អិតល្មួត ប្រមុខការទូតចិន បានចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ ប្រកបដោយផ្លែផ្កា និងស្អិតល្មួត

លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានចាកចេញពីប្រទេសកម្ពុជាហើយ នៅម៉ោង៩ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចប្រកបដោយផ្លែផ្កា និងមិត្តភាពស្អិតល្មួត រយៈពេល២ថ្ងៃ ។

នៅអំឡុងបំពេញទស្សនកិច្ចនេះ លោក វ៉ាង យី មានកម្មវិធីសំខាន់ៗមួយចំនួន រួមមាន ជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន, អញ្ជើញជាអធិបតីជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចូលរួមពិធីប្រគល់-ទទួល ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ចិនជូនកម្ពុជា, ចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន និងអញ្ជើញជាអធិបតីរួមគ្នាជាមួយសម្តេច ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៦ផងដែរ។

លោកបានជួបទទួលទានអាហារការងារពេលព្រឹកជាមួយ មន្រ្តីជាន់ខ្ពស់កម្ពុជាដែលរួមមាន៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណការ និងដឹកជញ្ជូន, លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

អំឡុងពេលទស្សនកិច្ចរបស់ លោក វ៉ាង យី កម្ពុជាទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ជាពហុកីឡាដ្ឋានខ្នាតយក្សដ៏ធំមិនធ្លាប់មាន ដែលជាជំនួយរបស់ចិនដល់កម្ពុជា រួមទាំងការចុះហត្ថលេខាលើឯកសារចំនួន៦ជាមួយភាគីចិន ទាក់ទឹងនឹងវិស័យសុខាភិបាល ដោះមីន និងកិច្ចសហប្រតិបត្តិការ។ បន្ថែមពីនេះ ភាគីចិនបានផ្តល់ជំនួយឥតសំណងដល់កម្ពុជាប្រមានជាង២៧០លានដុល្លារ និងបានប្រកាសផ្តល់ជំនួយវ៉ាក់សាំង៣លានដូសថែមទៀត ជូនដល់រាជរដ្ឋាភិលកម្ពុជា ដើម្បីចាក់ដូសទី៣ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃថែមទៀត។ ចិនបានសន្យាជួយទិញ និងបង្កើតទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា ហើយភាគីទាំងពីរបានបង្ហើរសំឡេងជូនពរដ៏ពិរោះឱ្យទំនាក់ទំនងកម្ពុជា-ចិន ក្នុងនាមជាមិត្តដែកថែប បន្តឋិតឋេរជាអមតៈ។

សូមបញ្ជាក់ថា លោក វ៉ាង យី បានមកដល់កម្ពុជាកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ តាមតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជា។ បន្ទាប់ពីចាកចេញពីកម្ពុជា លោកនឹងបន្តដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូងផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី មកកាន់កម្ពុជាលើកនេះ បានបន្តពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន៕ Fresh News

អត្ថបទទាក់ទង