ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តពោធិ៍សាត់៖ អតីតយុទ្ធជន ដែលចូលមករស់នៅ និងធ្វើការដាំដុះ នៅទីតាំងសម្បទានដីសង្គមកិច្ចដំណាក់ត្រយឹង នឹងទទួលបានស្បៀងអាហារជួយទ្រទ្រង់ រហូតដំណាច់ឆ្នាំ២០២១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 47

លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកស្បៀងអាហារប្រចាំខែ ដើម្បីជួយទ្រទ្រង់ការរស់នៅ របស់អតីតយុទ្ធជនក្រីក្រ និងពិការភាព ជិត៣០០គ្រួសារ ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួច នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងនាមប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត លោក ម៉ៅ ធនិន បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា និងលោក គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះគ្រួសារអតីតយុទ្ធទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ពលីកម្មជូនជាតិមាតុភូមិ រហូតទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃ។

ជាការពិតណាស់ថា ទីតាំងសម្បទានដីសង្គមកិច្ចនេះ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនបងប្អូនអតីតយុទ្ធជនយើងម្តងរួចមកហើយ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅដ្ឋាន និងដីកសិកម្ម ទំហំ៧០x១៥០ម៉ែត្រ។ ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងសប្បុរសជន ក៏បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលខ្វះខាត និងមានពិការភាពទាំង ៦២៨គ្រួសារនេះផងដែរ។ បច្ចុប្បន្នផ្ទះបានសាងសង់ជិតរួចរាល់ហើយ ក្នុងនោះ៥០ខ្នង ត្រូវបានប្រគល់-ទទួល ជំហាន១ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ និង២៥០ខ្នងទៀត ត្រូវបានប្រគល់-ទទួល ជំហាន២ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១កន្លងទៅផងដែរ។

លោកបានបន្តថា បើទោះបីជាទីតាំងលំនៅថ្មី ដែលជាជម្រកកក់ក្តៅរបស់អតីតយុទ្ធជន នៅទីតាំងនេះ មិនទាន់រៀបចំរួចរាល់ជាស្ថាពរក្តី តែក៏មានគ្រួសារអតីតយុទ្ធជន បានចូលមករស់នៅ និងធ្វើការដាំដុះជាបណ្តើរៗ ជាក់ស្តែងនាថ្ងៃនេះមានចំនួន២៧៨គ្រួសារ បានមកទទួលស្បៀងអាហារ ដើម្បីជួយទ្រទ្រង់ការរស់នៅ ពីសំណាក់ឯកឧត្តមផ្ទាល់ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម និងមី១កេស។

ការផ្តល់ជូននេះមានរយៈពេល១ឆ្នាំពេញ គឺដើម្បីធានាថា ក្រុមគ្រួសារអតីតយុទ្ធជននឹងមិនជួបការខ្វះខាតក្នុងជីវភាព និងដើម្បីឆ្លើយតប ទៅនឹងការក្រើនរំលឹករបស់សម្តេចទាំងទ្វេរ ដែលចាត់ឱ្យលោក និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ត្រូវចុះជាប់ជាប្រចាំ ដើម្បីស្វែងយល់ពីសុខទុក្ខ និងរៀបចំលំនៅដ្ឋានជូនពួកគាត់ ឱ្យមានសព្វគ្រប់បែបយ៉ាង ដូចលំនៅដ្ឋានយើងរស់នៅសព្វថ្ងៃ។

លោក ម៉ៅ ធនិន ក៏បានអំពាវនាវដល់អតីតយុទ្ធជន និងគ្រួសារ ត្រូវខិតខំរៀបចំតុបតែងលំនៅដ្ឋានរៀងៗខ្លួន ឱ្យបានស្អាតល្អ ព្រមទាំងបន្តចិញ្ចឹមសត្វ និងដាំដុះដំណាំកសិកម្មផ្សេងៗ នៅលើដីអំណោយផលខ្ពស់នេះឱ្យបានច្រើន ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងចូលរួមប្រឡងប្រណាំង យករង្វាន់ម៉ូតូ ដែលនឹងផ្តល់ជូនតាមរយៈលោកផ្ទាល់ ក្នុងឆ្នាំនេះ។ ទន្ទឹមនឹងការអំពាវនាវខាងលើ លោកក៏មានគម្រោងរៀបចំទីផ្សារកសិផលមួយនៅទីនេះ ដែលតម្រូវឱ្យគ្រួសារបងប្អូនអតីតយុទ្ធជនយើង ធ្វើការដាំដុះបន្លែសុវត្ថិភាពជាក្រុមៗ ដើម្បីមានលទ្ធភាពផ្គត់ផ្គង់ក្នុងមូលដ្ឋាន និងឈានទៅផ្គត់ផ្គង់ សម្រាប់ទីផ្សារក្នុងខេត្ត និងក្រៅខេត្តផងដែរ។

ក្នុងឱកាសនោះ លោកក៏បានចុះពិនិត្យដំណើរការសាងសង់ផ្ទះ និងពិនិត្យការដ្ឋានសាងសង់មណ្ឌលសុខភាព និងសាលារៀន ដើម្បីពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ឱ្យបានលេចចេញជារូបរាងឡើង ក្នុងពេលដ៏ខ្លីខាងមុខ៕

អត្ថបទទាក់ទង