ខ្មែរប៉ុស្ដិ៍ Close

ខែសីហា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៧៤សំណើ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 215

លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំខែសីហា ក្នុងឆ្នាំ២០២១ បានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចទាំង៥ស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន១២៣សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៧៤សំណើ។

ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន០៩សំណើ ស្រុកអង្គរធំបានចំនួន១២សំណើ ស្រុកពួកបានចំនួន០៨សំណើ ក្រុងសៀមរាបបានចំនួន២៥សំណើ និងស្រុកបន្ទាយស្រីបានចំនួន១៨សំណើ ក្រៅឧទ្យានអង្គរបានចំនួន០២សំណើ សរុបចំនួន៧៤សំណើ។

ក្រៅពីនោះ ក្រុមការងារសហគមន៍បានចូលរួមក្នុងកិច្ចការមនុស្សធម៌ ជួយឧបត្ថម្ភជាសម្ភារៈប្រើប្រាស់ រួមទាំងថវិកាជូនគ្រួសារដែលរងគ្រោះធម្មជាតិ ចាស់ជរា កុមារមានជំងឺ ជនពិការ គ្រួសារខ្វះខាតមួយចំនួន កិច្ចការសាសនា និងកម្មវិធីផ្សេងៗនៅក្នុងសហគមន៍ ថែមទាំងសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយសំណើតាមភូមិទាំង១១២ភូមិក្នុងឧទ្យានអង្គរ។

ជាគោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរឱ្យកាន់តែមានប្រសិទ្ធិភាពទាន់ពេលវេលា។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕

អត្ថបទ៖ លោក យី សុថា
រូបភាព៖ ក្រុមការងារសហគមន៍

អត្ថបទទាក់ទង