កម្មវិធីសម្ដែងសិល្បៈ «រាត្រីចងចាំ» ប្រព្រឹត្តទៅយ៉ាងអធឹកអធមនៅព្រះលានជល់ដំរី លើទឹកដីអង្គរ
កម្មវិធីសម្ដែងសិល្បៈ «រាត្រីចងចាំ» ដើម្បីអបអរខួបមួយឆ្នាំក្នុងការចុះបញ្ជីល្ខោនខោលចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ឆ្នាំ២០១៨-២៨ វិច្ឆិកា ឆ្នាំ២០១៩ នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប មន្រ្តីអាជ្ញាធរជាតិអប្សរា ព្រមទាំងមហាជនជាទេសចរជាតិ-អន្ដរជាតិ ចូលរួមទស្សនាយ៉ាងច្រើនកុះករ។
ក្នុងពិធីដ៏មានសារសំខាន់នេះ លោកស្រី ភឿង សកុណា បានថ្លែងថា កម្មវិធីនៅពេលនេះផ្តោតទៅលើសម្បត្តិបេតិកភណ្ឌអរូបីរបស់មួយចំនួន ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ រួមមានរបាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ និងចាប៉ីដងវែង។ ដោយឡែក ការរៀបចំរាត្រីចងចាំនៅព្រះលានជល់ដំរីនៅលើទឹកដីអង្គរ អតីតបេះដូងនៃមហានគរខ្មែរ ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរដើម្បីបំផុសឡើងវិញឱ្យកូនខ្មែរទាំងអស់ដឹងអំពីទេពកោសល្យ ការច្នៃប្រឌិតពីបញ្ញាញាណរបស់ដូនតាយើង។
លោកស្រីរដ្ឋមន្រ្តី បញ្ជាក់បន្ថែមជាពិសេសកម្មវិធីនេះក៏បានបង្ហាញពីកម្លាំងរួបរួមរបស់ជាតិខ្មែរ ហើយកាលណាយើងរួមគ្នា គឺយើងអាចធ្វើបាន។ លោកជំទាវ បានអំពាវនាវឱ្យបន្តស្មារតីទៅមុខទៀត ហើយគ្មានអ្វីដែលថែបានល្អជាងប្រជាជនខ្លួនឯង ហើយគ្មានអ្វីដែលអាចថែបានល្អជាងយុវជនជំនាន់ក្រោយទេ ដើម្បីថែរក្សាសម្បត្តិបេតិកភណ្ឌដែលដូនតាប្រឹងបង្កើតឡើងទុកទៅអ្នកជំនាន់ក្រោយៗទៀត។
បន្ថែមពីនេះ លោកស្រី ក៏បានបង្ហាញនូវបំណងក្នុងការឲ្យមានការបំផុសចលនាចូលរួមផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌របស់ជាតិខ្មែរឱ្យកាន់តែមានភាពល្បីរន្ទឺក្នុងកម្រិតជាតិ និងអន្តរជាតិ។
ជាមួយគ្នានោះ លោកស្រីរដ្ឋមន្រ្តីក៏បានថ្លែងអរគុណដល់ក្រសួងស្ថាប័នមួយចំនួនដែលសហការចូលរួមក្នុងកម្មវិធីនេះ និងបង្ហាញអារម្មណ៍រីករាយជាពន់ពេកពេលឃើញមហាជនចូលរួមទស្សនាយ៉ាងច្រើនកុះករ ដែលឆ្លុះបញ្ចាំងនូវស្មារតីរួបរួមជាតិ ស្រឡាញ់ និងមានមោទនភាពចំពោះបេតិកភណ្ឌវប្បធម៌ជាតិរបស់ខ្លួន៕