ខ្មែរប៉ុស្ដិ៍ Close

អ្នកវិភាគចៅចាក់ស្មុក៖ ទណ្ឌិតរត់ចោលគុក សម រង្ស៉ី កំពុងខ្មាសខ្លួនឯង និងខ្មាសប្រជាពលរដ្ឋខ្មែរ ក្រោយប្រើល្បិចកលបង្កើតព័ត៌មានក្លែងក្លាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 52

ទំនងជាទណ្ឌិតរត់ចោលគុក សម រង្ស៉ី ដឹងថាជីវិតនយោបាយរបស់ខ្លួនត្រូវបានបញ្ចប់ទាំងស្រុងហើយ បានជាព្យាយាមគ្រប់បែបយ៉ាងដើម្បីស្តារឡើងវិញ តែហាក់ដូចជាគ្មានយីអ៊ុនឡើងបន្តិចសោះ មានតែយីអ៊ុនដាក់អារក្ខជាន់ ធ្លាក់ដុនដាបថែមទៀត។ សម រង្ស៉ី បានប្រែក្លាយពីអ្នកនយោបាយមកជាអ្នកនយោបោក ដើរបោកប្រាស់គេឯងគ្រប់ទិសទី ហើយចុងក្រោយនេះ អ្នកនយោបាយអស់លក្ខណ៍ម្នាក់នេះ បានប្រើល្បិចកលថោកទាបមួយបង្កើតព័ត៌មានក្លែងក្លាយ ទាក់ទងនឹងវត្តមានសម្តេចក្រឡាហោម ស ខេង ទស្សនកិច្ចលក្ខណៈជាឯកជននៅប្រទេសបារាំង ដោយឱ្យបក្ខពួកខ្លួនផ្សព្វផ្សាយលើបណ្តាញសង្គមថា «សម្តេចក្រឡាហោម ស ខេង ជួបជាមួយលោក សម រង្ស៉ី សម្រេចបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ»។

ព័ត៌មានមិនពិតនេះក៏ត្រូវបានទណ្ឌិតរត់ចោលគុក និងគូកនដែលជាអ្នកនយោបាយអង្ករកំប៉ុងដូចជាជនញៀនល្បែង អេង ឆៃអ៊ាង ចែកចាយដែរ។ ព័ត៌មានក្លែងក្លាយដែលមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃបានចេញមកទាត់ចោលភ្លាមៗ ហើយសមត្ថកិច្ចបាននិងកំពុងវែករកមុខអ្នកចែកចាយ។

នេះជាភាពទ័លច្រករបស់អ្នកនយោបាយអង្ករកំប៉ុង ដែលកំពុងតែត្រូវបាត់បង់អាជីពនយោបាយ បែកបាក់ក្រុមខ្ទេចខ្ទី បាត់បង់ការគាំទ្រពីចៅហ្វាយនាយបរទេស ហើយពលរដ្ឋខ្មែរគ្មានជំនឿលើពួកគេទៀត។ ការធ្វើនយោបាយរវើរវាយបែបបែកថ្នាំរបស់ សម រង្ស៉ី និងបក្ខពួក បាននិងកំពុងបំផ្លាញខ្លួនឯងយ៉ាងពិតប្រាកដ ហើយការបង្កើតព័ត៌មានក្លែងក្លាយ ដោយយកឈ្មោះសម្តេចក្រឡាហោម ស ខេង ទៅប្រើប្រាស់ជាការប្រើល្បិចហួសសម័យ និងបែបកូនក្មេងបៀមដៃ គ្មាននរណាជឿឡើយ។

តាមពិតនេះគឺជាល្បិច ដែល សម រង្ស៊ី និងគូកនព្យាយាមម្តងហើយម្តងទៀតបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា តែពួកគេពិតជាស្គាល់គណបក្សប្រជាជនកម្ពុជា តិចតួចពេកហើយ។ ពួកគេពិតជាយល់ច្រឡំថា គណបក្សប្រជាជននិងថ្នាក់ដឹកនាំ គណបក្សប្រជាជនអាចងាយបំបែកបានតាមចិត្តចង់ និងមានភាពខ្សោយដូចក្រុមខ្លួន។ ល្បិចកលនេះពិតជាគ្មានប្រយោជន៍ឡើយ ហើយក៏គ្មានឥទ្ធិពល សូម្បីតែមួយចុងក្រចកមកលើគណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំបក្សនេះរួមនឹងសមាជិកសមាជិកា សកម្មជននិងអ្នកគាំទ្រ មានទំនុកចិត្តខ្ពស់ និងពោរពេញទៅដោយសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ប្រកបដោយភាពជឿជាក់ ទើបអាចឈរជើងរឹងមាំដឹកនាំប្រទេសចាប់តាំងពី ការតស៊ូផ្តួលរំលំរបបខ្មែរក្រហម ប្រល័យពូជសាសន៍ យកឈ្នះលើចលនាត្រីភាគីដែលមានសម រង្ស៉ី នៅក្នុងនោះដែរ និងរហូតដល់ រំលាយអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហមចាក់ឫស ក្នុងសង្គមកម្ពុជាជាងកន្លះសតវត្សរ៍នៅកម្ពុជា។ ដោយសារតែភាពរឹងមាំនិងការរួបរួមស្មាប្រកៀកស្មាគ្នានេះ ទើបធ្វើឱ្យគណបក្សប្រជាជនកម្ពុជា បានឈរយ៉ាងរឹងមាំក្នុងការដឹកនាំ ប្រទេសរយៈពេលជាង៤០ឆ្នាំមកនេះ និងបន្តរឹងមាំ និងរួមសាមគ្គីគ្នាដឹកនាំប្រទេសតទៅមុខទៀតតាមរយៈការបោះឆ្នោតសេរី ត្រឹមត្រូវនិងយុត្តិធម៌។ គ្មានគណបក្សណាមួយអាចជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយ។

សម រង្ស៉ី និងបក្ខពួកពិតជាអន់ជាងពលរដ្ឋសាមញ្ញទៅទៀត ហើយការបង្កើតព័ត៌មានក្លែងក្លាយរបស់ក្រុមជនក្បត់ជាតិ ក៏ជាសញ្ញាណបង្ហាញថា ជីវិតនយោបាយ សម រង្ស៉ី ពិតជាចប់ដោយបរិបូណ៌ ព្រោះបាននិងកំពុងកុហកពលរដ្ឋខ្មែរ និងបានប្រើប្រាស់ល្បិចទុច្ចរិតបង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដើម្បីផលប្រយោជន៍ក្រុមខ្លួន។ តែលទ្ធផលពិតជាមិនដូចពួកគេស្មានទុកឡើយ សម រង្ស៉ី និងបក្ខពួកបាននិងកំពុងទទួលភាពអាម៉ាស់បណ្តើរៗ ដែលជាផលនៃការបង្កើតព័ត៌មាន ក្លែងក្លាយ ហើយពួកគេនឹងខ្មាសខ្លួនឯង និងខ្មាសកាន់តែខ្លាំងនៅ ចំពោះមុខប្រជាពលរដ្ឋខ្មែរ។

ការធ្វើនយោបាយបែបកូនក្មេង បៀបដៃ និងគ្មានគោលជំហរ នយោបាយបាយបិណ្ឌជាបាយបាត្រនេះបានធ្វើឱ្យសម រង្ស៉ី ចាញ់នយោបាយបោសគូថខោ ចាញ់ទាំងការបោះឆ្នោតគ្រប់អាណត្តិ អស់ទាំងគណបក្សទៀត។ ចុងក្រោយ សម រង្ស៉ី ប្រើនយោបាយបោកប្រាសរាស្ត្រ ស៊ីដាច់លុយរៃអង្គាសពីរាស្ត្រ។ បើធ្វើ នយោបាយរបៀបនេះ តើនរណាទៅយកខ្លួនបៀតទៀតនោះ? សូម្បីតែសមាជិកបក្សខ្លួនគ្មានការគាំទ្រផង បែកបាក់ខ្ចាត់ខ្ចាយ តើនរណាទៅជឿលើខ្លួនទៀត។
សម រង្ស៉ី និងបក្ខពួកគួរមានភាពចាស់ទុំ នយោបាយព្រោះអាយុចាស់អស់ហើយ។ ថ្នាក់ដឹកនាំនិងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមិនមានទម្លាប់ចាក់អង្ករយកអង្កាមទេ ហើយកាន់តែមិនយកខ្លួនបៀត អ្នកនយោបាយសំរាមដូចសម រង្ស៉ី នេះ។

ល្បិចកលដែលបង្កើតពាក្យចចាមអារាមជុំវិញវត្តមាន សម្តេចក្រឡាហោម ស ខេង នៅប្រទេសបារាំងនេះ បង្ហាញពីភាពអស់លក្ខណ៍និងទ័លច្រករបស់ ក្រុមជនក្បត់ជាតិដឹកនាំដោយ សម រង្ស៉ី។ សម រង្ស៉ី ដែលពេលនេះ កំពុងតែខ្មាសខ្លួនឯងយ៉ាងខ្លាំងចំពោះទង្វើដ៏ថោកទាប នៃការបង្កើតព័ត៌មានក្លែងក្លាយនេះ ដែលខ្លួនមិននឹកស្មានថា ហេតុអ្វីខ្លួនភ្លីភ្លើទៅបង្កើតព័ត៌មាននេះទៅរួច។ តាមរយៈនេះ សម រង្ស៉ី អាចស្នើសុំការពិគ្រោះយោបល់ជាមួយគ្រូពេទ្យបារាំងផ្នែកចិត្តសាស្ត្រ ឬផ្នែកបញ្ញាស្មារតីបាន៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១

អត្ថបទទាក់ទង