ខ្មែរប៉ុស្ដិ៍ Close

ខុសពី​បស្ចិមប្រទេស​មួយចំនួន ហេតុអ្វី​មហាអំណាច ជប៉ុន មិន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​?

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី៣ ខែមិថុនា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 51
ខុសពី​បស្ចិមប្រទេស​មួយចំនួន ហេតុអ្វី​មហាអំណាច ជប៉ុន មិន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​? ខុសពី​បស្ចិមប្រទេស​មួយចំនួន ហេតុអ្វី​មហាអំណាច ជប៉ុន មិន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​?

ភ្នំពេញ​៖ បន្ទាប់ពី​គណបក្សកាន់អំណាច​ចោទថា រចនាសម្ព័ន្ធ​បក្សប្រឆាំង​មួយ​នេះ​មាន​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​បដិវត្តន៍​ពណ៌​។ សារព័ត៌មាន​បរទេស​មួយចំនួន​ត្រូវបាន​បិទទ្វារ​ក្រោម​ហេតុផល​ផ្លូវច្បាប់​ពន្ធដារ ឬ​អ្នកខ្លះ​ថា អាច​ជាប់​ពាក់ព័ន្ធ​ទៅនឹង​រឿង​នយោបាយ​។ នៅក្នុង​បរិបទ​ដ៏​តានតឹង​នេះ ប្រទេស​លោកខាងលិច​មួយ​ចំនួន​ថោ្ក​ល​ទោស​រដ្ឋាភិបាល​ភ្នំពេញ​។ តែ​ស្របពេល​ជាមួយគ្នា មហាអំណាច​ចិន រុស្ស៊ី និង​ជប៉ុន នៅតែ​បន្ត​គាំទ្រ​រដ្ឋាភិបាល​កម្ពុ​ជាដ​ដែល​។ ជំហរ​របស់​ចិន និង​រុស្ស៊ី មិនសូវ​ចម្លែក​ទេ​។ តែ​ចុះ​ហេតុអ្វី​មហាអំណាច​សេដ្ឋកិច្ច ជប៉ុន មិន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​? ហើយ​ផ្ទុយទៅវិញ ទីក្រុង​តូ​ក្យូ​នៅ​បន្ត​គាំទ្រ និង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​យ៉ាង​រលូន​?

​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​ភ្នំពេញ​បានចាប់ផ្តើម​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៥៣ ពោលគឺ​៦៥​ឆ្នាំ​គត់ បើ​គេ​គិត​ត្រឹម​ឆ្នាំ​២០១៨ នេះ​។ ចាប់តាំងពី​ឆ្នាំ​១៩៩២ រហូតដល់​ឆ្នាំ​២០១៨​នេះ ប្រទេស​ជប៉ុន​បាន​ផ្តល់ជំនួយ​អភិវឌ្ឍ​ប្រមាណ​ជាង​ពីរពាន់​លាន​ដុល្លារ​ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រសិនបើ​គេ​គិត​ត្រឹម​២៥​ឆ្នាំ​ចុង​ក្រោយនេះ ជប៉ុន​បាន​បោះទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​ជា​១៥០០​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នាពេល​កន្លងមក​។​

​ជប៉ុន បាន និង​កំពុង​បន្ត​បោះទុន​វិនិយោគ​ក្នុង​វិស័យ​ធនាគារ សណ្ឋាគារ ផ្សារ​ទំនើប អចលនទ្រព្យ​។​ល​។ អ្វីដែល​គេ​មើលឃើញ​ជាក់​នឹង​ភ្នែក គឺថា ជប៉ុន​បាន​បន្ត​យ៉ាង​សស្រាក់សស្រាំ​ផ្តល់ជំនួយ និង​កម្ចី​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ផ្លូវថ្នល់ និង​អគារ​មួយចំនួន​ផងដែរ​។

​ក្នុងចំណោម​ប្រទេស​ផ្តល់ជំនួយ​អភិវឌ្ឍ និង​កម្ចី​, ជប៉ុន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងចំណោម​ប្រទេស​នៅ​អឺរ៉ុប ចិន និង​អាមេរិក​។ នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ ជប៉ុន​អាច​ស្ថិតនៅក្នុង​លំដាប់​រៀងលេខ​ពីរ ឬ​ទី​៣ បន្ទាប់ពី​ប្រទេស​ចិន​ក្នុងការ​ផ្តល់ជំនួយ​អភិវឌ្ឍ ជំនួយឥតសំណង ឬ​កម្ចី​មកដល់​ប្រទេស​កម្ពុជា​។ សាធារណរដ្ឋ​ចិន​ប្រជា​មាន​និ​ត​ដែលជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​កម្ពុជា​កំពុង​ដើរតួ​ក្នុង​លំដាប់​លេខ​រៀង​ទីមួយ ទាំង​សម្រាប់​ជំនួយឥតសំណង ជំនួយ​អភិវឌ្ឍ និង​កម្ចី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ជំនួយ​របស់​ប្រទេស​ចិន គឺ​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ជារឿយៗ​ថា ជា​ជំនួយ​«​គ្មាន​លក្ខខណ្ឌ​» ពោល គឺ​មិន​ដូច​ជំនួយ​របស់​ប្រទេស​លោកខាងលិច​ឡើយ​។ ជំនួយ​នៃ​ប្រទេស​លោកខាងលិច និង​អឺរ៉ុប ដែល​ត្រូវ​ផ្តល់ជូន​ព្រះរាជាណាចក្រ​កម្ពុជា ច្រើនតែ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​នៃ​ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ជាដើម​។

​បើទោះបីជា​ប្រទេស​ចិន បន្ត​ឈោង​ចាប់​កម្ពុជា​យ៉ាងណាក្តី ក៏​ជប៉ុន​នៅតែ​ជា​ដៃគូ​មិនអាច​ខ្វះ​បាន​របស់​កម្ពុជា​ទាំង​ក្នុង​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល​ដែរ​។ អ្វីដែល​មតិ​ជាតិ និង​អន្តរជាតិ​កំពុង​ចោទសួរ​នៅពេលនេះ គឺថា ហេតុអ្វី​មហាអំណាច ជប៉ុន មិន​រិះគន់ និង​មិន​ប្រតិកម្ម​ចំពោះ​ការបាត់បង់​វត្តមាន​គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ​នៅ​កម្ពុជា​? មិន​ត្រឹមតែ​ប៉ុណ្ណោះ ជប៉ុន​ប្រកាស​បន្ត​ផ្តល់ជំនួយ​សម្រាប់​ដំណើរការ​នៃ​ស្ថាប័ន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត និង​ជំនួយ​នៅក្នុង​វិស័យ​ផ្សេងៗ ក្នុងខណៈ​ពេលដែល​សហ​រដ្ឋ​អាមេរិក និង​អឺរ៉ុប​ដក​ជំនួយ​របស់ខ្លួន​ចេញពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

​នៅ​ចំពោះមុខ​វិបត្តិ​នយោបាយ​កម្ពុជា​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​កន្លងមកនេះ ប្រទេស​ជប៉ុន​ដែល​ជាស​ម្ព័​ន្ធ​មិត្ត​របស់​សហរ​ដ្ឋ​អាមេរិក​ដែរនោះ បែរជា​បង្ហាញ​ជំហរ​អព្យាក្រឹត ហើយ​បន្ត​កិច្ចការងារ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុងខណៈពេល​អាមេរិក និង​ប្រទេស​អឺរ៉ុប​មួយចំនួន ថ្កោលទោស​រដ្ឋាភិបាល​ភ្នំពេញ​ក្នុង​សំណុំរឿង​រំលាយ​បក្សប្រឆាំង​។

​តើ​ហេតុអ្វី​មហាអំណាច ជប៉ុន ប្រកាន់យក​ជំហរ​បែបនេះ​?
​ហេតុផល​សាមញ្ញ​មួយ​ដែល​ត្រូវបាន​គេ​លើក​យកមក​សំអាង​នោះ គឺ​ដោយសារ​រដ្ឋាភិបាល​ជប៉ុន​ជឿជាក់​លើ​រាជរដ្ឋាភិបាល​ភ្នំពេញ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ម្យ៉ាងទៀត ប្រសិនបើ​គេ​និយាយ​ពី​ទ្រឹស្តី​ការទូត នៅក្នុង​ទំនាក់ទំនង​ការទូត គ្មាន​ឡើយ​សត្រូវ ផ្ទុយទៅវិញ ភាគី​នីមួយៗ​សម្លឹងមើល​ផលប្រយោជន៍​រៀងៗ​ខ្លួន​ប៉ុណ្ណោះ​។ និយាយ​បែប​ផ្សេង គឺថា ថ្នាក់ដឹកនាំ​ប្រទេស​នីមួយៗ ធ្វើការ​តែ​ជាមួយ​ថ្នាក់ដឹកនាំ​ដែល​គ្រប់គ្រង​ប្រទេស​ស្របច្បាប់ ឬ​ធ្វើការ​តែ​ជាមួយ​«​អ្នកឈ្នះ​»​ប៉ុណ្ណោះ​។ សម្រាប់​បរិបទ​កម្ពុជា ជប៉ុន​ប្រកាន់​ជំហរ​ខុសពី​ប្រទេស​លោកខាងលិច និង​អឺរ៉ុប ឬ​ខុសពី​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ផង​នោះ ក៏​ព្រោះតែ ជប៉ុន​យល់ឃើញថា គណបក្ស​ស្របច្បាប់​ដែល​កំពុងតែ​ដឹកនាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​។ នេះ គឺជា​ចំណុច​ទីមួយ​ដែល ជប៉ុន ត្រូវតែ​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដោយ​មិន​ងាករេ រាប់​ចាប់តាំងពី​កិច្ចការ​មនុស្សធម៌ សិក្សាធិការ ជំនួញ កម្ចី​អភិវឌ្ឍ និង​កិច្ចការ​ទំនាក់ទំនង​ការទូត​។

​ជប៉ុន ត្រូវបាន​គេ​មើលឃើញថា ជា​ប្រទេស​មហាអំណាច​មួយ​ដែរ ដូច្នេះ គ្មាន​ប្រទេស​លោកខាងលិច​ណាមួយ​ហ៊ាន​រិះគន់​ជំហរ​របស់​ជប៉ុន ដែល​នៅ​បន្ត​គាំទ្រ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ឡើយ​។ ទំនាក់ទំនង​មនុស្សធម៌ ជំនួញ កម្ចី​អភិវឌ្ឍ ជំនួយឥតសំណង ពា​ណិ​ជ្ចក​ម្ម រវាង​កម្ពុជា និង​ជប៉ុន គឺជា​រឿង​មួយ​ដែល​គេ​មិនអាច​មើលរំលង​បានឡើយ​។ ប៉ុន្តែ មូលហេតុ​មួយទៀត ដែល​មហាអំណាច​ជប៉ុន​មិន​ចង់​ដោះដៃ​ពី​កម្ពុជា​នោះ ក៏​ព្រោះតែ​ការវិវត្ត​ថ្មីៗ​នៃ​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី និយាយ​ជារួម និង​នៅក្នុង​តំបន់​អាស៊ាន​និយាយ​ដោយឡែក​។ នៅក្នុង​តំបន់​អាស៊ាន កម្ពុជា មិនមែនជា​ដៃគូ​ពិសេស​ដាច់ដោយឡែក​រប​ស់ជ​ប៉ុន​ទេ តាមពិត ជប៉ុន បន្ត​កិច្ច​សហប្រតិបត្តិ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​ហ្វីលីពីន វៀតណាម និង​ថៃ បើទោះបីជា​ប្រទេស​ទាំងនេះ​ត្រូវបាន​គេ​រិះគន់​ពី​ការស្រុតចុះ​នៃ​តម្លៃ​ប្រជាធិបតេយ្យ​យ៉ាងណាក្តី​។

ងាក​មក​និយាយ​ពី​ឥទ្ធិពល​នៃ​ប្រទេស​ចិន​វិញ ក្រោម​គោលនយោបាយ​ខ្សែក្រវាត់​មួយ​វិថី​មួយ សាធារណៈរដ្ឋ​ប្រជាមានិត​ចិន កំពុង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​គ្រប់​ទ្វីប​លើ​ពិភពលោក ក្នុងនោះ ប្រទេស​កម្ពុជា​ក៏​ជា​ផ្នែក​សំខាន់​មួយ​របស់​មហា​យក្ស​ចិន នាពេល​អនាគត​ផងដែរ​។ លើសពីនេះទៅទៀត ទំនាក់ទំនង​ការទូត​រវាង​សាធារណៈរដ្ឋ​ប្រជា​មាន​និ​ត​ចិន និង​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​កម្រិត​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​និង​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​។ មិនមែន​ត្រឹមតែ​ក្របខណ្ឌ​អាស៊ាន​ប៉ុណ្ណោះ​ទេ​ដែល​ចិន​ត្រូវការ​ប្រទេស​កម្ពុជា​នោះ សូម្បីតែ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ក៏​ប្រទេស​ចិន ត្រូវការ​ទម្ងន់​របស់​កម្ពុជា​ដែរ​។ នាពេល​ចុង​ក្រោយនេះ ប្រទេស​ចិន​ឈរ​នៅ​លេខ​រៀង​ទីមួយ​ក្នុងចំណោម​អ្នកវិនិយោគ​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​។ ដូចគ្នា​ដែរ នៅក្នុង​វិស័យ​ជំនួយ និង​កម្ចី​អភិវឌ្ឍ​។ បើតាម​របាយការណ៍​ស្រាវជ្រាវ Aid Data ចាប់ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១៤ កម្ពុជា​បានទទួល​ជំនួយ​អភិវឌ្ឍ​ពី​ចិន​ក្នុង​ទំហំ​ប្រហែក​បី​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ ខណៈដែល ចិន​ផ្តល់​កម្ចី​ដល់​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​ជិត​បី​ពាន់​លាន​ដុល្លារ ។

​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បាន​មើលឃើញថា ការពង្រីក​ឥទ្ធិពល និង​វត្តមាន​ចិន ទាំង​សេដ្ឋកិច្ច និង​នយោបាយ​នៅក្នុង​អាស៊ី ជាពិសេស​នៅ​កម្ពុជា បានធ្វើ​ឲ្យ​ជប៉ុន​ព្រួយបារម្ភ​ខ្លាំង​។ ចង់ ឬ​មិន​ចង់ ជប៉ុន​ត្រូវតែ​បន្ត​ពង្រីក និង​ពង្រឹង​ទំ​ទាក់​ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស​មួយចំនួនធំ​នៅ​អាស៊ាន ហើយ​ក្នុងនោះ ក៏មាន​កម្ពុជា​ផងដែរ​។ អ្នកវិភាគ​ខ្លះ មើលឃើញថា អាមេរិក និង​ចិន កំពុងតែ​ពង្រីក និង​ប្រជែង​ឥទ្ធិពល​រៀងៗ​ខ្លួន​នៅក្នុង​តំបន់​អាស៊ី ហើយ ជប៉ុន ក្នុងនាម​ជា​ប្រទេស​មហាអំណាច​មួយ​ផងដែរ​នោះ ក៏​កំពុង​ព្រួយបារម្ភ​ពី​ការបាត់បង់​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ី​ដែរ​។

​ហេតុផល​មួយ​ផ្សេងទៀត​ដែល​ជប៉ុន​មិនសូវ​ដាក់​សម្ពាធ​លើ​ប្រទេសមួយ​ចំនួន​នោះ ព្រោះ ប្រទេស​ជប៉ុន​មិនមាន​ក្រុម​បញ្ចុះបញ្ចូល (lobby groups) ដែលមាន​និន្នាការ​គាំទ្រ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ខ្លាំង​ដូច​នៅ​អឺរ៉ុប និង​អាមេរិក​ឡើយ​។ ហេតុនេះហើយ រដ្ឋាភិបាល​ជប៉ុន​អាច​រក្សា​ជំហរ​ផ្ទាល់ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាមួយ​រដ្ឋាភិបាល​ដទៃ ដោយ​មិន​រង​សម្ពាធ ឬ​ឥទ្ធិពល​ខ្លាំង​ពី​ក្រុម​ណាមួយ​ឡើយ​។

​ដោយសារតែ​ហេតុផល​ខាងលើ​នេះហើយ ទើប ជប៉ុន បន្ត​គាំទ្រ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្រុងភ្នំពេញ និង​មិន​បង្ហាញ​ជំហរ​រឹងត្អឹង​ដាក់​កម្ពុជា​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស ឬ​ប្រជាធិបតេយ្យ​ឡើយ​។ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា តម្លៃ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅតែ​បន្ត​ស្ថិតនៅ​ក្នុងសង្គម​កម្ពុជា​ជានិច្ច និង​ដោយ​គ្មាន​ការផ្លាស់ប្តូរ​ឡើយ​។

​បើទោះបីជា​គេ​មើលឃើញថា ជប៉ុន ហាក់បីដូច​ជាមាន​ជំហរ​ទន់ភ្លន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាងណាក្តី ក៏​គេ​នៅតែ​ជឿជាក់ថា ជប៉ុន​នៅមាន​ឥទ្ធិពល និង​មាន​ទឹកមាត់ប្រៃ​ខ្លះ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដោយ​ជប៉ុន​បានលើកឡើង​ពី​កង្វល់​របស់ខ្លួន​ជុំវិញ​ការវិវត្តន៍​នៃ​ស្ថានការណ៍​នយោបាយ​ចុងក្រោយ​របស់​កម្ពុជា​។ ដូច​ឃើញស្រាប់ ជប៉ុន​នៅតែ​បន្ត​អំពាវនាវ​ក្នុង​ជំហរ​ទន់ភ្លន់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ប្រកបដោយ​ភាពត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព​៕

​ទស្សន​ខាងលើ​មិនមែនជា​ជំហរ​របស់​ស្ថាប័ន​ឡើយ តែ​ជាការ​បញ្ចេញមតិ​ផ្ទាល់​របស់​អ្នកនិពន្ធ​

ដោយ សៅ ផលនិស្ស័យ និងគី សុខលីម

អត្ថបទទាក់ទង