ក្រសួងសុខាភិបាល ណែនាំឱ្យឱសថស្ថានទាំងអស់ លក់ឧបករណ៍តេស្ដរហ័សដែលទទួលស្គាល់ដោយក្រសួង ក្នុងតម្លៃសមស្រប
ដើម្បីផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋក្នុងការទិញឧបករណ៍តេស្តរហ័ស ក្នុងការធ្វើតេស្តផ្ទាល់ខ្លួន រូមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានប្រកាសឱ្យឱសថស្ថានទាំងអស់ ត្រូវលក់ឧបកណ៍តេស្តរហ័ស ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល ក្នុងតម្លៃសមរម្យជូនប្រជាពលរដ្ឋ។
យោងតាមសារាចរណែនាំរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈប្រតិបត្តិ នៃគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានណែនាំឱសថស្ថាន និងឱសថស្ថានរង ត្រូវលក់ឧបករណ៍តេស្ដរហ័ស ក្នុងតម្លៃសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញយកមកធ្វើតេស្តខ្លួនឯង។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «ឱសថស្ថាន និងឱសថស្ថានរង ត្រូវលក់ឧបករណ៍តេស្ដរហ័សក្នុងតម្លៃសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញយកមកធ្វើតេស្ត ដោយមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ ដោយក្រុមការងារ សិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩»។
លោកបានបន្ដថា មូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ ត្រូវប្រើប្រាស់ឧបករណ៍តេស្គរហ័សផ្តល់ជូនដោយក្រសួងសុខាភិបាល។ សមត្ថកិច្ចពាក់ព័ន្ធត្រូវគ្រប់គ្រង និងត្រួតពិនិត្យឱ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់កុំឱ្យឧបករណ៍របស់រដ្ឋមាននៅលើទីផ្សារ។
លើសពីនេះ លោកក៏បានណែនាំឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តលក់ឧបករណ៍តេស្ដរហ័ស ២ខែទៀត ដើម្បីធ្វើឱ្យមានភាពសម្បូរ និងបន្សាំទៅនឹងតម្លៃទីផ្សារ។ បន្ទាប់មកក្រសួងនឹងផ្ទេរការងារនេះ ឱ្យទៅអង្គភាពណាមួយទទួលខុសត្រូវបន្ត ឬទុកលទ្ធភាពឱ្យក្រុមហ៊ុន ធ្វើអាជីវកម្មក្នុងតម្លៃសមស្រប៕
ប្រភព៖ AKP