ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធនធានទឹកប្រាប់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 24
ក្រសួងធនធានទឹកប្រាប់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ក្រសួងធនធានទឹកប្រាប់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់

ក្រសួងធនធានទឹកនិងឧតុនិយម បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់កន្រ្តាក់ និងថែរក្សាសុខភាព ចាប់ពីថ្ងៃទី ១១ ដល់ ១៧ ខែសីហា ឆ្នាំ២០២១ ដើម្បីបញ្ចៀសផលប៉ះពាល់នានាដែលកើតមានឡើងជាយថាហេតុ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលវិទ្យុជាតិកម្ពុជា ទទួលបាន ឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បានទទួលឥទ្ធិពល ពីខ្យល់មូសុងនិរតីខ្សោយ ។

ក្នុងនោះនៅ ថ្ងៃទី១១ដល់១២ខែសីហា ទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាបពីប្រទេសចិន និងនៅថ្ងៃទី១៣ដល់១៦ ខែសីហា ទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ និងប្រទេសវៀតណាម ។

ផ្អែកតាមស្ថានភាពបែបនេះនឹងធ្វើឱ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី ២៤ ទៅ២៦°C និងសីតុណ្ហភាពអតិបរមា មានពី ៣៣ទៅ៣៥°C ហើយអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្នុងនោះក៏នឹងមានផ្នែកខ្លះនៃបណ្តាខេត្តនៅភាគកណ្តាល និងភាគខាងត្បូង នឹងអាចមានភ្លៀងធ្លាក់ច្រើន ។

ចំណែកឯបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៣ទៅ២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១ទៅ៣៣°C ហើយអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ។ រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣ទៅ២៥°C និងសីតុណ្ហភាពអតិបរមា មានពី ៣១ទៅ៣៣°C ហើយអាច នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

ដោយយោងតាមស្ថានភាពអាកាសធាតុបែបនេះ ក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវ ដល់សាធារណជន ប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀង ផ្គរ រន្ទះ លាយឡំ និងខ្យល់កន្ត្រាក់ ដើម្បីបញ្ចៀសផលប៉ៈពាល់និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕ AKP

អត្ថបទទាក់ទង