ខ្មែរប៉ុស្ដិ៍ Close

សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា សម្រួចគោលដៅដើម្បីឈានទៅប្រជែងមេដាយស៊ីហ្គេម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 45
សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា សម្រួចគោលដៅដើម្បីឈានទៅប្រជែងមេដាយស៊ីហ្គេម សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា សម្រួចគោលដៅដើម្បីឈានទៅប្រជែងមេដាយស៊ីហ្គេម

សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបង្ហាញទិសដៅចូលរួមប្រកួតប្រជែង នៅក្នុង ស៊ីហ្គេម ចំនួន២លើក គឺស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ និងត្រៀមឆ្ពោះ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដើម្បីដណ្តើមមេដាយជូនជាតិ មាតុភូមិ ព្រមទាំងពង្រឹងខ្លួនអាចចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍ អូឡាំពិកហ្គេម នាឆ្នាំ២០២៤ នៅប្រទេសបារាំង។

លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបង្ហាញនូវគោលដៅរបស់សហព័ន្ធថា សហព័ន្ធបាន ដាក់ចេញនូវផែនការយុទ្ធសាស្ត្រដ៏ធំចម្បងរបស់ខ្លួន ដោយធ្វើយ៉ាងណាសម្រួចគោលដៅដណ្តើមមេដាយឱ្យបាន១គ្រឿងជូនជាតិ ពីស៊ីហ្គេម នៅវៀតណាម និងបង្កើនកម្រិត សមត្ថភាពមន្រ្តីព័ត៌មានវិទ្យា ដើម្បីជួយកិច្ចការសហព័ន្ធ ក្នុងបំណងស្ថាបនាធនធានចៅក្រម អាជ្ញាកណ្តាល ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ។ ម្យ៉ាងទៀត សហព័ន្ធជំនាញមួយនេះ ក៏លើកកម្ពស់បន្ថែមដល់សមត្ថភាពអត្តព លិក ដើម្បីជាឱកាសចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍កីឡាកម្រិតខ្ពស់បំផុតរបស់ពិភពលោក គឺការប្រកួតកីឡាអូឡាំពិក នាឆ្នាំ២០២៤ នៅប្រទេសបារាំងទៀតផង។

លោក សំ សុខយី សង្កត់ធ្ងន់ថា ដើម្បីឱ្យគោលដៅទាំងអស់នេះអាចសម្រេចបានតាមផែនការរបស់ខ្លួន សហព័ន្ធបានដាក់ចេញនូវការពង្រឹងកម្មវិធីហ្វឹកហាត់ និងការប្រកួតក្នុងស្រុក និងការ បញ្ជូនអត្តពលិកទៅហ្វឹកហាត់ នៅក្រៅប្រទេស ពិសេសស្វែងរកអត្តពលិកកូនខ្មែរនៅក្រៅប្រទេស មកជួយជ្រោមជ្រែងដល់កម្ពុជា ក្នុងការ ប្រកួតប្រជែងដណ្តើមមេដាយ ពីការប្រកួតកម្រិតអន្តរជាតិនានា ជាពិសេសគឺស៊ីហ្គេមចំពោះមុខចំនួនពីរលើកនេះដែរ។

សូមរំឭកថា សហព័ន្ធកីឡាលើក ទម្ងន់កម្ពុជា ត្រូវបានបង្កើតឡើងអស់រយៈពេល៣ឆ្នាំមកហើយៗ មានក្លឹបជាសមាជិកក្រោមឱវាទចំនួន១០ នៅរាជធានី និងខេត្តមួយចំនួន។ បច្ចុប្បន្នសហព័ន្ធ មានកីឡាករ កីឡាការិនីជាប់ជាជម្រើសជាតិចំនួន៩នាក់ ដែល កំពុងហ្វឹកហាត់ត្រៀម ស៊ីហ្គេម នៅវៀតណាម ដែលម្ចាស់ផ្ទះមួយនេះបានស្នើសុំ និងបានឯក ភាពជាផ្លូវការពីក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ពន្យារពេលទៅធ្វើនាអំឡុងពាក់កណ្តាលឆ្នាំ២០២២ ខណៈស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវបាន CAMSOC បញ្ជាក់ជំហរយ៉ាងមុះមុតដោយភាពជឿជាក់ និងកំពុងប្រឹងប្រែងឆ្ពោះទៅប្រកបដោយក្តីសង្ឃឹមផងដែរ៕