បឹងលំកុដ នៅខេត្តរតនគិរី ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យកំណត់យកធ្វើជាតំបន់ការពារទេសភាព
បឹងលំកុដ ស្ថិតក្នុងភូមិសាស្ត្រឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ដែលមានផ្ទៃដីទំហំ ១១០,៩១ ហិកតា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យកំណត់ថាជា តំបន់ការពារទេសភាព។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងនៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៩ ថា បឹងលំកុដជាបឹងធម្មជាតិដែលសម្បូរដោយធនធានធម្មជាតិមានព្រៃឈើ សត្វព្រៃ និងទេសភាពល្អស្អាត និងប្រព័ន្ធអេកូឡូស៊ីសម្បូរបែបផ្សេងទៀត ហើយបច្ចុប្បន្ននេះ បាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ទៅកម្សាន្តនៅទីនោះ ហេតុដូច្នេះហើយបានជាក្រសួងបរិស្ថាន ស្នើសុំដាក់បឹងលំកុដនេះ ជាតំបន់ការពារទេសភាព។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការដាក់បឹងលំកុដនេះជាតំបន់ការពារទេសភាពនឹងជួយការពារតំបន់នេះពីការរុករានទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់ពីក្រុមជនខិលខូច និងអាចការពារបាននូវធនធានធម្មជាតិនៅតំបន់នេះ និងផ្តល់ផលប្រយោជន៍ផ្នែកអេកូទេសចរណ៍ដល់ប្រជាសហគមន៍នៅជុំវិញតំបន់នោះ។ ក្រសួង នឹងធ្វើការបោះបង្គោលកំណត់ព្រំឱ្យបានច្បាស់លាស់ ព្រមទាំងរៀបចំផែនការការពារ និងអភិរក្សតំបន់បឹងលំកុដនេះដោយក្នុងនោះមានមន្ត្រីឧទ្យានុរក្សដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃដោយខុសច្បាប់នៅក្នុងតំនន់នោះ។ ក្រសួងក៏ពង្រឹងពីតួនាទីរបស់សហគមន៍ ដើម្បីចូលរួមការពារ និងអភិរក្សបឹងលំកុដនេះជាប្រយោជន៍សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
លោក នេត្រ ភក្រ្តា បានថ្លែងថា អនុក្រឹត្យដាក់បឹងលំកុដជាតំបន់ការពារទេសភាពនេះមាន គោលបំណង ទី១- ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សាព័ន្ធមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌ ទី២- ថែរក្សាការពារលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ទី៣- ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ទី៤- លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរះមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ ជាដើម។
លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា បច្ចុប្បន្នប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមានតំបន់ការពារធម្មជាតិចំនួន និងរបៀងអភិរក្សជីវៈចម្រុះសរុបជិត ៦០កន្លែងមានផ្ទៃដីទំហំ ៧, ៥ លានហិកតា ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានចាត់វិធានការចាំបាច់នានា ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់តទៅទៀត៕
សូមអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៅខាងក្រោមដូចតទៅ៖