រដ្ឋមន្រ្តីក្រសួងកសិកម្មបង្ហាញពីភាគីពាក់ព័ន្ធក្នុងភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា លោកបានបង្ហាញពីភាគីពាក់ព័ន្ធ ក្នុងភារកិច្ចគ្រប់គ្រងទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីធានាការពារធនធានទាំងនេះឱ្យមាននិរន្តរភាព ជាប្រយោជន៍សម្រាប់មនុស្សជាតិនិងបរិស្ថាន។
លោករដ្ឋមន្រ្តីបានថ្លែងដូច្នេះ ដើម្បីបកស្រាយការយល់ច្រឡំរបស់អ្នកសារព័ត៌មាននិងសាធារណជនមួយចំនួន ចំពោះការគ្រប់គ្រងធនធានធម្មជាតិ បន្ទាប់ពីបានចុះផ្សាយអត្ថបទ និងធ្វើការបកស្រាយដាក់បន្ទុកមកលើក្រសួងកសិកម្ម លើការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសការបង្ក្រាបបទល្មើសព្រៃឈើនិងជលផល ដោយសារតែមិនបានតាមដាន និងសិក្សាឱ្យបានច្បាស់លាស់ ពីដំណើរការធ្វើកំណែទម្រង់របស់ប្រមុខរាជរដ្ឋាភិបាល ។
តាមហ្វេសប៊ុកផ្លូវការរបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា យោងតាមអនុក្រឹត្យ លេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។
លោកបន្តថា សារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ០៥ សជណ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ធ្វើនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦ បានសម្រចថា ប្រគល់សមត្ថកិច្ចដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីចាត់វិធានការឱ្យបានម៉ឺង ម៉ាត់ និងហ្មត់ចត់ ដូចខាងក្រោម ៖គ្រប់គ្រងរាល់សិប្បកម្មកែច្នៃ និងអាជីវកម្មធនធានព្រៃឈើ និងជលផលដែលមានច្បាប់ អនុញ្ញាត ព្រមទាំងទប់ស្កាត់ និងលុបបំបាត់សិប្បកម្មកែច្នៃ និងអាជីវកម្មធនធានព្រៃឈើ និង ជលផលដែលគ្មានច្បាប់អនុញ្ញាត ។
-ត្រួតពិនិត្យ និងចាត់វិធានការលុបបំបាត់ការដឹកជញ្ជូន និងការស្ដុកឈើគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចាត់វិធានការទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផលកែច្នៃពីឈើគ្រប់ប្រភេទ ព្រមទាំងសត្វព្រៃដែលគ្មានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ ទៅក្រៅប្រទេសតាមច្រកព្រំដែន និង តាមច្រករបៀង ។
-ដឹកនាំ សម្របសម្រួលអធិការ ខណ្ឌ ផ្នែក សង្កាត់រដ្ឋបាល ព្រៃឈើ អធិការខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលជលផល មន្ទីរបរិស្ថាន និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងឡាយ ដើម្បីធានាបាននូវ ការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយចាំបាច់នានាក្នុងការថែរក្សា និងការពារធនធានធម្មជាតិ ព្រមទាំងទប់ស្កាត់ និងបង្ក្រាបសកម្មភាព បទល្មើសនៅក្នុងតំបន់ការពារ និងអភិរក្សធម្មជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
– ធ្វើរបាយការណ៍បូកសរុបប្រចាំត្រីមាស ឬធ្វើរបាយការណ៍ ក្នុងករណីចាំបាច់ អំពីស្ថានភាព ការគ្រប់គ្រងតំបន់ការពារ និងអភិរក្សធម្មជាតិនានាដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជូនក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយត្រូវចម្លងជូនក្រសួងមហាផ្ទៃ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវធ្វើការបូកសរុបរបាយការណ៍ទាំងនេះ ដើម្បីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ។
លោក វេង សាខុន បានបន្តទៀតថា តាមរយៈការដាក់ឱ្យអនុវត្តន៍ អនុក្រឹត្យ និងសារាចរណែនាំខាងលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បាននិងកំពុងខិតខំអនុវត្តឱ្យបានពេញ លេញនូវអ្វីដែលជាភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន ហើយមានក្តីសង្ឃឹមថា សាធារណជន ជាពិសេសអ្នកសារព័ត៌មាន បាន យល់ពីអ្វីជាការសម្រេចរបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងការបន្តធ្វើកំណែទម្រង់យ៉ាងមុតស្រួចកន្លងមកនេះ ៕