គម្រោង «សម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្រប សម្រាប់ប្រពលវប្បកម្ម ប្រកបដោយនិរន្តរភាព» បាននិងកំពុងអនុវត្តនៅក្នុងប្រទេសចំនួន៤
លោក រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា គម្រោង «សម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្រប សម្រាប់ប្រពលវប្បកម្ម ប្រកបដោយនិរន្តរភាព» Appropriate Scale Mechanization Consortium for Sustainable Intensification (ASMC) បាននិងកំពុងអនុវត្ត នៅក្នុងប្រទេសចំនួន៤ រួមមានៈ កម្ពុជា បង់ក្លាដែស បួគីណាហ្វាសូ និងសេនេហ្គាល ដើម្បីសម្របសម្រួលការផ្ទេរបច្ចេកវិទ្យាពីការធ្វើកសិកម្មតាមទម្លាប់ ទៅជាការធ្វើកសិកម្មតាមគោលការណ៍កសិកម្ម ។
យោងតាមហ្វេសប៊ុកផ្លូវការរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញថា គម្រោង ASMC បានទទួលការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈកម្មវិធីមន្ទីរពិសោធន៍នវានុវត្តន៍ប្រពលវប្បកម្មនិរន្តរភាព នៃសាកលវិទ្យាល័យរដ្ឋកាន់សាស (Kansas State University) ដែលនៅកម្ពុជាគម្រោងនេះ បានទទួលថវិកាសរុបចំនួនជាង៩០ម៉ឺនដុល្លារ ដោយចែកចេញជាពីរជំហាន ៖ ជំហានទី១: មានទឹកប្រាក់ជាង ៦០ម៉ឺនដុល្លារ មានរយៈពេល០៤ឆ្នាំ (២០១៦-២០១៩) ដៃគូអនុវត្តគម្រោងរួមមាន ៖ RUA នាយកដ្ឋានវិស្វកម្មកសិកម្ម នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម វិទ្យាស្ថានបារាំង (CIRAD) និងសាកលវិទ្យាល័យជាតិបាត់ដំបង។ ជំហានទី២ : មានទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ មានរយៈពេល០៣ឆ្នាំ (២០២០-២០២៣) ដៃគូអនុវត្តគម្រោងរួមមាន៖ RUA នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងអង្គការស្វីសខន់ថាក់ ។
លោកបានបន្តថា ជំហានទី២សម្រាប់កម្ពុជា គឺអភិរក្សលើផ្ទៃដីសរុបចំនួន២ ៥០០ហត ក្នុងនោះមានកម្មវត្ថុសំខាន់ៗចំនួន០៣ រួមមាន ៖
១- កសាងសមត្ថភាពបុគ្គលិកផ្សព្វផ្សាយ អ្នកសម្របសម្រួល អ្នកបច្ចេកទេសគ្រឿងយន្តកសិកម្មអភិរក្ស។
២- បង្កើតទំនាក់ទំនងជាមួយវិស័យឯកជន ពាក់ព័ន្ធនឹងគ្រឿងយន្តកសិកម្ម និងគ្រាប់ពូជដំណាំគម្របដី។
៣- បង្កើតបរិយាកាសអំណោយផលជំរុញឲ្យសហគ្រិន កសិករ សេវាករ ផ្លាស់ប្តូរការវិនិយោគពីការអនុវត្តបែបប្រពៃណីទៅជាប្រព័ន្ធកសិកម្មអភិរក្ស ។
លោកបានបន្តទៀតថា ដោយទ្បែកក្នុងជំហានទី១ គម្រោងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ដែលជួយលើកកម្ពស់វិស័យកសិកម្មជាតិដូចខាងក្រោម ៖
- បង្កើតគណៈកម្មការប្រឹក្សាយោបល់លើវិស័យគ្រឿងយន្តកសិកម្ម កសាងផែនការយុទ្ធសាស្ត្រសម្រាប់គ្រឿងយន្តកសិកម្ម (២០១៦-២០២០)
- សិក្សាអំពីឧបករណ៍កសិកម្មដែលបាននិងកំពុងប្រើប្រាស់ សេវាករក្នុងស្រុក សិក្សាអំពីតម្រូវការឧបករណ៍ និងគ្រឿងយន្តកសិកម្ម និងសេវាករនៅតាមបណ្តាខេត្ត-ក្រុងចំនួន០៧
- ផលិត និងកែលម្អឧបករណ៍កសិកម្មជាផលិតផលគំរូ ដែលឆ្លើយតប ទៅនឹងលទ្ធផលពីការសិក្សាអំពីតម្រូវការឧបករណ៍ដោយប្រជាកសិករ និងសេវាករខាងលើ
- ផលិត និងចងក្រងសៀវភៅគំនូរបច្ចេកទេសនៃឧបករណ៍គំរូ ដែលបានផលិត និងកែលម្អសម្រាប់ជាជំនួយដល់សិប្បករ លើការផលិតឧបករណ៍ទាំងនេះ
- ការស្រាវជ្រាវ និងផ្តល់ទិន្នន័យអំពីគ្រឿងយន្តកសិកម្មនៅកម្ពុជាសម្រាប់បង្កើតជា database របស់គម្រោងជាដើម៕