រដ្ឋបាលរាជធានីភ្នំពេញ រៀបចំកែលម្អសួនច្បារនៅមុខក្រសួងការពារជាតិ
គម្រោងនៃកែលម្អសួនច្បារនៅមុខអគារទីស្តីការក្រសួងការពារជាតិថ្មីនាពេលនេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពគាស់ការ៉ូឡា និងគាស់ដើមឈើចេញ ដើម្បីកែលម្អសួនមួយនេះឱ្យបានស្រស់ស្អាត ពីទិសខាងលិច រហូតដល់មុខអគារក្រសួងការពារជាតិ ជាមួយនឹងការបើកផ្លូវចេញ-ចូល ក្រសួងនេះឱ្យបានធំទូលាយជាងមុន ។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និង រុក្ខជាតិ នៃមន្ទីរសាធារណការនិង ដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា នៅពេលនេះបើទោះបីស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្តី ប៉ុន្តែ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពគាស់ការ៉ូឡា និងគាស់ដើមឈើចេញ ដើម្បីកែលម្អសួនច្បារឱ្យបានស្រស់ស្អាត ពីទិសខាងលិចរហូតមកដល់មុខ អគារទីស្តីការក្រសួងការពារជាតិថ្មី ជាមួយនឹងការកាត់សួនច្បារចាស់ចេញប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញ-ចូល អគារទីស្តីការក្រសួងការពារជាតិ ផងដែរ ។
ការកែលម្អសួនច្បារមួយនេះ ធ្វើឡើងដើម្បីត្រៀមបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្តីការក្រសួងការពារជាតិថ្មី នៅពេលខាងមុខនេះ។ បើតាមគម្រោងកន្លងមកគឺពិធីសម្ពោធនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានិងអនុម័ត លើគម្រោងកែលម្អសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅមុខ ក្រសួងការពារជាតិ នេះត្រូវបានធ្វើឡើងជាច្រើនលើកហើយ នៅសាលារាជធានីភ្នំពេញជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងរបស់ក្រសួងការពារជាតិ។
បើតាមគម្រោងនេះ មានមួយផ្នែកត្រូវប្រើប្រាស់ថវិការបស់ក្រសួងការពារជាតិ ដូចជាការ ដាក់លូថ្មីទំហំ ១ម៉ែត្រ និងការអ៊ុតកៅស៊ូលើទំហំផ្លូវចូលក្រសួង រហូតដល់៤៥ម៉ែត្រ ជាដើម។ ចំណែករដ្ឋបាលរាជធានីភ្នំពេញ មានការងារច្រើនដែលត្រូវអនុវត្តន៍ផងដែរ ដូចជាការ កែលម្អ សួនច្បារ ដាក់បង្គោលភ្លើង៦៦ដើម ជាមួយនឹងការដាក់លូ ការស្ដារលូពីក្រោយ និងនៅមុខ ក្រសួងការពារជាតិ ។ តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ នឹងត្រូវកាត់សួនចាស់ចេញរហូតដល់ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញ-ចូល មុខក្រសួង ហើយសួនថ្មីនេះនឹងរៀបជាថ្មក្រានីត ដាំស្មៅបំពាក់អំពូលភ្លើង ដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ ប្រាណងាយស្រួល ជាមួយនឹងទីតាំងធំទូលាយជាងមុន៕