អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ «ជោគជ័យនៃនយោបាយវ៉ាក់សាំងឆ្លុះបញ្ចាំងអំពីជំនឿរបស់មហាជនលើរាជរដ្ឋាភិបាល!»
ក្នុងគោលបំណងបន្តរំលេចនិងពង្រីកឱ្យមហាជនបានឃើញនូវលទ្ធផលជាក់ស្តែងដែលជាផ្លែផ្កានិង ជោគជ័យកើតចេញមកពីនយោបាយវ៉ាក់សាំងដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ។ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ចេញ ផ្សាយនូវវីដេអូអប់ រំ ផ្លូវការថ្មី មួយ ទៀត ដែលមានរយៈពេលជាង ១៤នាទី ក្រោមចំណងជើងថា « ជោគជ័យនៃនយោបាយវ៉ាក់សាំង ឆ្លុះបញ្ចាំងអំពីជំនឿរបស់មហាជនលើ រាជរដ្ឋាភិបាល»។
នៅក្នុងវីដេអូផ្លូវការនេះបានរំលេចឲ្យឃើញនូវជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលពិតជាមានអត្ថន័យច្រើនយ៉ាងណាស់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាយើង។
ជាងនេះទៅទៀត វីដេអូផ្លូវការនេះ បានលើកឡើងនូវភស្តុតាងជាក់ស្តែង ជាច្រើនឆ្លុះបញ្ចាំងយ៉ាងច្បាស់ក្រឡែតអំពីសន្ទុះនៃការគាំទ្រ
យ៉ាងខ្លាំង និងយ៉ាងរឹងមាំរបស់មន្ត្រីជាន់ខ្ពស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជាពលរដ្ឋខ្មែរទៅលើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលគ្មានអ្នកណាអាចប្រកែកបានឡើយ។ ការគាំទ្រ និងការចូលរួមនេះនឹងបន្តស្ថិរស្ថេររយៈពេលយូរអង្វែងតទៅទៀតពីព្រោះវាជាការគាំទ្រនិងការចូលរួមដែលបង្កប់ដោយមោទនភាពជាតិក្នុងជម្រៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរ។
វីដេអូក៏បានរំលេចឱ្យឃើញនូវលទ្ធផលនៃការចាក់វ៉ាក់សាំង គិតមកដល់ ខែកក្កដា ពលរដ្ឋកម្ពុជាជាង៥០%ហើយ ក្នុងចំណោមប្រជាពលរដ្ឋ គោលដៅ១០លាននាក់ បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការរួចជាស្រេចថានឹងបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអោយសម្រេចបានតាមផែនការណ៍ដែលបានកំណត់។
ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលក៍បានគិតគូរជាស្រេចអំពីលទ្ធភាពចាក់ជូនកុមារដែលមានអាយុចាប់ពី១៨ឆ្នាំចុះក្រោម ហើយក៍កំពុងសិក្សា និងពិចារណាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនូវដុសទី៣ផងដែរ។
ដោយឈរលើមូលដ្ឋាននៃការគិតគូរគ្រប់ជ្រុងជ្រោយល្អិតល្អន់បែបនេះហើយដែលជាកត្តាគន្លឹះក្នុងការទទួលបាននូវការគាំទ្រ និងការចូលរួមដ៍សកម្មបំផុតពីមហាជនគ្រប់ស្រទាប់។
សូមទស្សនាវីដេអូ៖
https://www.youtube.com/watch?v=FUcCcaqmbQs