ព្រះករុណា ព្រះមហាក្សត្រ៖ យើងត្រូវតែរួបរួមគ្នា ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឱ្យបានគ្រប់ៗគ្នា
ស្របតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានចាត់ទុកថា “ព្រៃឈើគឺជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ”។
តាមរយៈព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់បងប្អូន កូន ចៅ និងជនរួមជាតិត្រូវតែរួបរួមគ្នា ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឱ្យបានគ្រប់ៗគ្នា។ ការអំពាវនាវរបស់ព្រះករុណា ព្រះមហាក្សត្រនេះ ក្នុងឱកាសអបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២១។
បើតាមព្រះករុណា ព្រះមហាក្សត្រ ពិធីបុណ្យ «រុក្ខទិវា» គឺជាចលនាបំផុសបំផុលការដាំដុះដើមឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលចលនានេះចាប់មានតាំងពី «សម័យសង្គមរាស្រ្តនិយម» ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សម្រាប់ពិធីនេះគឺបានចាប់កកើតតាំងពីទសវត្ស៣០ មកម៉្លេះ ដោយមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងបានក្លាយទៅជាសកម្មភាពយ៉ាងធំទូលំទូលាយ ក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយហៅថា «ពិធីរុក្ខទិវា» ដែលបានកំណត់ដោយព្រះរាជកិច្ច លេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។
ជាមួយគ្នានេះ បច្ចុប្បន្ន «រុក្ខទិវា» ត្រូវបានទទួលស្គាល់ជាផ្លូវការដោយមានចែងក្នុងច្បាប់ស្ដីពីព្រៃឈើ នាឆ្នាំ២០០២ ជំពូកទី១២ មាត្រាទី៦០ បានចែងថា៖ ដើម្បីជំរុញការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីសារៈសំខាន់និងផលប្រយោជន៍ព្រៃឈើ ទិវាពលកម្មដាំកូនឈើ ជាប្រពៃណីជាតិហៅថា «រុក្ខទិវា» ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង។
ព្រះករុណា ព្រះមហាក្សត្រព្រះអង្គក៏បានលើកឡើងនូវសារៈសំខាន់សម្រាប់ទិវានេះ ដែលពិតជាមានអត្ថន័យដ៏ឧដុង្គឧត្តម និងឧត្តមប្រយោជន៍ដ៏ជ្រាលជ្រៅចំពោះប្រទេសជាតិ បានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការកសាងគ្រឹះសេដ្ឋកិច្ចជាតិ ក្រោមកិច្ចរួបរួមជាធ្លុងមួយបង្ហាញពីសក្ខីកម្មនៃ សាមគ្គីភាព រវាងប្រជារាស្រ្តនិងមន្រ្តីរាជការទូទាំងប្រទេសក្នុងការជំរុញលើកទឹកចិត្តចូលរួមចលនាដាំដើមឈើដើម្បីផ្ដល់ជាសារប្រយោជន៍ធនធានទ្រទ្រង់វិស័យកសិកម្មបង្កើនសុខុមាលភាពគ្រួសារ និងជីវភាពសង្គម ព្រមទាំងកិច្ចគាំពារបរិស្ថាន៕