ខ្មែរប៉ុស្ដិ៍ Close

វ៉ាក់សាំងស៊ីណូហ្វាម ចំនួន ១លានដូសទៀត ត្រូវបានដឹកមកដល់កម្ពុជាហើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 35
វ៉ាក់សាំងស៊ីណូហ្វាម ចំនួន ១លានដូសទៀត ត្រូវបានដឹកមកដល់កម្ពុជាហើយ វ៉ាក់សាំងស៊ីណូហ្វាម ចំនួន ១លានដូសទៀត ត្រូវបានដឹកមកដល់កម្ពុជាហើយ

នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម របស់ចិនចំនួន ១លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាលបញ្ជាទិញពីភាគីចិន ត្រូវបានដឹកតាមយន្តហោះមកដល់ប្រទេសកម្ពុជា។

បើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេស នាពេលកន្លងទៅ បានឱ្យដឹងថា ក្នុងខែកក្កដានេះ វ៉ាក់សាំងពីប្រទេសចិន នឹងមកដល់កម្ពុជាចំនួន ៥លានដូស។ ក្នុងនោះនៅថ្ងៃទី៦ ខែកក្កដា ចំនួន ១លានដូស និងនៅថ្ងៃទី១០ ខែកក្កដា ចំនួន ៤លានដូស ក្នុងនោះ ១លានដូស ជាស៊ីហ្វាម ហើយ ៣លានដូសជាស៊ីណូវ៉ាក់។ ដោយឡែកនៅខែសីហា ខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ៤លានដូសបន្ថែមទៀត។ វ៉ាក់សាំង ដែលកម្ពុជាទទួលបានក្នុងខែកក្កដា និងខែសីហា នេះ គឺជាចំនួនវ៉ាក់សាំងគម្រប់ ២០លានដូស ដែលបានកំណត់ក្នុងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការរកយកមកចាក់ជូនប្រជាពលរដ្ឋ។

វ៉ាក់សាំង គឺឧបករណ៍យុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ-១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជាសម្រេចផែនការលើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៥ ខែកក្កដា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសនៅកម្ពុជា បានចំនួនជាង ៤.៥លាននាក់ហើយ ស្មើនឹងជាង ៤៥ភាគរយ នៃចំនួនប្រជាពលរដ្ឋត្រូវចាក់ក្នុងផែនការចំនួន ១០លាននាក់៕

អត្ថបទទាក់ទង