ខ្មែរប៉ុស្ដិ៍ Close

កីឡាការិនីហែលទឹក ឃឿន ប៊ុនពេជ្រមរកត ប្រកួតអូឡាំពិកហ្គេមជំនួសកីឡាការិនីខ្មែរ-អាម៉េរិក ម៉ីលី តានមីននិក

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 42
កីឡាការិនីហែលទឹក ឃឿន ប៊ុនពេជ្រមរកត ប្រកួតអូឡាំពិកហ្គេមជំនួសកីឡាការិនីខ្មែរ-អាម៉េរិក ម៉ីលី តានមីននិក កីឡាការិនីហែលទឹក ឃឿន ប៊ុនពេជ្រមរកត ប្រកួតអូឡាំពិកហ្គេមជំនួសកីឡាការិនីខ្មែរ-អាម៉េរិក ម៉ីលី តានមីននិក

កីឡាការិនីហែលទឹកខ្មែរ-អាម៉េរិក ម៉ីលី តានមីននិក មិនបានចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Game 2020) នៅប្រទេសជប៉ុន ដែលនឹងមកដល់នាចុងខែកក្កដា ឆ្នាំ២០២១នេះទេ ។

ជំនួសដោយកីឡាការិនីជម្រើសជាតិ ឃឿន ប៊ុនពេជ្រមរកត បន្ទាប់ពីសហព័ន្ធកីឡាហែលទឹកអន្ដរជាតិ (FINA) តម្រូវឱ្យផ្លាស់ប្ដូរ ដើម្បីស្របតាមគោលការណ៍របស់ខ្លួន សម្រាប់ប្រទេសទទួលបានសិទ្ធិអនុគ្រោះ។

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានសម្ដែងការសោកស្ដាយ ដែលមិនអាចបញ្ជូនកីឡាការិនី ម៉ីលី តានមីននិក ចូលរួមការប្រកួតកីឡាអូឡាំពិកលើនេះបាន ដោយសហព័ន្ធបានបង្ខំចិត្តជ្រើសរើសកីឡាការិនីវ័យក្មេង ឃឿន ប៊ុនពេជ្រមរកត ចូលរួមប្រកួតជំនួសវិញ ដើម្បីបំពេញតម្រូវការ និងស្របគោលការណ៍ច្បាប់របស់ FINA។ នេះគឺជាបទពិសោធន៍ថ្មីមួយទៀត ដែលសហព័ន្ធត្រូវពិនិត្យ និងរៀបចំឱ្យបានល្អិតល្អន់ ក្នុងការបញ្ជូនកីឡាករ-កីឡាការិនីចូលរួមក្នុងកម្រិតអនុគ្រោះបែបនេះ។

លោក ហែម គីរី បានគូបញ្ជាក់ថា កីឡាការិនី ម៉ីលី តាមមីននិក ដែលសហព័ន្ធបានជ្រើសរើសកន្លងទៅនេះ ដោយសារគាត់មានកម្រិតសិទ្ធផលល្អ ហើយមានការខិតខំប្រឹងប្រែងហាត់នៅអាម៉េរិកជាប់លាប់ ។ ដូច្នេះសហព័ន្ធថ្លឹងថ្លែងថា គាត់មានសិទ្ធផលល្អក្នុងពេលបច្ចុប្បន្ន។ ប៉ុន្ដែក្នុងគោលការណ៍ច្បាប់ នៃការបញ្ជូនកីឡាករ-កីឡាការិនីឱ្យទៅចូលរួមប្រកួតកីឡាអូឡាំពិក គឺកីឡាករ-កីឡាការិនីទាំងអស់ត្រូវមានការប្រកួតសន្សំពិន្ទុ ឬការប្រកួតដែល FINA ទទួលស្គាល់ពីមុន។ ប៉ុន្តែដោយសារឆ្នាំ២០២០-២០២១ មានវិបត្តិកូវីដ-១៩ រាល់ការប្រកួតអន្ដរជាតិមួយចំនួនដែល FINA ទទួលស្គាល់ ត្រូវអាក់ខានទាំងអស់។ ដូច្នេះ ម៉ីលី តាមមីននិក មិនអាចចូលរួមប្រកួតបានឡើយ ពីព្រោះគាត់ប្រកួតនៅអាម៉េរិក ហើយផ្ញើលទ្ធផលបញ្ជូនទៅ FINA ប៉ុន្តែការប្រកួតនោះមិនមែនជាការប្រកួតដែល FINA កំណត់នោះទេ ។ ដូច្នេះលទ្ធផលដែលយើងផ្ញើទៅ ក៏គេមិនអាចទទួលបាន ដោយសារវាខុសគោលការណ៍ច្បាប់។

លោកបន្ដថា ថ្មីៗនេះយើងបានដាក់ជំនួសកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលមានលទ្ធផលក្នុងការប្រកួតរបស់ FINA ដូចជាការប្រកួតស៊ីហ្គេម ឆ្នាំ២០១៩ នៅហ៊្វីលីពីន វិញ្ញាសា៥០ម៉ែត្រសេរី គឺកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ។ ពេលនេះ FINA បានយល់ព្រមហើយ ខណៈកីឡាករ ហែម ប៉ុច ដែលត្រូវប្រកួតហែល ៥០ម៉ែត្រសេរីដែរនោះ គឺនៅរក្សាដដែល។

សហព័ន្ធក៏បានពន្យល់ និងពិភាក្សាផ្ទាល់ជាមួយកីឡាការិនី ម៉ីលី តានមីននិក ដែលនាងបានយល់អំពីលក្ខខណ្ឌច្បាប់នេះ ហើយសហព័ន្ធក៏បានលើកទឹកចិត្តឱ្យនាងបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដ្បិតសហព័ន្ធនៅតែផ្ដល់ឱកាសសម្រាប់នាង ក្នុងការចូលរួមប្រកួតតំណាងប្រទេសកម្ពុជា នាពេលខាងមុខ។

សូមបញ្ជាក់ថា សម្រាប់ការចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំនេះ តាមរយៈសិទ្ធិអនុគ្រោះ គឺកម្ពុជាត្រៀមចូលរួមប្រកួតចំនួន២ប្រភេទកីឡា គឺហែលទឹក ២នាក់ កីឡាករ ហែម ប៉ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត និងប្រភេទកីឡាអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ដែលត្រូវប្រកួតលើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ ៕

អត្ថបទទាក់ទង