លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យអនុគណៈកម្មាធិការសាងសង់ និងជួសជុល ត្រូវចុះទៅពិនិត្យ និងផ្តត់ផ្គង់សម្ភារៈព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមបណ្តាខេត្ត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បើទោះបីកម្ពុជាក្រ តែថ្នាក់ដឹកនាំកម្ពុជាមិនទុកអោយប្រជាពលរដ្ឋខ្វះការយកចិត្តទុកដាក់នោះឡើយ នៅរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសទាំងអស់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូអនឡាញ ដែលផ្សាយចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជំរុញអោយអនុគណៈកម្មាធិការសាងសង់ និងជួសជុល ត្រូវចុះទៅតាមបណ្តាខេត្ត ដើម្បីត្រួតពិនិត្យដោយផ្ទាល់នូវបញ្ហាកង្វះខាតសម្ភារៈ ដែលបម្រើអោយការសម្រាកព្យាបាលជំងឺកូវីដ-១៩ អោយបានគ្រប់គ្រាន់ សូមធ្វើកិច្ចការនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។