ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញទុកពេល ២ ខែ ឱ្យអ្នកលក់ម៉ូតូដែលកេងចំណេញលើចិញ្ចើមផ្លូវ យកចេញ ឬប្ដូរទៅទីតាំងថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 59
រដ្ឋបាលរាជធានីភ្នំពេញទុកពេល ២ ខែ ឱ្យអ្នកលក់ម៉ូតូដែលកេងចំណេញលើចិញ្ចើមផ្លូវ យកចេញ ឬប្ដូរទៅទីតាំងថ្មី រដ្ឋបាលរាជធានីភ្នំពេញទុកពេល ២ ខែ ឱ្យអ្នកលក់ម៉ូតូដែលកេងចំណេញលើចិញ្ចើមផ្លូវ យកចេញ ឬប្ដូរទៅទីតាំងថ្មី

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅ អាជ្ញាធរខណ្ឌ នៅកណ្ដាលរាជធានីភ្នំពេញ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយមិនអនុញ្ញាតឱ្យមានការលក់ម៉ូតូ លក់ឡាន រំលោភចិញ្ចើមផ្លូវ ដើម្បីធ្វើអាជីវកម្មទៀតទេ ដោយទុករយៈពេល២ខែ ដើម្បីឱ្យពួកគាត់ផ្លាស់ប្តូរទីតាំងថ្មីទៅនៅជាយក្រុងវិញ។

ការដាក់បទបញ្ជាបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា វាល្មមដល់ពេលដែលយើងត្រូវរៀបចំសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅក្នុងខណ្ឌចំនួន៥ នៅកណ្ដាលរាជធានីភ្នំពេញ ឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរហើយ ។

ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធនៅកណ្ដាលក្រុងត្រូវតែធ្វើសេចក្តីជូនដំណឹងឱ្យបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ម៉ូតូ និងលក់រថយន្ត ដោយប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្មនោះ ប្រញាប់រុះរើទីតាំងរបស់ខ្លួនទៅនៅជាយរាជធានីភ្នំពេញវិញ ដោយអាជ្ញាធររាជធានីភ្នំពេញទុករយៈពេលឱ្យ២ខែ ។

លោកបញ្ជាក់ទៀតថា មកដល់ពេលនេះ យើងឈប់និយាយរឿងប្រើប្រាស់ចិញ្ចើមផ្លូវ ២/៣ ទៀតហើយ ព្រោះរដ្ឋបាលរាជធានីភ្នំពេញបានធ្វើ ការអនុគ្រោះជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនចូលរួមជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនោះទេ។ ដូច្នេះចាប់ពីពេលនេះទៅ គឺមិនមានការអនុញ្ញាតឱ្យប្រើប្រាស់ចិញ្ចើមផ្លូវធ្វើអាជីវកម្មបន្តទៀតទេ។

លោកបានបន្តថា បងប្អូនអាចធ្វើអាជីវកម្មរកស៊ីលក់ដូរបាន ប៉ុន្តែមិនអនុញ្ញាតឱ្យប្រើប្រាស់ចិញ្ចើមផ្លូវនោះទេ បងប្អូនអាចលក់ម៉ូតូ លក់រថយន្តនៅក្នុងផ្ទះឬ ទីតាំងរបស់ខ្លួន ដោយមិនឱ្យរំលោភលើចិញ្ចើមផ្លូវសាធារណៈដាច់ខាត សូម្បីតែ២/៣ក៏ដោយ បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការទៅតាមផ្លូវច្បាប់ដោយមិនមានការលើកលែងនោះទេ៕

អត្ថបទទាក់ទង