លោកសូ សយ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៤លាន បានទទួលរង្វាន់ពីសម្តេចតេជោ ហ៊ុន សែន តាមរយៈលោកស្រី ឱ វណ្ណឌីន
ក្រោយពីទទួលបានព័ត៌មានថាអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងលេខរៀងទី៤លាន កាលពីថ្ងៃទី២៨ ខែមិថុនា ម្សិលមិញនេះ មិនបង្អង់យូរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចាត់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នាំយកនូវប្រាក់រង្វាន់ចំនួន១០ លានរៀល និងអំណោយដ៏ថ្លៃថ្លារបស់ សម្តេច ជូនដល់អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ គឺលោក សូ សយ អាយុ៦៥ឆ្នាំជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេង នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុក បុទុមសាគរ ខេត្តកោះកុង ព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១នេះ។
អំណោយបន្ថែមលើប្រាក់រង្វាន់ រួមមាន អង្ករគ្រឿងឧបភោគបរិភោគ ម៉ាសអាល់កុល ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
បន្ទាប់ពីបានទទួលប្រាក់រង្វាន់ និងអំណោយ លោក សូ សយ បានសម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ដោយក្តីរំភើបឥតឧបមា អ្វីដែលពិសេសនោះ លោក បានលើកឡើងថា លោកបានត្រូវរង្វាន់ចំថ្ងៃកំណើតបក្សប្រជាជនកម្ពុជា ២៨ មិថុនា ជាថ្ងៃដ៍វិសេសវិសាលបំផុត។ ជាមួយគ្នានេះលោកបានលើកឡើងទៀតថា បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចមានការរីកចម្រើនឥតឈប់ឈរ ជាក់ស្តែង នៅតំបន់ដែលលោករស់នៅសព្វថ្ងៃ កាលពីមុនមានការលំបាក់ខ្លាំងណាស់ក្នុងការធ្វើដំណើរទៅកន្លែងផ្សេងៗ ត្រូវធ្វើដំណើរតាមទូក ចំណាយពេលវេលាច្រើន តែពេលបច្ចុប្បន្នយើងមានផ្លូវចាច្រើន ការធ្វើដំណើរមានការងាយស្រួល។ជាចុងក្រោយលោកថាលោកត្រូវការសម្តេចតេជោបន្តដឹកនាំប្រទេសបន្តទៀត ដើម្បីបន្តអផភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
លោកស្រី ឱ វណ្ណឌីន អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះវីរុសកូរ៉ូណាបំប្លែងថ្មី ដែលបានចូលមកដល់កម្ពុជាយើងតាមច្រកអន្តរជាតិនៃប្រប្រទេសជិតខាង សូមបងប្អូនប្រជាពលរដ្ឋត្រូវអនាម័យជាប្រចាំ និងបន្តអនុវត្តតាមវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ ដោយអនុវត្ត៣ការពារ និង៣កុំឱ្យបានខ្ជាប់ខ្ជួន។