ខ្មែរប៉ុស្ដិ៍ Close

វ៉ាក់សាំង Sinovac ១លានដូសទៀតបានដឹកពីចិន មកដល់កម្ពុជាហើយនៅព្រឹកនេះ ខណៈ ១លានដូសទៀតនឹងមកដល់នៅថ្ងៃខានស្អែក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 37
វ៉ាក់សាំង Sinovac ១លានដូសទៀតបានដឹកពីចិន មកដល់កម្ពុជាហើយនៅព្រឹកនេះ ខណៈ ១លានដូសទៀតនឹងមកដល់នៅថ្ងៃខានស្អែក វ៉ាក់សាំង Sinovac ១លានដូសទៀតបានដឹកពីចិន មកដល់កម្ពុជាហើយនៅព្រឹកនេះ ខណៈ ១លានដូសទៀតនឹងមកដល់នៅថ្ងៃខានស្អែក

វ៉ាក់សាំង Sinovac ចំនួន ១លានដូសទៀត ដែលកម្ពុជាបញ្ជាទិញនោះបានដឹកពីប្រទេសចិន មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ។ នេះជាវ៉ាក់សាំងដែលដឹកមកដល់ប្រទេសកម្ពុជាជើងទី៣ ហើយសម្រាប់ខែមិថុនា។

ដោយឡែកនៅថ្ងៃទី២៨ ខែមិថុនា ដដែលនេះ វ៉ាក់សាំង ១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជាផងដែរ។ សរុបទៅត្រឹមខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន រហូតដល់ទៅ ៥លានដូស។

លោកស្រី យក់ សម្បត្តិ បានថ្លែងឲ្យដឹងថា នៅខែកក្កដាខាងមុខវ៉ាក់សាំងប្រមាណ ៣លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាផងដែរ។

វ៉ាក់សាំងបានក្លាយទៅជាវិធានការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ វត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ នឹងជួយឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ ១៣លាននាក់ ឱ្យបានលឿន និងទៅតាមការគ្រោងទុក។

បូករួមទាំងវ៉ាក់សាំងដែលមកដល់កម្ពុជានៅក្នុងសប្តាហ៍នេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ១១លានដូស លើចំនួនវ៉ាក់សាំងក្នុងផែនការប្រមាណ ២៣លានដូស។ តាមរយៈវត្តមានវ៉ាក់សាំងទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពន្លឿនលើការងារចាក់វ៉ាក់សាំងវ៉ាក់សាំងផងដែរ។

ក្រៅតែពីរាជធានីភ្នំពេញ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រីកការចាក់វ៉ាក់សាំងទៅកាន់ខេត្តកណ្តាល ព្រះសីហនុ កោះកុង កំពង់ស្ពឺ និងតាកែវផងដែរ។

គិតពីថ្ងៃទី១០ ខែកុម្ភៈ ដល់ត្រឹមថ្ងៃទី២៥ ខែមិថុនា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៣.៨លាននាក់ស្មើនឹងជាង ៣៨ភាគរយហើយ។

វ៉ាក់សាំងដែលកម្ពុជាទទួលបានសម្រាប់ចាក់ជូនប្រជាពលរដ្ឋនេះ ភាគច្រើនបំផុតជាវ៉ាក់សាំងពីប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វត្តមានវ៉ាក់សាំងចិន នៅកម្ពុជានេះ កើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិន ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ-១៩។

រដ្ឋាភិបាលចិន ធ្លាប់បានប្រកាសបង្ហាញនូវជំហរមុតមាំរបស់ខ្លួនជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ រហូតទទួលបានជោគជ័យ។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ធ្លាប់បានគូសបញ្ជាក់ថា ចិន និងកម្ពុជាជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក។ ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ ប្រជាជនចិនបន្តគាំទ្រជាមួយប្រជាជនកម្ពុជាជានិច្ច៕

អត្ថបទទាក់ទង