ខ្មែរប៉ុស្ដិ៍ Close

    ប្រទេសចំនួន៣ សន្សានឹងផ្តល់ថវិកាប្រមាណ ១៣ លានដុល្លារ ជូន MRC ដើម្បីធ្វើឱ្យប្រសើរនូវស្ថានភាពរួមនៃអាងទន្លេមេគង្គ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 776
    ប្រទេសចំនួន៣ សន្សានឹងផ្តល់ថវិកាប្រមាណ ១៣ លានដុល្លារ ជូន MRC ដើម្បីធ្វើឱ្យប្រសើរនូវស្ថានភាពរួមនៃអាងទន្លេមេគង្គប្រទេសចំនួន៣ សន្សានឹងផ្តល់ថវិកាប្រមាណ ១៣ លានដុល្លារ ជូន MRC ដើម្បីធ្វើឱ្យប្រសើរនូវស្ថានភាពរួមនៃអាងទន្លេមេគង្គ

    ប្រទេសអូស្ត្រាលី អាល្លឺម៉ង់ និងស្វីស បានសន្យានឹងផ្តល់មូលនិធិប្រមាណ ១៣ លានដុល្លារអាម៉េរិក ជូនគណៈកម្មការទន្លេមេគង្គ(MRC) ដើម្បីគាំទ្រប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ឆ្លើយតបទៅនឹងបញ្ហាប្រឈមជាបន្ទាន់នានា ក្នុងការរក្សាគាំពារដល់មុខងារអេកូឡូស៊ីនៃទន្លេមេគង្គ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ ការសន្យានេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខានាអំឡុងកិច្ចប្រជុំរវាង MRC ជាមួយដៃគូ អភិវឌ្ឍន៍ នៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

    បើតាម MRC ការចូលរួមវិភាគទាននេះ ប្រព្រឹត្តទៅតាមរលកថ្មីមួយនៃមូលនិធិដៃគូអភិវឌ្ឍន៍ដល់ MRC ក្នុងពេលគណៈកម្មការនេះ ចាប់ផ្តើមអនុវត្តន៍ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២១-២០២៥) របស់ខ្លួន នៅក្រោមទិសដៅថ្មីមួយ សំដៅយកឈ្នះលើការគំរាមកំហែងជាច្រើន ដែលអាងទន្លេនេះកំពុងជួបប្រទះ។

    លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC បានមានប្រសាសន៍ថា “ការគាំទ្រនេះ មកទាន់ពេលវេលា និងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ MRCក្នុងការអនុវត្តសកម្មភាពនានា ដែលធ្វើឱ្យមានតុល្យភាពលើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច ការធ្វើឱ្យសង្គមប្រសើរឡើង និងការគាំពារដល់បរិស្ថាន”។ លោកបណ្ឌិតបន្ដថា នៅក្រោមផែនការយុទ្ធសាស្ត្រថ្មីនេះ MRC នឹងធានាថា រាល់ផែនការថ្នាក់ជាតិថ្មីៗសម្រាប់បង្កើតថាមពលបានថ្លឹងថ្លែង រាល់ជម្រើសជាច្រើននៃប្រភពបង្កើតថាមពលនានា រួមទាំងជម្រើសថាមពល-ស្បៀង-ទឹក ក៏ដូចជាការប្រើប្រាស់បន្ថែមនៃថាមពលដោយពន្លឺព្រះអាទិត្យ និងខ្យល់ ជាពិសេសវានឹងជួយលើកកម្ពស់ភាពពពិធភាពសមភាព និងបរិយាប័ន្នយេនឌ័រក្នុងវិស័យទឹក។

    លោកបណ្ឌិតបានលើកឡើងថា MRCនឹងសិក្សាស្វែងរកនូវមធ្យោបាយសម្រាប់ជួយសម្រួលប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធទឹក សម្រាប់អាងទន្លេទាំងមូល ដើម្បីបង្កើនផលប្រយោជន៍ឱ្យដល់កម្រិតអតិបរមា និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានផ្នែកបរិស្ថានលើ ទន្លេមេគង្គ និងប្រជាជន។

    សម្រាប់ស្ថាប័ននេះ ក៏នឹងបន្តជំរុញកិច្ចសន្ទនាថ្នាក់តំបន់ក្នុងចំណោមប្រទេសតាមអាងទន្លេ និងធ្វើឱ្យការចូលរួមចំណែកជាមួយនឹងប្រទេសចិនកាន់តែស៊ីជម្រៅ ក៏ដូចជា ជាមួយនឹងដៃគូផ្សេងៗទៀត តាមរយៈកិច្ចសហប្រតិបត្តិការអាស៊ាន និងឡានឆាង-មេគង្គ សម្រាប់ជាប្រយោជន៍ដល់សមាជិកទាំងអស់។

    សូមបញ្ជាក់ផងដែរថា វិភាគទានថ្មីពីប្រទេសអូស្ត្រាលី ដែលមានតម្លៃជាថវិកា ៥,១ លានដុល្លារអូស្ត្រាលី (ប្រមាណ ៣,៨ លានដុល្លារអាម៉េរិក) ត្រូវបានចុះហត្ថលេខាដោយលោក ផល ខែលី (Paul Kelly) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសឡាវ និងលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC ។ ជំនួយនេះ មានរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែលនឹងក្លាយជាផ្នែកមួយនៃភាពជាដៃគូថ្មី រវាងប្រទេសអូស្ត្រាលី និងទន្លេមេគង្គ។

    លោក ផល ខែលី (Paul Kelly) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសឡាវបានថ្លែងថា “យើងសង្ឃឹមថា ជំនួយមូលនិធិទាំងនេះ នឹងជួយបង្កើនលទ្ធភាពដល់MRC និងប្រទេសជាសមាជិកឱ្យប្រើប្រាស់ធនធានទឹក និងធនធានពាក់ព័ន្ធនៃទន្លេមេគង្គប្រកបដោយបរិយាប័ន្ន និងដោយចីរភាពដើម្បីជាចំណែកមួយជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញពីការរាតត្បាតជាសាកល ការកសាងភាពធន់ផ្នែកបរិស្ថាន និងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់”។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបន្ថែមថា ប្រទេសអូស្ត្រាលី ក៏កំពុងផ្តល់នូវការគាំទ្របច្ចេកទេសដល់ MRC លើវិស័យសំខាន់ៗជាច្រើនផងដែរ រួមទាំងដល់មជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត និងការកែលម្អនូវប្រព័ន្ធទិន្នន័យ និងព័ត៌មានរបស់ស្ថាប័ននេះ។

    លោក យេនស៍ លូធខិនហែម (Jens Lütkenherm) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសឡាវបានសន្យាផ្តល់វិភាគទាននូវទឹកប្រាក់ចំនួន ៣ លានអឺរូ (ប្រមាណ ៣,៥៥ លានដុល្លារអាម៉េរិក) ក្នុងការគាំទ្រដល់ផែនការថ្មីនេះ។

    លោកបានគូសបញ្ជាក់ថា មូលនិធិនេះ នឹងត្រូវបានបែងចែកផ្តល់ជូនក្នុងរយៈពេល ៣ ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ២០២២ នូវទឹកប្រាក់ ១,២ លានដុល្លារអាម៉េរិក នឹងត្រូវបានដាក់បញ្ចូលទៅក្នុងយន្តការមូលនិធិស្នូលរបស់ MRC ហើយថវិកាដែលនៅសេសសល់ នឹងត្រូវផ្តល់ឱ្យទៅតាមកម្មវិធីកិច្ចសហប្រតិបត្តិការ MRC–GIZ សម្រាប់ជាជំនួយផ្នែកបច្ចេកទេស។

    លោក ឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា “យើងជឿជាក់ថា មូលនិធិនេះ នឹងជួយ MRC ឱ្យបង្កើតនូវបណ្តាញស្នូលសម្រាប់កិច្ចការតាមដានទន្លេក្នុងតំបន់ទន្លេមេគង្គ ហើយជាលទ្ធផល វារួមចំណែកដល់ការសម្រេចចិត្តដោយផ្អែកលើព័ត៌មាន សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក និងជួយបង្កើនសមត្ថភាព MRC ក្នុងការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតឱ្យកាន់តែមានប្រសិទ្ធភាព”។

    ជាមួយគ្នានេះដែរ លោក ហ្សង់ហ្វង់ស័រ ឃូនូ (Jean-François Cuénod) នាយកតំបន់នៃទីភ្នាក់ងារស្វីសសម្រាប់អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការក៏បានសន្យាផ្តល់ថវិកា ចំនួន៥,៣ លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ ឆ្នាំ ដើម្បីគាំទ្រដល់ការអនុវត្តនៃផែនការយុទ្ធសាស្ត្រថ្មីនេះ។ លោក ឃូនូ បានថ្លែងថា “យើងអបអរសាទរចំពោះ MRC ក្នុងការដាក់ឱ្យប្រើប្រាស់នូវយុទ្ធសាស្ត្រចក្ខុវិស័យថ្មីៗ ដែលចាំបាច់សម្រាប់អាងទន្លេមេគង្គ។ យើងនឹងរួមសហការជាមួយនឹងMRC ប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការផ្លាស់ប្តូរតំបន់នេះឆ្ពោះទៅកាន់មាគ៌ាមួយដែលកាន់តែមានចីរភាព និងភាពធន់ ដោយធានាថា គ្មាននរណាម្នាក់នឹងត្រូវបោះបង់ចោលនោះទេ”។

    លោកនាយកតំបន់នៃទីភ្នាក់ងារស្វីសសម្រាប់អភិវឌ្ឍន៍បានបន្ថែមទៀតថា ប្រទេសស្វីស បានគាំទ្រ MRC ចាប់តាំងពីឆ្នាំ១៩៩៥ មក និងជឿជាក់ថា ស្ថាប័ននេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការទឹកប្រចាំតំបន់ទន្លេមេគង្គ៕