ខ្មែរប៉ុស្ដិ៍ Close

តើទន្លេមេគង្គនឹងក្លាយជាសមុទ្រចិនខាងត្បូងទី២ មែនដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 43
តើទន្លេមេគង្គនឹងក្លាយជាសមុទ្រចិនខាងត្បូងទី២ មែនដែរឬទេ? តើទន្លេមេគង្គនឹងក្លាយជាសមុទ្រចិនខាងត្បូងទី២ មែនដែរឬទេ?

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជោគវាសនានៃទន្លេដ៏ធំរបស់តំបន់អាស៊ីអាគ្នេយ៍គឺ «ទន្លេមេគង្គ» បានទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំងពីអន្តរជាតិ។ ទន្លេមេគង្គបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន រាប់ចាប់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការទន្ទ្រានយកទឹកប្រៃនៅតំបន់ដីសណ្ត រហូតដល់ការអភិវឌ្ឍទំនប់ទឹកនៅផ្នែកខាងលើនៃក្បាលទឹកនៃទន្លេនេះនៅក្នុងប្រទេសចិន។

ក្តីកង្វល់ទាំងអស់នេះបានរីកកាន់តែធំ ដោយសារការប្រកួតប្រជែងជាយុទ្ធសាស្រ្តកាន់តែតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន ដែលបានបង្កភាពមិនច្បាស់លាស់កាន់តែខ្លាំងចំពោះអនាគតរបស់ទន្លេមេគង្គ។ លោកស្រី Ming Li Yong ដែលជាអ្នកសិក្សានៅមជ្ឈមណ្ឌល «East-West Center» ដែលបានស្រាវជ្រាវលើការគ្រប់គ្រងទឹកឆ្លងដែន និងការអភិវឌ្ឍវារីអគ្គិសនីនៅអាងទន្លេមេគង្គបានលើកឡើងអំពីការប្រៀបធៀប
រវាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង និងផលប៉ះពាល់នៃវារីអគ្គិសនីរបស់ចិននៅខ្សែទឹកខាងលើ ក៏ដូចជាការអភិវឌ្ឍ និងអនាគតនៃអភិបាលកិច្ចឆ្លងដែននៃទឹកទន្លេនិងធនធាននៅក្នុងទន្លេ។

នៅពេលថ្មីៗនេះ មនុស្សមួយចំនួនបានធ្វើការប្រៀបធៀបទន្លេមេគង្គទៅនឹងសមុទ្រចិនខាងត្បូង ដែលជាចំណុចយុទ្ធសាស្ត្រដ៏ក្តៅគគុកមួយរវាងប្រទេសចិន និងគូប្រជែង ព្រមទាំងសត្រូវផ្សេងៗទៀតរបស់ចិន។ ទោះយ៉ាងណា នេះមិនមែនជាការប្រៀបធៀបដ៏សមហេតុផលនោះទេ បើទោះបីជាតួនាទីរបស់ចិនក្នុងការជំរុញឱ្យមានការប្រកួតប្រជែងនៅជុំវិញទន្លេមេគង្គ និងនៅសមុទ្រចិនខាងត្បូងមានលក្ខណៈប្រហែលគ្នាក៏ដោយ។

នៅក្នុងការប្រៀបធៀបបែបនេះ ប្រទេសចិនត្រូវបានគេយល់ថា «កំពុងព្យាយាមដណ្តើមយកការគ្រប់គ្រងលើធនធានធម្មជាតិសំខាន់ៗដើម្បីទាញយកអត្ថប្រយោជន៍ផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រក្នុងតំបន់ ដោយក្នុងនោះរួមមានធនធានប្រេងនិងឧស្ម័ន ដែលមិនអាចកកើតឡើងវិញ និងផ្លូវនាវាចរណ៍សំខាន់ៗ នៅសមុទ្រចិនខាងត្បូង និងនៅផ្នែកក្បាលទឹកនៃអាងទន្លេមេគង្គ»។

ភាពតានតឹងដែលកើតចេញពីតំបន់មួយក៏អាចផ្ទុះឡើងនៅតំបន់មួយទៀតផងដែរ។ ដូច្នេះ ក្តីបារម្ភលើបញ្ហាទាំងនេះបានក្លាយជាចំណុចយុទ្ធសាស្ត្រដ៏មានសក្តានុពលនៅក្នុងបរិបទកាន់តែទូលំទូលាយនៃទំនាក់ទំនងរវាងចិន និងតំបន់អាស៊ីអាគ្នេយ៍។

ប៉ុន្តែ ជម្លោះនៅសមុទ្រចិនខាងត្បូងត្រូវបានជំរុញដោយការទាមទារទឹកដីដែលត្រួតស៊ីគ្នា ដែលរួមមានទាំងការធ្វើសមយុទ្ធយោធា និងហានិភ័យនៃការកើតមានជម្លោះយោធាដែលអាចបង្កការគំរាមកំហែងចំពោះសន្តិសុខ និងអធិបតេយ្យភាពជាតិ។

ផ្ទុយទៅវិញ ការប្រឈមមុខដាក់គ្នានៅទន្លេមេគង្គបានកើតឡើងដោយសារការប្រើប្រាស់ទឹកទន្លេយ៉ាងអយុត្តិធម៌ ជាពិសេសរវាងអ្នកប្រើប្រាស់នៅខ្សែទឹកខាងលើ និងនៅខ្សែទឹកខាងក្រោម ហើយករណីនេះមានជាប់ទាក់ទងតិចតួចណាស់ជាមួយជម្លោះយោធា ខណៈដែលការគំរាមកំហែងដ៏ចម្បងគឺមានពាក់ព័ន្ធនឹងទឹកនិងសន្តិសុខស្បៀងអាហារ។

ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋនៅក្នុងករណីនៃទន្លេមេគង្គត្រូវបានកំណត់លក្ខណៈដោយកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន និងការទទួលស្គាល់សិទ្ធិអធិបតេយ្យដើម្បីបន្តការអភិវឌ្ឍសេដ្ឋកិច្ច ជាជាងការបង្កជម្លោះ។ ជាក់ស្ដែង កិច្ចសហប្រតិបត្តិការផ្នែកធនធានទឹកនៅទន្លេមេគង្គក្រោមត្រូវបានធ្វើឡើងតាមរយៈគណៈកម្មការទន្លេមេគង្គអន្តររដ្ឋាភិបាល (MRC) និងតាមរយៈក្របខណ្ឌតំបន់ផ្សេងៗទៀត។

ការអភិវឌ្ឍវារីអគ្គិសនីបានបង្កក្តីបារម្ភជុំវិញការប្រើប្រាស់ទឹកទន្លេ ក៏ប៉ុន្តែការអភិវឌ្ឍនេះក៏មានជាប់ពាក់ព័ន្ធនឹងការជំរុញសក្ដានុពលនៃការធ្វើពាណិជ្ជកម្មថាមពលឆ្លងកាត់ព្រំដែនផងដែរ ជាមួយនឹងការអភិវឌ្ឍបណ្តាញថាមពលក្នុងតំបន់ ដែលត្រូវបានរដ្ឋាភិបាលក្នុងតំបន់មេគង្គចាត់ទុកជាវិធីសាស្ត្រក្នុងការពង្រឹងសន្តិសុខថាមពល ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងតំបន់។

មន្ត្រីអាមេរិកនិងជប៉ុនបានបន្តលើកឡើងកាន់តែខ្លាំងអំពីការខូចខាតដែលបង្កឡើងដោយគម្រោងទំនប់ទឹករបស់ចិននៅខ្សែទឹកខាងលើ និងបានដាក់ចេញនូវគំនិតផ្តួចផ្តើមទន្លេមេគង្គជាច្រើនដើម្បីប្រកួតប្រជែងជាមួយយន្តការដែលទទួលបានការគាំទ្រពីប្រទេសចិន។

សរុបមក បណ្តាប្រទេសមេគង្គក្រោម និងគណៈកម្មការទន្លេមេគង្គអន្តររដ្ឋាភិបាល (MRC) មិនសូវបានលើកឡើងនូវការរិះគន់ចំពោះប្រទេសចិនទេ។ នៅក្នុងអំឡុងគ្រោះរាំងស្ងួតឆ្នាំ ២០១៦ ប្រទេសចិនបានយល់ព្រមតាមសំណើរបស់វៀតណាមក្នុងការរំដោះទឹកចេញពីទំនប់វារីអគ្គិសនីនៅផ្នែករបស់ខ្លួន ហើយប្រទេសវៀតណាមក៏បានសម្តែងនូវការដឹងគុណជាសាធារណៈចំពោះរឿងនេះផងដែរ។

ប្រទេសថៃ, ឡាវ, កម្ពុជា និង វៀតណាម ក៏ទទួលបានអត្ថប្រយោជន៍ផងដែរពីទំនប់វារីអគ្គិសនីដែលមានស្រាប់ ឬដែលគ្រោងនឹងសាងសង់ ក៏ដូចជាពីគម្រោងអភិវឌ្ឍធនធានទឹក ទាំងនៅខ្សែទឹកមេនៃទន្លេមេគង្គ និង នៅតាមដៃទន្លេ ហើយពួកគេក៏អាចនឹងយល់យ៉ាងច្បាស់ថា «ការរិះគន់របស់ពួកគេចំពោះការអភិវឌ្ឍធនធានទឹកអាចបង្កផលប៉ះពាល់អវិជ្ជមានដល់ផែនការអនាគតរបស់ពួកគេ»។

បណ្តាប្រទេសមេគង្គក្រោម និងគណៈកម្មការទន្លេមេគង្គអន្តររដ្ឋាភិបាល (MRC) បានបន្តចូលរួមដោះស្រាយបញ្ហាយ៉ាងសស្រាក់សស្រាំតាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមជាមួយប្រទេសចិន ក្នុងគោលបំណងចែករំលែកទិន្នន័យឱ្យបានកាន់តែប្រសើរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកធនធានទឹក។

គួរកត់សម្គាល់ផងដែរថា «គ្រោះរាំងស្ងួតដ៏អូសបន្លាយដែលបានវាយប្រហារតំបន់មេគង្គចាប់ពីឆ្នាំ 2019 ដល់ឆ្នាំ 2022 ទន្ទឹមនឹងការរិះគន់ពីក្នុងស្រុកអំពីទំនប់វារីអគ្គិសនីរបស់ចិន ជាពិសេសក្នុងករណីប្រទេសថៃ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកក្តីកង្វល់ទាំងនេះ»។

នៅក្នុងខែមករា ឆ្នាំ 2020 ការិយាល័យធនធានទឹកធម្មជាតិរបស់ប្រទេសថៃ (ONWR) បានឱ្យដឹងថា «ខ្លួននឹងចាត់ទុកបញ្ហានេះជាអាទិភាពកំពូល ដែលនឹងត្រូវលើកឡើងទៅកាន់សហគមន៍ MRC ពាក់ព័ន្ធនឹងការឡើងចុះនៃកម្រិតទឹក និងកង្វះខាតនូវការជូនដំណឹងឱ្យបានទាន់ពេលវេលាទាក់ទងនឹងការកម្រិតទឹក និងការរំដោះទឹកចេញពីទំនប់របស់ចិន»។

ការិយាល័យ ONWR ក៏បានអំពាវនាវផងដែរឱ្យមានការផ្លាស់ប្តូរទិន្នន័យឱ្យបានកាន់តែប្រសើរ និងទាន់ពេលវេលាពីសំណាក់ប្រទេសចិននិងឡាវ ហើយការផ្លាស់ប្តូរព័ត៌មានទាំងនេះត្រូវតែធ្វើឡើងក្នុងលក្ខណៈផ្លូវការសម្រាប់រយៈពេលវែង។ ដោយសារមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះផលប៉ះពាល់អវិជ្ជមាននៃទំនប់ទឹក Lancang នៅក្នុងខែតុលា ឆ្នាំ 2020 ប្រទេសចិនក៏បានយល់ព្រមចែករំលែកទិន្នន័យពេញមួយឆ្នាំពីស្ថានីយ៍ជលសាស្ត្រចំនួន២ ជាមួយគណៈកម្មការ MRC។

កាលពីមុន មានតែទិន្នន័យរដូវវស្សាប៉ុណ្ណោះដែលត្រូវបានចែករំលែក។ ទោះជាយ៉ាងណាក៏ដោយក្តីបារម្ភអំពីតម្លាភាព និងពេលវេលានៃទិន្នន័យ ទាក់ទងនឹងប្រតិបត្តិការនៅទំនប់ទឹករបស់ចិននៅតែបន្តកើតមាន។ វិសាលភាពនៃការស្តុកទឹកនៅក្នុងទំនប់របស់ចិនបានធ្វើឱ្យគ្រោះរាំងស្ងួតនៅពេលថ្មីៗនេះមានលក្ខណៈកាន់តែធ្ងន់ធ្ងរ និងកាន់តែអូសបន្លាយនៅក្នុងតំបន់មេគង្គ ហើយបញ្ហានេះនៅតែជាប្រធានបទនៃការជជែកដេញដោល និងជាមូលហេតុដែលជំរុញឱ្យមានតម្លាភាពជាងនេះពាក់ព័ន្ធនឹងប្រតិបត្តិការនៅទំនប់ទឹករបស់ចិន។

រហូតមកដល់ពេលនេះ ប្រទេសចិននៅតែបន្តអះអាងថា «ទំនប់វារីអគ្គិសនីរបស់ខ្លួន បានផ្តល់នូវអត្ថប្រយោជន៍ដល់បណ្តាប្រទេសមេគង្គក្រោមដែលរួមមានដូចជាការកាត់បន្ថយគ្រោះទឹកជំនន់នៅរដូវវស្សា និងការបង្កើនលទ្ធភាពប្រើប្រាស់ទឹកនៅក្នុងអំឡុងគ្រោះរាំងស្ងួត និងនៅរដូវប្រាំង ដែលបាននាំមកនូវការពង្រឹងការធ្វើនាវាចរណ៍ និងការធ្វើពាណិជ្ជកម្មនៅតាមដងទន្លេ»។

ប្រទេសចិនអាចនឹងមិនផ្លាស់ប្តូរការលើកឡើងរបស់ខ្លួនទេ ដោយក្នុងនោះអត្ថបទកាលពីពេលថ្មីៗនេះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយចិនបានវាយបកប្រឆាំងនឹងការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដែលបានរិះគន់វារីអគ្គីសនីរបស់ចិន។ ប្រទេសចិនបានរំលឹកឡើងវិញអំពីអត្ថប្រយោជន៍នៃទំនប់វារីអគ្គីសនី ដោយបានកត់សម្គាល់ថា «ការស្រាវជ្រាវពីសាកលវិទ្យាល័យ Tsinghua បានរកឃើញថា ទំនប់ទឹក Lancang បានជួយបង្កើនលំហូរទឹកនៅរដូវប្រាំង ហើយប្រទេសចិននៅតែជាប្រទេសជិតខាងដ៏ល្អរបស់បណ្តារដ្ឋនៅខ្សែទឹកខាងក្រោម»។

កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តារដ្ឋមេគង្គក្រោមនឹងបន្តផ្តោតលើការចែករំលែកទិន្នន័យ និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស បើទោះបីជាភាព មិនច្បាស់លាស់នៅតែបន្តកើតមាន ពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់ចិនក្នុងការចែករំលែកទិន្នន័យឱ្យបានទាន់ពេលវេលា។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនមិនមែនជាតួអង្គដ៏ធំតែមួយគត់នោះទេ ហើយបញ្ហាទាំងនេះក៏មិនគួរត្រូវបានទាញទៅរកប្រធានបទពាក់ព័ន្ធនឹងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយនោះដែរ។

ភាពស្រដៀងគ្នាមួយជាមួយនឹងជម្លោះនៅសមុទ្រចិនខាងត្បូងគឺ «បណ្តាប្រទេសអាស៊ីអាគ្នេយ៍មិនបានបង្កើតឱ្យមានការរួបរួមនៅក្នុងវិធីសាស្រ្តរបស់ពួកគេ ឆ្ពោះទៅរកការដោះស្រាយបញ្ហាទន្លេមេគង្គនោះទេ» ហើយបណ្តាប្រទេសនៅខ្សែទឹកខាងក្រោមទាំង៤ (៥ ប្រសិនបើរាប់បញ្ចូលទាំងមីយ៉ាន់ម៉ា) ក៏មិនបានព្យាយាមបញ្ចេញសំឡេងរួមគ្នាតែមួយលើបញ្ហាទាក់ទងនឹងការអភិរក្សទន្លេមេគង្គនោះដែរ។

ផ្អែកលើការស្រាវជ្រាវនៅក្នុងប្រទេសថៃនិងកម្ពុជា «ភ្នាក់ងាររដ្ឋាភិបាលដែលទទួលខុសត្រូវលើធនធានជលផល និងធនធានទឹកពិតជាមានការព្រួយបារម្ភចំពោះផលប៉ះពាល់ដែលបង្កឡើងដោយការអភិវឌ្ឍវារីអគ្គិសនី» ក៏ប៉ុន្តែក្តីបារម្ភរបស់ពួកគេមិនទទួលបានការអើពើនោះទេពីសំណាក់ទីភ្នាក់ងាររកចំណូលដែលមានអំណាច ដូចជាទីភ្នាក់ងារថាមពល និងស្ថាប័នរដ្ឋផ្សេងៗទៀត។

រដ្ឋាភិបាលនីមួយៗទទួលបានការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចក្នុងការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ហើយការអភិវឌ្ឍវារីអគ្គិសនីក៏ជាសសរស្តម្ភសេដ្ឋកិច្ចស្នូលមួយផងដែរនៅក្នុងផែនការអភិវឌ្ឍរបស់រដ្ឋាភិបាលឡាវ។ ប្រទេសថៃ កម្ពុជា និងវៀតណាម គឺជាអ្នកបញ្ជាទិញអគ្គិសនី ពីឡាវ ហើយពួកគេក៏បានសាងសង់ទំនប់វារីអគ្គិសនីនៅលើដៃទន្លេមេគង្គផងដែរ។

ក្រុមហ៊ុនថៃនិងវៀតណាម គឺជាអ្នកវិនិយោគនៅក្នុងទំនប់វារីអគ្គិសនីនៅឡាវ ហើយកម្ពុជាក៏ទំនងជាកំពុងដាក់ឱ្យដំណើរការឡើងវិញផងដែរនូវផែនការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំមួយនៅតាមដងទន្លេមេគង្គ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលបានបង្កផលប៉ះពាល់ដល់ទន្លេមេគង្គ ក៏បានកើតមាននៅក្នុងវិស័យផ្សេងៗទៀតផងដែរ ក្រៅតែពីថាមពលដែលរួមមានដូចជាវិស័យកសិកម្ម និងការអភិវឌ្ឍទីក្រុង។

សហគមន៍នៅតាមដងទន្លេ និងស្ថាប័នសង្គមស៊ីវិលនៅក្នុងប្រទេសថៃ, កម្ពុជា និងវៀតណាម គឺជាក្រុមដែលបានបញ្ចេញសំឡេងរិះគន់ខ្លាំងបំផុត ជាមួយនឹងការអំពាវនាវឱ្យមានការថែរក្សាប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃរបស់ទន្លេមេគង្គ ជាពិសេសដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនរាប់លាននាក់ដែល កំពុងពឹងផ្អែកលើ ទន្លេសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

ការកើនឡើងនៃល្បឿននៃការអភិវឌ្ឍវារីអគ្គិសនីដ៏គ្រោះថ្នាក់អាចកើតមានដោយសារតែកង្វះប្រសិទ្ធភាពរបស់គណៈកម្មការ MRC ក្នុងការគ្រប់គ្រងបញ្ហាឆ្លងកាត់ព្រំដែន ហើយមួយផ្នែកអាចបណ្តាលមកពីការរឹតត្បិតជាច្រើនពាក់ព័ន្ធកិច្ចព្រមព្រៀងមេគង្គ ឆ្នាំ ១៩៩៥។

  • ទី១ «ចិនមិនមែនជាសមាជិកនៃ MRC ទេ»,
  • ទី២ «ប្រទេសជាសមាជិកមិនមានសិទ្ធិវេតូលើគម្រោងអភិវឌ្ឍដែលបានស្នើឡើងនោះទេ»,
  • ទី៣ «នីតិវិធីពិគ្រោះយោបល់អាចអនុវត្តបានតែចំពោះគម្រោងនៅលើទន្លេមេប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលគម្រោងនៅតាមដៃទន្លេនោះទេ» និង
  • ទី៤ «ទន្លេនេះត្រូវបានគេចាត់ទុកត្រឹមតែជាផ្លូវទឹក ដោយមិនបានគិតដល់ប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញរបស់វាទេ»។

ទោះយ៉ាងណា គណៈកម្មការទន្លេមេគង្គដែលត្រូវបានបង្កើតឡើងដោយផ្អែកលើច្បាប់ និងបានភ្ជាប់កាតព្វកិច្ចបណ្តារដ្ឋជាសមាជិកទៅនឹងការប្រើប្រាស់ប្រកបដោយសមធម៌នៃទឹកទន្លេមេគង្គ នៅតែផ្តល់នូវក្របខណ្ឌដ៏រឹងមាំក្នុងការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹក បើប្រៀបធៀបនឹងកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ (LMC)។ គណៈកម្មការ MRC បានដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាអ្នកផ្តល់ចំណេះដឹង ហើយពេលខ្លះបានប្រើប្រាស់ជំនាញវិទ្យាសាស្ត្រនេះដើម្បីពង្រឹងអភិបាលកិច្ចធនធានទឹក។

ទោះជាយ៉ាងណាក៏ដោយ ការព្រួយបារម្ភនៅតែបន្តកើតមាន ដោយហេតុថា «សហគមន៍មូលដ្ឋានភាគច្រើនមិនត្រូវបានរាប់បញ្ចូលនៅក្នុងដំណើរការពិគ្រោះយោបល់នោះទេ ហើយដំណើរការទាំងនេះនៅតែរងនូវការរំខានដោយការវាយតម្លៃដ៏អន់លើផលប៉ះពាល់ផ្នែកបរិស្ថាន»។ គណៈកម្មការ MRC ក៏មិនសូវមានឆន្ទៈក្នុងការចេញមុខប្រឆាំងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលអាចបង្កការបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ីនោះដែរ។

ក្រៅពីការអភិវឌ្ឍទំនប់វារីអគ្គិសនី គណៈកម្មការ MRC ក៏អាចជួបប្រទះនឹងបញ្ហាប្រឈមផងដែរក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនៅក្នុងវិស័យផ្សេងៗទៀត ដែលរួមមានកសិកម្ម, ការជីកយករ៉ែខ្សាច់ និងការធ្វើនាវាចរណ៍ ដែលអាចបង្កផលប៉ះពាល់ដល់ការគ្រប់គ្រងធនធានទឹក ជាពិសេសប្រសិនបើវាមិនស្ថិតនៅក្រោមវិសាលភាពនៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥៕

The Diplomat

អត្ថបទទាក់ទង