ខ្មែរប៉ុស្ដិ៍ Close

ក្រសួងដែនដីបានអនុវត្តគម្រោង LASED III ក្នុងតម្លៃទឹកប្រាក់ជាង១លានដុល្លារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 31
ក្រសួងដែនដីបានអនុវត្តគម្រោង LASED III ក្នុងតម្លៃទឹកប្រាក់ជាង១លានដុល្លារ ក្រសួងដែនដីបានអនុវត្តគម្រោង LASED III ក្នុងតម្លៃទឹកប្រាក់ជាង១លានដុល្លារ

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នៅថ្ងៃទី២៤ ខែមិថុនានេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និង ការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)តាមប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធនាគារពិភពលោក តំណាងក្រសួង ស្ថាប័នចំណុះគណៈកម្មាធិការសម្បទានដី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ ចំណុះរដ្ឋបាលខេត្ត រដ្ឋបាលស្រុកនិងឃុំពាក់ព័ន្ធ សហគមន៍ជនជាតិដើមភាគតិច ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអង្គការអន្តរជាតិមួយ ចំនួនទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានថវិកាសរុប ១០៧ លានដុល្លារអាមេរិក ក្នុងនោះឥណទានធនាគារពិភពលោកចំនួន ៩៣លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៤លានដុល្លារ សហការអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សម្រាប់រយៈពេល ៦ឆ្នាំចាប់ ពីខែតុលា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៦។ គម្រោងនេះ អនុវត្តនៅក្នុងភូមិសាស្ត្រខេត្តគោលដៅដែលមានដីសមស្រប និងនៅទីតាំងចំនួន ៧១ ក្នុងនោះ ២៦ទីតាំង សម្រាប់ការងារសម្បទានដីសង្គមកិច្ច និង ៤៥ទីតាំង សម្រាប់សហគមន៍ជនជាតិដើមភាគតិច មានផ្ទៃដីសរុប ៣០ ០០០ហិកតា ក្នុងនោះ ផ្ទៃដីសហគមន៍ជនជាតិដើមភាគតិច ១០ ០០០ហិកតា និងមានអ្នកទទួលផលសរុប ៦ ៥០០គ្រួសារក្នុងនោះសហគមន៍ជនជាតិដើម ភាគតិច ១ ៥០០គ្រួសារ។

សេចក្តីប្រកាសបញ្ជាក់ថា សកម្មភាពរបស់គម្រោងផ្តោតលើការងារសំខាន់ចំនួន ៥ គឺការងារសម្បទានដីសង្គមកិច្ច, ការចុះបញ្ជីដីសហគមន៍ ជនជាតិដើមភាគតិច ការធ្វើផែនការប្រើប្រាស់ដីនៅក្នុងឃុំ, ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគាំទ្រដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់អ្នកទទួលផល។

សូមបញ្ជាក់ថា តាមរយៈការអនុវត្តន៍កម្មវិធីសម្បទានដីសង្គមកិច្ចប្រកបដោយតម្លាភាព និងអភិបាលកិច្ចល្អ គម្រោងបែងចែកដីដើម្បី សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ នឹងផ្តល់ដីសម្រាប់លំនៅឋាននិងដីសម្រាប់កសិកម្ម ដល់ប្រជាជនក្រីក្រ សម្រាប់ ជាទុនក្នុងការចាប់ផ្តើមកសាងជីវភាពរស់នៅនិងបង្កបង្កើនផល។ ជាមួយនេះ គម្រោងនឹងរួមចំណែកសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាមូលដ្ឋាន បណ្តុះបណ្តាលលើការងារកសិកម្ម និងធ្វើការផ្សារភ្ជាប់ជាមួយទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់កម្រិតជីវភាព រស់នៅ កាត់បន្ថយចំណាកស្រុក និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋចូលរួមសម្រេចគោលបំណងនៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដែលជារបៀបវារៈសង្គមសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា៕

អត្ថបទទាក់ទង