លោក ថោង ខុន គាំទ្រ បើមានមហាសន្និបាតអូឡាំពិកអាស៊ីលើកទី៣នៅកម្ពុជា
ឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានអះអាងថា កម្ពុជា នឹងទទួលយកការស្មើសុំ ក្នុងការរៀបចំធ្វើមហាសន្និបាតអូឡាំពិកអាស៊ីលើកទី៣ នៅកម្ពុជានៅឆ្នាំ២០២៣។
(ឯកឧត្ដម ថោង ខុន)
ឯកឧត្ដមរូបនេះបានឲ្យដឹង ក្នុងឱកាសធ្វើមហាសន្និបាតអូឡាំពិកអាស៊ីលើកទី២ កាលពីថ្ងៃម្សិលមិញនេះនៅទីក្រុងភ្នំពេញថា ព្រឹត្តិការណ៍មហាសន្និបាតនេះរៀបចំឡើង ៥ ឆ្នាំម្ដង ហើយកម្ពុជាពិតជាមានក្ដីរីករាយដែលទទួលបានការអនុញ្ញាត ឲ្យមានការធ្វើម្ចាស់ផ្ទះ។ លោកថា ប្រសិនបើមានការស្នើសុំមកកាន់កម្ពុជា នោះប្រទេសមួយនេះ នឹងទទួលយកការស្នើសុំនេះដោយដៃពីរ។
ឯកឧត្ដមប្រធានគណៈកម្មាធិការជាតិរូបនេះបន្ថែមថា កម្ពុជាជាប្រទេសមួយដែលបរទេសចូលចិត្តឲ្យធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ផ្សេង ដោយសារការរៀបចំគឺយកចិត្តទុកដាក់អស់ពីចិត្តពីថ្លើម។ ចំពោះ ៥ ឆ្នាំក្រោយនោះ ពោលគឺជាឆ្នាំសំខាន់របស់កម្ពុជា ដោយរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហេតុនេះបើបានរៀបចំធ្វើមហាសន្និបាតនេះមែនគឺជារឿងល្អមួយផងដែរ។
ការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំមហាសន្និបាតអាស៊ី កម្ពុជាធ្លាប់ទទួលធ្វើម្ដងរួចមកហើយ ដោយកាលលើកទី១ គឺធ្វើឡើងនៅក្រុងសៀមរាប។ ដោយឡែកលើកទី២ នេះគឺធ្វើឡើងនៅក្រុងភ្នំពេញកាលពីម្សិលមិញនេះ ដោយមាន ២៥ ប្រទេសក្នុងតំបន់អាស៊ីចូលរួម៕
ប្រភព៖ Sabay