ខ្មែរប៉ុស្ដិ៍ Close

លោកបណ្ឌិត ថោង ខុន៖ កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ជាមោទនភាពជាតិ និងមិត្តភាពកម្ពុជា-ចិន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 48
លោកបណ្ឌិត ថោង ខុន៖ កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ជាមោទនភាពជាតិ និងមិត្តភាពកម្ពុជា-ចិន លោកបណ្ឌិត ថោង ខុន៖ កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ជាមោទនភាពជាតិ និងមិត្តភាពកម្ពុជា-ចិន

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ CAMSOC បានចាត់ទុកថា ពេលយើងបានទៅពិនិត្យមើលសំណង់កីឡដ្ឋានធំនេះ គឺជាមោទនភាពជាតិ មោទនភាពសម្រាប់ចំណងមិត្តភាពរវាងកម្ពុជា-ចិន ដែលនេះគឺជាអនុស្សាវរីយ៍មួយដ៏ធំធេង នាពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់តទៅកូនចៅខ្មែរយើងតទៅអនាគតផងដែរ។

នេះជាការលើកឡើងរបស់លោក ក្រោយបញ្ចប់ទស្សនកិច្ចពិនិត្យមើលការដ្ឋាន សាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩នេះ ដំណើរការសាងសង់នេះនៅតែបន្តធ្វើយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បី បញ្ចប់តាមគម្រោងនាអំឡុងខែឧសភា ឆ្នាំ២០២១។ ក្រុមហ៊ុនចិនដែលសាងសង់ កីឡដ្ឋានធំ គ្រប់គ្រងកម្មករខ្មែរ-ចិនជាង៥០០នាក់បានល្អណាស់ ក្នុងនោះមានកម្មករខ្មែរជាង៣០០នាក់ ដោយយឺតយ៉ាវតែទៅលើការដឹកជញ្ជូនសម្ភារៈបំពាក់ដំបូលប៉ុណ្ណោះ ដែលត្រូវកុម្ម៉ងមក ពីអាល្លឺម៉ង់ជាដើម។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ដែរថា កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោនឹងបញ្ចប់ការសាងសង់ជាស្ថាពរ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ ដើម្បីបម្រើដល់រៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ក្រោយ ពេលបញ្ចប់ការសាងសាង់នៃកីឡដ្ឋានធំ (Main Stadium) យើងមានសកម្មភាពច្រើនណាស់ ដូចជាពិធីសម្ពោធជាផ្លូវការ ដែលនៅក្នុងពិធីសម្ពោធនេះនឹងមានការប្រកួត មិត្តភាពរវាង កម្ពុជា-ចិន និង សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់ការប្រកួត ជម្រុះ អន្តរជាតិ ក្នុងតំបន់អាស៊ាន ក៏ដូចជាទ្វីបអាស៊ីផ្សេងទៀតអាចយកមកប្រកួត នៅ ពហុ កីឡដ្ឋានជាតិមរតកតេជោ ដើម្បីសាកល្បងនូវទីលានប្រកួតបាល់ទាត់ថ្មី បរិយាកាសថ្មី។ ការ ប្រកួតបាល់ទាត់អន្តរជាតិនានាអាចនឹងចាប់ផ្តើមធ្វើទៅបានពីអំឡុងពាក់កណ្តាលឆ្នាំ២០២១ តទៅ ហើយនៅពហុកីឡដ្ឋានជាតិថ្មីនេះក៏នឹងប្រើប្រាស់សម្រាប់ការប្រកួតជើងឯកថ្នាក់ ជាតិប្រចាំឆ្នាំ របស់សហព័ន្ធកីឡាជាតិមួយចំនួន។ ជារួមការបើកឱ្យកីឡាករ កីឡាការិនី កម្ពុជាឱ្យមកប្រកួតនៅទីនេះ គឺដើម្បីឱ្យបន្សាំខ្លួនទៅនឹងកីឡដ្ឋានថ្មី ក្នុងការបង្កើនគុណផល បច្ចេកទេសរបស់ពួកគាត់ឱ្យបានល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជា ម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

«នៅឆ្នាំ២០២២ កម្ពុជាអាចរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតតេស្តមុនស៊ីហ្គេម (Pre-SEA Games) ដោយបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ចំនួន១០ផ្សេងទៀតអាចបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនតាមប្រភេទកីឡានីមួយៗមកប្រកួតឆ្លាស់គ្នាបាន ដើម្បីឱ្យការប្រើប្រាស់ របស់យើងមាននិរន្តរភាព ក៏ដូចជាជួយផ្តល់ជាបទពិសោធន៍ដល់ការរៀបចំ របស់សហព័ន្ធ កីឡាជាតិនានារបស់កម្ពុជាកាន់តែច្រើនផងដែរ។ ទាំងអស់នេះគឺជាការ ចង្អុលបង្ហាញ និងការ ណែនាំរបស់សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដែលសម្តេចប្រធានតែង តែជំរុញឱ្យ យើងខិតខំធ្វើការដោយ ការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ ទាំងប្រសិទ្ធភាព នៃការរៀបចំ ទាំងប្រសិទ្ធភាពនៃ បច្ចេកទេស។ នៅក្នុងការតាមដាន វាយតម្លៃ និងការកែ សម្រួលផ្សេងៗ ទៀត គឺត្រូវបាន លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC តែងតែធ្វើកិច្ចការទាំងអស់ ជាពិសេសគឺនៅក្នុងកិច្ចប្រជុំជាទៀតទាត់រៀងរាល់សប្តាហ៍តែម្តង»។

នេះជាការលើកឡើងបន្ថែមរបស់លោក វ៉ាត់ ចំរើន ចាប់ពីឆ្នាំ២០២១ តទៅ យើងមានកិច្ចការជាច្រើនដែលត្រូវបន្តធ្វើយ៉ាងសកម្ម ពីព្រោះថា ឆ្នាំ២០២១ គឺជាឆ្នាំចាប់ផ្តើម អនុវត្តន៍ការងារឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយធ្វើកិច្ចការទាំងអស់នេះឱ្យបានរៀបរយ និងហ្មត់ចត់បំផុត ព្រមទាំងជំរុញឱ្យសកម្មភាពការងាររបស់គណៈកម្មការជំនាញទាំង១៤ក្រោមឱវាទ CAMSOC ឱ្យមានការសហការគ្នាកាន់តែល្អ និងកាន់តែមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទទាក់ទង