ខ្មែរប៉ុស្ដិ៍ Close

លោកស្រី យក់ សម្បត្តិ ​៖ កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២លានដូសទៀត នៅចុងខែមិថុនានេះ និង ៣លានដូសទៀត នៅខែកក្កដា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 46
លោកស្រី យក់ សម្បត្តិ ​៖ កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២លានដូសទៀត នៅចុងខែមិថុនានេះ និង ៣លានដូសទៀត នៅខែកក្កដា លោកស្រី យក់ សម្បត្តិ ​៖ កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២លានដូសទៀត នៅចុងខែមិថុនានេះ និង ៣លានដូសទៀត នៅខែកក្កដា

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំង Sinovac ចំនួន ១លានដូស នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះថា កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ២លានដូសទៀត ពីក្រុមហ៊ុនស៊ីណូវ៉ាក់ នៅក្នុងដំណាច់ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។

លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមថា ៖ “យើងក៏នឹងទទួលបានវ៉ាក់សាំងចំនួន ៣លានដូសបន្ថែមទៀត នៅខែកក្កដា ខាងមុខនេះផងដែរ ដោយសម្តេចតេជោ នាយកដ្ឋានមន្ត្រី ក៏បានឯកភាពដ៏ខ្ពង់ខ្ពស់អនុញ្ញាតឱ្យគណៈកម្មការលទ្ធកម្មទិញវ៉ាក់សាំងចំនួន ៣លានដូសបន្ថែមទៀតនេះ ដែលយើងនឹងចុះហត្ថលេខាជាមួយក្រុមហ៊ុន Sinovac ក្នុងពេលឆាប់ៗខាងមុខ”។

ពាក់ព័ន្ធនឹងការប្រកាសរបស់ក្រុមហ៊ុន Sinovac ដែលថាវ៉ាក់សាំងខ្លួនអាចចាក់បានដល់កុមារនោះ លោកជំទាវបានបន្ថែមថា កម្ពុជានឹងពិភាក្សាជាមួយក្រុមហ៊ុនអំពីករណីនេះ ប៉ុន្តែនៅក្នុងដំណាក់កាលនេះ កម្ពុជាផ្តោតលើក្រុមជនដែលជាទិសដៅចាក់ ចាប់ពីអាយុ ១៨ឆ្នាំឡើងសិនទៅប៉ុណ្ណោះ។

គួររម្លឹកថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងនៅទូទាំងប្រទេស សម្រាប់ដូសទី១រួច មានចំនួនសរុប ៣ ២៥៧ ៨៥៧នាក់ និងបានចាក់ដូសទី២រួច មានចំនួនសរុប ២ ៦៦៧ ០៣៧នាក់ ដែលស្មើនឹង ៣២.៥៨% នៃចំនួនប្រជាជនគោលដៅទទួលបានវ៉ាក់សាំងសរុប ១០លាននាក់។

ដោយឡែកគិតត្រឹមថ្ងៃទី១៩ ខែមិថុនានេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនជាង ៩លានដូស រួចមកហើយ ក្នុងនោះ៖

  • វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលបញ្ជាទិញពីប្រទេសចិន មានចំនួន ៥លាន៥សែនដូស
  • វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ដែលជាជំនួយដ៏ថ្លៃថ្លារបស់ប្រទេសចិន មានចំនួន ៣លាន២សែនដូស
  • និងវ៉ាក់សាំងកូវីសែល (Covishield) ដែលទទួលបានអាជ្ញាបណ្ណផលិតដោយ អាស្រ្តាហ្សេនេកា (AstraZeneca) ដែលជាអំណោយអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ (Covax Facility) មានចំនួន ៣សែន២ម៉ឺន៤ពាន់ដូស៕

អត្ថបទទាក់ទង