ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្នបាលស្រុកបន្ទាយស្រី ចុះពិនិត្យឡកុលាលភាជន៍បុរាណនៅជើងភ្នំគូលែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 46
អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្នបាលស្រុកបន្ទាយស្រី ចុះពិនិត្យឡកុលាលភាជន៍បុរាណនៅជើងភ្នំគូលែន អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្នបាលស្រុកបន្ទាយស្រី ចុះពិនិត្យឡកុលាលភាជន៍បុរាណនៅជើងភ្នំគូលែន

រយៈពេល២ថ្ងៃកន្លង​ទៅ​នេះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីសណ្តាប់ឆ្នាប់ និងមន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី និងអាជ្ញាធរភូមិឃុំ បានចុះពិនិត្យទីតាំងឡផលិតកុលាលភាជន៍បុរាណនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលរងការឈូសឆាយពីប្រជាពលរដ្ឋនៅទីនោះ ដើម្បីពូនថ្នល់ចូលដីរបស់ខ្លូន។

អាជ្ញាធរជាតិអប្សរា និងដៃគូស្រាវជ្រាវអន្តរជាតិធ្លាប់បានសិក្សាបុរាណវិទ្យាលើស្ថានីយទ្បដុតកុលាលភាជន៍នេះកន្លងមក និងទើបបានចុះក្នុងបញ្ជីបុរាណដ្ឋានរួចហើយដែរ។ ស្ងានីយនេះជាអតីតកន្លែងផលិតកុលាលភាជន៍បុរាណដើមសម័យអង្គរ ប្រភេទស្រទាប់រលោងពណ៌បៃតងដែលផ្តើមផលិតនៅរវាងសតវត្សទី៩-១០នៃគ.ស។ កុលាលភាជន៍ប្រភេទនេះធ្លាប់ប្រទះឃើញតាមស្ថានីយ៍កំណាយផ្សេងៗក្នុងខេត្តសៀមរាប តំបន់ផ្សេងៗ និងនៅភាគខាងត្បូងប្រទេសវៀតណាមសព្វថ្ងៃ។

ថ្មីៗនេះមានការឈូសឆាយធ្វើថ្នល់ចូលសហគមន៍របស់អ្នកស្រុកក្នុងតំបន់ ដោយកាត់តាមជើងនៃទីទួលទ្បមួយផ្នែក ដោយបានប៉ះពាល់ជើងទួលផ្នែកខាងលិចមួយចំហៀង។ តាមការពិនិត្យជាក់ស្តែង ការឈូសឆាយធ្វើផ្លូវនៅផ្នែកខាងលិច បានយកដីមួយផ្នែកនាជើងទួល មិនទាន់បានប៉ះពាល់ដល់រចនាសម្ព័ន្ធនិងគ្រឿងបង្គុំទ្បទេ។ ប៉ុន្តែបានប៉ះពាល់ដល់គំនរអំបែងភាជន៍និងសំណល់ដែលសល់ពីទ្បចាស់ ដែលបានកាយមកទុកនៅជើងទួល។

វិធានការណ៍បន្ទាន់មួយ ត្រូវបានដាក់ចេញដោយមន្រ្តីសណ្តាប់ឆ្នាប់ សហការជាមួយអាជ្ញាធរមូលដ្ឋាន គឺបានដាក់របាំងការពារ និងហាមឃាត់ការឈូសឆាយបន្ត និងអប់រំណែនាំប្រជាជនរស់នៅក្បែរស្ថានីយឲ្យជួយអភិរក្សស្ថានីយនេះ។ វិធានការណ៍បន្ទាប់ ដោយមានការឯកភាពពីរដ្ឋបាលស្រុក គឺស្នើឲ្យអាជ្ញាធរមូលដ្ឋានកាយប្រមូលដីដែលបានយកពីជើងទួល ពូនកន្លែងខូចខាតទ្បើងវិញ និងថ្នល់ថ្មីត្រូវរក្សាគម្លាតទីទួលបុរាណនេះ។ ក្នុងពេលខ្លីខាងមុខ អាជ្ញាធរជាតិអប្សរា នឹងរៀបចំបោះបង្គោលព្រំការពារបុរាណដ្ឋានទាំងនេះ ដោយសហការជាមួយរដ្ឋបាលស្រុកដើម្បីបញ្ជៀសការឈូសឆាយ ដើម្បីអភិរក្សនិងលើកតម្លៃស្ថានីយនេះឲ្យបានគង់វង្ស។

បន្ថែមលើនេះ ស្ថាប័នទាំងពីរនឹងរៀបចំឲ្យមានវេទិកាអប់រំដល់ប្រជាពលរដ្ឋមូលដ្ឋានអំពីសារសំខាន់ លក្ខណៈពិសេស និងតម្លៃប្រវត្តិសាស្ត្ររបស់តំបន់ ដើម្បីឲ្យសហគមន៍មូលដ្ឋានចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌរួមគ្នា៕

អត្ថបទទាក់ទង