ខ្មែរប៉ុស្ដិ៍ Close

គួរឲ្យសរសើរផង! គួរឲ្យអាណិតផង! ជិះកង់ចម្ងាយ ១២០០ គីឡូម៉ែត្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៥ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 64
គួរឲ្យសរសើរផង! គួរឲ្យអាណិតផង! ជិះកង់ចម្ងាយ ១២០០ គីឡូម៉ែត្រ គួរឲ្យសរសើរផង! គួរឲ្យអាណិតផង! ជិះកង់ចម្ងាយ ១២០០ គីឡូម៉ែត្រ

ក្រោម​​កម្ដៅ​​ថ្ងៃ ​​ក្ដៅ​​ហែង​​ អម​​​ដោយ​​​សម្ភារៈ​  រូបថ​ត​ពន្យល់​ពី​របៀប​​កែ​​ច្នៃ​សំរាម និង​​ពាក្យ​​ស្លោក​អ​​ប់រំ​​ពី​​សំរាម​ កុមារា​ម្នាក់​​បាន​ស្ម័គ្រចិត្ត​ជិះ​​កង់​ឆ្លង​កាត់​​ពី​ខេត្ត​មួយ​​ ឆ្លង​ទៅ​ខេត្ត​មួយ​ ​​ក្នុង​ចម្ងាយ​ដី​ជាង ១​ ២០០​គីឡូម៉ែត្រ​​ជុំ​វិញ​បឹង​ទន្លេ​សាប ដោយ​ចំណាយ​​រយៈពេល ​២៥ថ្ងៃ​ ដើម្បី​ផ្សព្វផ្សាយ​ពី​បរិស្ថាន​ និង​ការ​កែច្នៃ​សំរាម។ កុមារា​​​ រី សាន់ទៀក វ័យ១៤ ឆ្នាំ​​​​បច្ចុប្បន្ន​ គឺជា​សិស្ស​ថ្នាក់​ភាសា​អង់គ្លេស​ និង​កុំ​ព្យូទ័រ​​​នៅ​សាលា​ដូង​គិរីរម្យ​។

ចាប់​ចេញ​ដំណើរ​កាល​ពីថ្ងៃទី ១ ខែ​មេសា ​ពី​​ចំណុច​​​គល់​ស្ពាន​​ជ្រោយ​ចង្វា ក្រុង​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ ​ខេត្ត​បាត់ដំបង ពោធិ៍សាត់​ កំពង់​ឆ្នាំ​ង​ និង​វិល​មក​ភ្នំពេញ​ បេសកកម្ម​ជិះ​​កង់​មាន​គ្នា​ពីរ​នាក់​ ​​ដឹក​នាំ​ ដោយ​លោក​ អ៊ុក វណ្ណដេ ស្ថាបនិក​សាលា​ដូង​​ ដែល​គេ​ស្គាល់​ថា ជា​«មនុស្ស​សំរាម»។ សកម្មភាព​ជិះ​កង់​នេះ​បាន​បញ្ចប់​​​កាល​ពីថ្ងៃទី​២៥ ខែ​មេសា​កន្លង​មក​។

កុមារា​ រី សាន់ទៀក ​​​ឲ្យ​ដឹង​ថា​ខ្លួន​មាន​អារម្មណ៍​រីករាយ ដែល​​បាន​ចូលរួម​ក្នុង​សកម្មភាព​ជិះកង់​​​ដោយ​ជោគជ័យ​ បើ​ទោះ​ជា​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ច្រើន​ និង​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​យ៉ាង​ណាក្តី​។ ប៉ុន្តែ​កុមារា​រូប​នេះ​​ ​ជឿជាក់​លើ​ភាព​​​អត់​ធ្មត់ និង​ការ​តស៊ូ ​​ព្រមទាំង​បាន​លើក​ឡើង​ថា ​​​អ្នក​ផ្សេង​ទៀត​ក៏​អាច​ធ្វើ​បាន​ដែរ។​ «ខ្ញុំ​ជួប​ឧបសគ្គ​ច្រើន​ ធ្វើដំណើរ​ថ្ងៃ​ដំបូង​​ខ្ញុំ​រមួល​ក្រពើ និង​មាន​អាការ​គ្រុន ​បាន​អ្នក​ស្រុក​ជួយ​កោសខ្យល់​ឱ្យ​។ មួយ​ទៀត​ធាក់​កង់​ចាញ់​ខ្យល់​ និង​ប្រឈម​អាកាសធាតុ​ក្ដៅ​ខ្លាំង។ ប៉ុន្តែ ខ្ញុំ​អាច​ទ្រាំ​បាន​ …ខ្ញុំ​គិត​ថា បើ​មាន​ការ​អត់​ធ្មត់​​​​គ្រប់​គ្នា​នឹង​អា​ច​ទៅ​ដល់​​គោល​ដៅ​ដូចគ្នា​»។​កុមារា​ដដែល​បន្ថែម។​

​​​​​​ខិត្តប័ណ្ណ ​និង​​ឡូហ្គោ (​Logo) ​ជាង ​១​ពាន់​​សន្លឹក​ត្រូវ​បាន​ សាន់​ទៀក ​​ចែក​​ដល់​​ប្រជា​ពលរដ្ឋ និង​​បិទ​នៅ​តាម​កន្លែង​​ចោល​​សំរាម​​ដែរ ពេល​ធ្វើ​ដំណើរ​ ។ ទោះ​យ៉ាង​ណា​ សំរាម​នៅតែ​​ត្រូវ​បាន​បោះ​ចោល​ពាសវាលពាសកាល​ពិសេស​ការ​​​បោះចោល​សំរាម​ពី​អ្នក​ដំណើរ​ជិះ​ម៉ូតូ​ និង​រថយន្ត​ទំនើប​មួយ​ចំនួន។  ​

លោក​ អ៊ុន វណ្ណ​ដេ ស្ថាបនិក​សាលា​ដូង​​ បាន​ថ្លែង​ថា ​មូល​ហេតុ​ដែល​លោក​នាំ​​កុមារា​ សាន់​ទៀក​ ជិះ​​កង់​ ព្រោះ​លោក​សង្កេតឃើញ​កុមារា​នេះ​មាន​ការ​អត់​ធ្មត់​ និង​អាច​ជិះ​កង់​ឡើង​​ចុះ​​ភ្នំ​គិរីរម្យ​រាល់​ថ្ងៃ ។ ការ​ជិះកង់​មិន​​ត្រឹម​ធ្វើ​ឱ្យ​រាងកាយ​យើង​មាំ​មួន​ទេ ប៉ុន្តែ​ការ​អាច​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ផង​ដែរ។  លោក​ថា ពេល​​​ជិះកង់​ថ្ងៃ​ដំបូង សាន់​ទៀក មាន​​​អាការ​រមួល​ក្រ​ពើ​ ​ហើយ​នៅ​ថ្ងៃ​បន្ទាប់ ​​គឺ​អាច​​ជិះ​កង់​បាន​រហូត​ដល់​ចប់​។ ​​​ក្នុង​បេសកកម្ម​ជិះកង់​នេះ​លោក អ៊ុក​ វណ្ណដេ ​​និង​កុមារា សាន់​ទៀក​ បាន​​សុំ​​ផ្ទះ​​អ្នក​ភូមិ​​ស្នាក់​នៅ និ​ង​ផ្ដល់​​លុយ ១​ម៉ឺន ៥​ពាន់​រៀល ​ឲ្យ​ម្ចាស់​ផ្ទះ​​សម្រាប់​​អាហារ​​មួយ​​ពេល។​

នៅ​តាម​ផ្ទះ​​អ្នក​ភូមិ ដែល​ស្នាក់​​នៅ ​គឺ​​លោក​​តែង​​ចាក់​​បញ្ចាំង​វីដេអូ​​អំពី​​របៀប​​កែ​ឆ្នៃ​សំរាមឲ្យអ្នក​ភូមិ​បាន​ទស្សនា​​។ លោក​បាន​​កោត​សសើរ​ចំពោះ​​កុមារា​ សាន់​ទៀក ថា ពិតជា​អាច​ជម្នះ​នូវ​ការ​លំបាក​ និង​អត់​ធ្មត់​ខ្ពស់​។ ​ប្រសិន​ថ្ងៃ​ក្រោយ​​ សាន់​ទៀក ​យក​ការ​អត់ធ្មត់​នេះ​ ទៅ​អនុវត្ត​ទៅ​លើ​ការ​សិក្សា​ និង​ការ​ចាប់​ផ្ដើម​អ្វីមួយ​លោក​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​​។

​ ស្ថាបនិក​សាលា​ដូង​​ និង​ជា​អ្នក​ដឹក​នាំ​ជិះ​កង់​ ដើម្បី​បរិស្ថាន​​​ អ៊ុន វណ្ណ​ដេ ថា កម្ពុជា​ត្រូវ​ការ​ពេល​វេលា​ចន្លោះ​ពី​​ ១០ ឆ្នាំ​ទៅ​ ១៥ ឆ្នាំ​ទៀត​ ដើម្បី​ផ្សព្វផ្សាយ និង​អប់រំ​ ដើម្បី​ឈាន​ទៅ​​​​​កែប្រែ​ឥរិយាបថ​ពលរដ្ឋ​​ ទាក់ទង​នឹង​ការ​បោះចោល​សំរាម​ ហើយ​អ្វី​ដែល​ចាំបាច់​ គឺ​ត្រូវ​​មាន​ការអប់រំ​តាំង​ពី​កុមារ​ភាព​មក​។ «ពេល​​ជិះ​កង់​ ខ្ញុំ​មាន​អារម្មណ៍​ថា​ ម្នាក់​ៗ​ហាក់​ចាត់​ទុក​ដង​ផ្លូវ​ជា​កន្លែង​បោះចោល​សំរាម​បាត់​ទៅ​ហើយ​​ ព្រោះ​មិន​ថា​​អ្នក​ជិះ​ម៉ូតូ​ ឬ​ឡាន​ទំនើប​ទេ គឺ​គាត់​មាន​ទម្លាប់​បោះ​ចោល​សំរាម​​ ដោយ​មិន​ខ្វល់​អ្វី​ទាំងអស់​»។ លោក​បន្ថែម។

វិល​មក​កុមារា រី​ សាន់​ទៀក បាន​បន្ថែម​ថា ការ​​ជិះ​កង់​​នេះ​ ពិត​ជា​បាន​ផ្ដល់​បទ​ពិសោធន៍​​ជា​​ច្រើន និង​បាន​ប្ដេជ្ញា​ចិត្ត​​ថា ​នឹង​​ធ្វើ​ខ្លួន​​ឱ្យ​​ក្លាយ​​ជា​យុវជន​​ល្អ​មួយ​រូប​ ក្នុង​កិច្ច​​​​ការពារ​បរិស្ថាន​ស្អាត ហើយ​បាន​អំពាវនាវ​សុំ​ឱ្យ​ពលរដ្ឋ​ទាំង​អស់​​ទុក​ដាក់​សំរាម​បាន​ត្រឹមត្រូវ ដើម្បី​បរិស្ថាន​ស្អាត៕

 

ប្រភព៖ Sabay