អភិបាលខេត្តកែប ជម្រាបជូនឯកអគ្គរដ្ឋទូតកូរ៉េប្រចាំប្រទេសកម្ពុជា ពីការអភិវឌ្ឍរបស់ខេត្តទាំងមូល
កែប៖ ដើម្បីសិក្សាស្វែងយល់ពីសក្តានុពល និងការអភិវឌ្ឍដ៏លឿនរបស់ខេត្តកែប ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ បានមកបំពេញទស្សនកិច្ចសិក្សាជាផ្លូវការនៅខេត្តកែប។ កិច្ចជំនួបនេះ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានបង្ហាញជូននូវប្រវត្តិខេត្តចាប់តាំងពីសម័យសង្គមរាស្រ្តនិយម រហូតមកដល់បច្ចុប្បន្ន ដែលថ្នាក់ដឹកនាំខេត្តកែប បានឆ្លងកាត់ពុះពារដើម្បីអភិវឌ្ឍន៍ខេត្ត រីកចម្រើនមកដល់ដំណាក់កាលនេះ ។
ក្នុងនោះលោកអភិបាលខេត្ត ក៏បានបង្ហាញជូនគណៈប្រតិភូ បានដឹងពីសក្តានុពលធម្មជាតិ ការងារអភិវឌ្ឍន៍ខេត្ត និងបញ្ហាប្រឈមដែលខេត្តមិនទាន់បានដោះស្រាយចប់។ លោកបានឱ្យដឹងថា ខេត្តកែបជាខេត្តទេសចរណ៍ធម្មជាតិដែលមានកោះ ឆ្នេរសមុទ្រ ឧទ្យានជាតិ និងធនធានធម្មជាតិជាច្រើនទៀត ដែលជាសត្តានុពលដ៏សំខាន់ ដែលថ្នាក់ដឹកនាំខេត្តត្រូវតែរក្សាអោយបាននូវសម្បត្តិធម្មជាតិទាំងនេះ ។
បន្ទាប់ពីបានស្តាប់ពីការអភិវឌ្ឍរួចមក លោកអគ្គរដ្ឋទូតកូរ៉េប្រចាំប្រទេសកម្ពុជា ក៏បានលើកឡើងពីបញ្ហាប្រឈមដែលខេត្តកែប កំពុងតែជួបប្រទះ ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ វិស័យកសិកម្ម ប្រព័ន្ធទឹកស្អាត ជាពិសេសកាប្រើប្រាស់ថាពលសម្រាប់បំភ្លឺសាធារណៈ ៕