រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការម៉ាស៊ីនកាយសំរាមដោយស្វ័យប្រវត្តិ និងចម្រឹងដែកទប់សំរាម នៅស្ថានីយបូមទឹកផ្សារចាស់ និងស្ថានីយបូមទឹកចតុម្មុខ
រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ ដែលមានទំហំមុខកាត់ ១ម៉ែត្រ ១ម៉ែត្រកន្លះ ២ម៉ែត្ររហូតដល់ ២ម៉ែត្រខ្លះជាដើម ។ បន្ថែមពីលើនេះទៀត រដ្ឋបាលរាជធានីភ្នំពេញនូវបានសហការជាមួយអង្គការ JICA ដោយបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងៗទៀត ដើម្បីរំដោះទឹកជំនន់នៅក្នុងរាជធានីភ្នំពេញផងដែរ។
ជាក់ស្ដែងសម្រាប់ពេលនេះអាជ្ញាធររាជធានីភ្នំពេញ បានសហការជាមួយអង្គការចៃកា ដាក់ឱ្យដំណើរការម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិមុខចម្រឹងដែក ទប់សំរាមស្ថានីយបូមទឹកផ្សារចាស់ និងស្ថានីយបូមទឹកចតុម្មុខ ដើម្បីឱ្យលំហូរទឹកអាចហូរបានទាន់ពេល មកកាន់ស្ថានីយបូម និងអាងស្តុកទឹកក្រោមដី កាត់បន្ថយបានទឹកជន់លិចនៅរដូវវស្សានេះ។
មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា លោក Toshika zu TOKIOKA លេខាទី១ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោកស្រី Aya TOKUMOTO តំណាងអង្គការ JICA និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី ៣ ខែមិថុនា ឆ្នាំ២០២១ បានដាក់ឱ្យដំណើរការម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិ មុខស្ថានីយបូមទឹកផ្សារចាស់ និងស្ថានីយបូមទឹកចតុម្មុខ ដោយសារសំរាមជាឧបសគ្គបាំងបិទ សម្រាស់ ស្ថានីយ ធ្វើឱ្យលំហូរទឹកមិនអាចហូរទាន់ពេលមកដល់ស្ថានីយបូម និងអាងស្តុកទឹកក្រោមដី។
មន្ត្រីរដ្ឋបាលរាជធានីបានបញ្ជាក់ថា គិតមកដល់ពេលនេះ ម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិថ្មីចំនួន៤កន្លែង ក្នុងចំណោម៥កន្លែង បានដាក់ឱ្យដំណើរការ ដែលនឹងកាត់បន្ថយទឹកជន់លិចនៅតំបន់មុខព្រះបរមរាជវាំង ផ្សារកណ្តាល ផ្សារថ្មី វាលមេរុហ៍ ផ្លូវលេខ១៩ ផ្លូវលេខ១៥៤ ផ្លូវលេខ១៤៤ ផ្លូវលេខ១៣ និងមួយផ្នែកតំបន់ខាងកើត និងខាងត្បូងវត្តភ្នំ ក្នុងខណ្ឌដូនពេញ ។
គួរបញ្ជាក់ថា នេះជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ជំហានទី៤ របស់អង្កា JICA៕