ខ្មែរប៉ុស្ដិ៍ Close

លោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមទ័ព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែមិថុនា ឆ្នាំ២០២១ កីឡា - សុខភាព 219
លោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមទ័ព លោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមទ័ព

អតីតគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Lee Tae Hoon ដែលជាជនជាតិកូរ៉េខាងត្បូង ត្រូវបានសមាគមកីឡាបាល់ទាត់កងយោធពលខេរមភូមិន្ទ ប្រកាសតែងតាំងជាអ្នកចាត់ការផ្លូវការ របស់ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ (ឬក្លិបទ័ព) និងស្វាគមន៍ភាពជាដៃគូថ្មីជាមួយក្រុមហ៊ុន EVA ទឹកកកអនាម័យព្រីមៀម នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១ នៅសណ្ឋាគារ សូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ ម្សិលមិញនេះ។

លោក Lee Tae Hoon ថ្លែងថា លោកពិតជារីករាយ ដែលបានមកធ្វើការនៅប្រទេសកម្ពុជាម្តងទៀតក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្រុមដ៏ល្អមួយនៅក្នុងស្រុក។ លោកធ្លាប់មានអនុស្សាវរីយ៍យ៉ាងច្រើននៅកម្ពុជា នៅពេលដែលលោកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ហើយលោកតែងតែនឹករលឹកប្រទេសកម្ពុជា ទោះបីជាលោកទៅបម្រើការងារនៅកន្លែងផ្សេងក៏ដោយ។ អតីតគ្រូបង្វឹកជម្រើសជាតិរូបនេះបានប្រាប់ទៀតថា សមាគមកីឡាបាល់ទាត់កងយោធពលខេរមភូមិន្ទ បានបង្ហាញឱ្យលោកឃើញពីចក្ខុវិស័យមួយដ៏វែងឆ្ងាយ ដែលនេះជាអ្វីដែលលោកចង់បាន។ លោកប្តេជ្ញាថានឹងខិតខំប្រឹងប្រែងដឹកនាំក្លិបឱ្យអស់ពីលទ្ធភាព ហើយកសាងគ្រឹះថ្មីមួយទៀតដ៏រឹងមាំបំផុត។

លោកបានបញ្ចេញទស្សនៈក្នុងការដឹកនាំរបស់លោក ទៅលើការអភិវឌ្ឍយុវជននៅក្លិបទ័ពនេះ ព្រោះលោកដឹងថា នៅទីនេះសម្បូរធនធានយុវជនច្រើន ហើយលោកមានឆន្ទៈបណ្តុះបណ្តាលពួកគេ ឱ្យក្លាយជាកីឡាករអាជីព ដ៏ល្បីឈ្មោះសម្រាប់អនាគត ពិសេសសម្រាប់អនាគតក្រុមជម្រើសជាតិកម្ពុជា ផងដែរ។

លោក ខូវ ឆាយ អគ្គលេខាធិការ ក្លិបទ័ពរីករាយយ៉ាងខ្លាំង ដែលទទួលបានអ្នកចាត់ការថ្មីដែលពោរពេញទៅដោយបទពិសោធន៍ ហើយលោកនៅតែជឿថា សម្រាប់ក្លិបរបស់លោក ការបណ្តុះថ្នាលយុវជន គឺជារឿងសំខាន់ជាទីបំផុត ជាងការចំណាយថវិកាទិញកីឡាករល្អៗមកពង្រឹងក្លិប ដែលនេះគឺជាគោលការណ៍របស់ក្លិបតាំងតែពីដើមមក។

សូមបញ្ជាក់ថា ក្លិបទ័ពបានចុះកិច្ចព្រមព្រៀងរយៈពេល២ឆ្នាំជាមួយ លោក Lee Tae Hoon។ មុនពេលមកក្លិបទ័ព លោក Lee បានដឹកនាំក្លិប HOANG ANH Gia Lai FC នៅក្របខ័ណ្ឌលីគទី១ របស់ប្រទេសវៀតណាម រយៈពេល១រដូវកាល ២០១៩-២០២០ ក្នុងតួនាទីជានាយកបច្ចេកទេស។ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះ ជាអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា ចាប់ពីឆ្នាំ២០១០-២០១២។ ក្រោយមកគ្រូបង្វឹករូបនេះ ត្រូវបានតែងតាំងដឹកនាំជម្រើសជាតិកម្ពុជា ម្ដងទៀតនៅឆ្នាំ២០១៣ ដល់២០១៦ មុននឹងមកដឹកនាំជម្រើសជាតិអាយុក្រោម១៥ឆ្នាំ ពីឆ្នាំ២០១៦ ដល់២០១៨៕

បញ្ចេញមតិ

អត្ថបទទាក់ទង