ផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត សម្រេចបានជាង ៩៨ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ
ភ្នំពេញ:ក្រសួងសាធារណការបានឱ្យដឹងថា គិតរហូតមក ទល់ពេលនេះ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត សម្រេចបានជាង៩៨ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរនិងការដឹក ជញ្ជូនឱ្យកាន់តែប្រសើរឡើង ដែលជំរុញដល់កំណើនសេដ្ឋកិច្ច ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត សម្រេចបាន៩៨,០៤ភាគរយហើយ ។ បច្ចុប្បន្ននេះ ក្រសួងកំពុងខិតខំប្រឹងប្រែងយកចិត្តទុក ដាក់ពន្លឿនការងារបំពាក់កា មេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយ ។ដោយឡែក ស្ពានអាកាសថ្មើរជើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ឋិតនៅម្ដុំត្រាំខ្នារគ្រោងនឹងបញ្ចប់ការងារទាំង ស្រុងនៅចុងខែមិថុនា ឆ្នាំ ២០២១ខាងមុខ ។
ឯកឧត្តមបានបញ្ជាក់ថា ផ្លូវ ជាតិលេខ៣នេះ ត្រូវបានសាងសង់ឡើងដោយបានគិតគូរលក្ខណៈបច្ចេកទេសយ៉ាងល្អិតល្អន់ ដោយសារផ្លូវនេះមានរោងចក្រ សហគ្រាស អាជីវកម្មជាច្រើនពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូន ដោយប្រើប្រាស់ផ្លូវនេះ ដើម្បីអាស្រ័យផលក្នុងនោះមានការត្រៀមលក្ខណៈទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ដើម្បីថែរក្សាគុណភាពផ្លូវឱ្យបានរឹងមាំ ។
ផ្លូវនេះ ក៏មានការរៀបចំឱ្យមានការបើករបាំងសម្រាប់បត់ត្រឡប់ក្រោយ មួយចំនួន ដើម្បីឆ្លើយតបជាមួយនឹង ប្រជាពលរដ្ឋដែលត្រូវការបត់ចុះបត់ឡើង និង មានការរៀបចំកន្លែងចំណតយានយន្តមួយចំនួននៅតាមទីប្រជុំជន ដើម្បីសម្រួល និងបង្កលក្ខណៈ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យគាត់ស្រួលចត និងកាត់បន្ថយការកកស្ទះចរាចរណ៍សងខាងផ្លូវ និងមានស្ពានអាកាសឆ្លងកាត់ផ្លូវសម្រាប់អ្នកថ្មើរជើងនៅតាមទីតាំងចាំបាច់ និងស្របតាមបច្ចេកទេស ក្នុងទិសដៅរក្សាបាននូវល្បឿនអតិបរិមាដែលបានកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។
លើសពីនេះទៀត ឯកឧត្តមបានបញ្ជាក់ថា ផ្លូវនេះត្រូវបានតុបតែងលម្អ ដោយការដាំដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ ដែលមិនត្រឹមតែអាចជួយបន្ថយភាពនឿយហត់របស់អ្នកបើកបរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអារម្មណ៍ស្រស់ស្រាយ និងរីករាយសម្រាប់អ្នកដំណើរផងដែរ ហើយក្នុងនោះក៏មានការបំពាក់កាមេរ៉ាល្បឿនចំនួន១៤គ្រឿងផងដែរតាមបណ្តោយផ្លូវ ដើម្បីក្រើនរំលឹកដល់អ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍ និងរួមគ្នារក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវថ្នល់ឱ្យបានល្អ និងធានាសុវត្ថិភាពខ្ពស់។ ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទផ្លូវ បេតុងកៅស៊ូ (AC) បែងចែកជាពីរដំណាក់កាល ដែលដំណាក់កាលទីមួយ ពីចោមចៅ-បែកគូស ប្រវែង ៦៩គីឡូម៉ែត្រ (ត្រូវបានពង្រីកពី ២កន្លងទៅ៤កន្លង និងមានសួរច្បារកណ្តាលទ្រូងផ្លូវ) និងដំណាក់កាលទីពីរ បែកគូស- ក្រុងកំពត ប្រវែង ៦៥គីឡូ ម៉ែត្រ (ពង្រីកជា២គន្លង ដោយ១គន្លងទៅ ១គន្លងមក)។
សូមបញ្ជាក់ថា គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត មានប្រវែងប្រមាណ ១៣៤គីឡូម៉ែត្របានបើកការដ្ឋានសាងសង់ និងស្តារឡើងវិញ កាលពីថ្ងៃខែឧសភា ឆ្នាំ២០១៨ គ្រោងចំណាយទឹកប្រាក់ប្រមាណជាង ២០០ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋា ភិបាលកម្ពុជា៕