អាជ្ញាធរខេត្តកំពង់ឆ្នាំង បានលើកទឹកចិត្តឱ្យកសិករពង្រីករបរកសិកម្មបន្ថែមទៀតនៅក្នុងរដូវវស្សានេះ ដើម្បីឱ្យជីវភាពកាន់តែល្អប្រសើរ
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទខេត្តកពង់ឆ្នាំង បានមាន ប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា អាជ្ញាធរខេត្តកំពង់ឆ្នាំងបានជំរុញដល់ប្រជាកសិករទាំងអស់ឱ្យពង្រីករបរកសិកម្មបន្ថែមទៀត ដើម្បីអាចរកចំនូលបន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ជៀសវាងការធ្វើចំណាកស្រុក ទៅធ្វើការនៅប្រទេសគេ ដោយទុកដីទំនេរចោល ជាពិសេសការធ្វើបែបនេះអាចកាត់ផ្តាច់នូវការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ថែមទៀតផង។ លោកបានបន្តថា នៅក្នុងខេត្តកំពង់ឆ្នាំង ប្រជាកសិករអាចធ្វើការដាំដុះដំណាំស្រូវក៏ដូចជាបន្លែផ្សេងៗ ទទួលបាននូវលទ្ធផលល្អ ដោយសារតែអាកាសធាតុអំណោយផល និងមានទីផ្សារល្អ ទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ក៏ដោយ។
ជាមួយគ្នានោះ ខាងមន្ទីរតែងតែបណ្តុះបណ្តាល និងផ្តល់បច្ចេកទេសដល់ប្រជា កសិករទាំងអស់ ឱ្យពួកគាត់ធ្វើយ៉ាងណាបង្កើនការដាំដុះឱ្យបានល្អ ចេះជ្រើសរើសពូជណា ដែលឆាប់ទទួលបាន ផល និងងាយយកទៅលក់នៅលើទីផ្សារផងដែរ។
“និយាយជារួម ពាក់ព័ន្ធនឹងមន្ទីរកសិកម្ម យើងបានធ្វើការផ្សព្វផ្សាយ និងជំរុញកសិករនៅតាមបណ្ដាស្រុកនីមួយៗ ហ្នឹងគឺអាចប្រើឱ្យអស់នៅសក្តានុពលនៃដី ជំរុញឱ្យវិស័យកសិកម្មនេះ ឧបមាថាដីនេះ គាត់អាចដាំស្រូវលែងបាន គឺជំរុញឱ្យគាត់ដាំដំណាំបន្លែចឹងទៅ និងដំណាំផ្សេងៗទៅ កុំឱ្យគាត់ដាំស្រូវដដែល អ៊ីចឹងទិន្នផលទាបពេក គឺយើងជំរុញធ្វើយ៉ាងណាឱ្យវិស័យកសិកម្មយើងមានការកើនឡើង”។
សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តកំពង់ឆ្នាំងរហូតមកដល់ពេលនេះ ការងារបង្កបង្កើនផលស្រូវរដូវវស្សាបានចំនួនជាង៦០០០០ហិកតា នៅលើផែនការសរុប១២២០០០ហិកតា ស្មើ៥០ភាគរយរួចហើយ និងមានការកើនឡើងជាងឆ្នាំមុនជិត១០០០០ហិកតា៕