សាលារាជធានីភ្នំពេញ អនុញ្ញាតបើកផ្សាររដ្ឋឡើងវិញនៅថ្ងៃចន្ទសប្តាហ៍ក្រោយ តែបន្តបិទផ្សារមិនរៀបរយ
ផ្សាររដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ នឹងត្រូវអនុញ្ញាតឲ្យបើកឡើងវិញទាំងអស់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ខាងមុខ លើកលែងតែផ្សារមិនរៀបរយទាំងអស់។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃព្រហ្បតិ៍ម្សិល។ ការប្រកាសបើកឲ្យដំណើរការឡើងវិញនូវផ្សាររដ្ឋទាំងអស់នៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ នៅភ្នំពេញ ត្រូវគេមើលឃើញថា មានភាពធូរស្បើយ ហើយសភាពការណ៍នេះ ត្រូវបានអាជ្ញាធរឈានទៅគ្រប់គ្រងបានជាបណ្តើរៗ។
ទោះជាផ្សាររដ្ឋទាំងអស់នឹងត្រូវអនុញ្ញាតឲ្យបើកឡើងវិញ ក៏ផ្សារមិនរៀបរយមួយចំនួននៅតែមានការហាមឃាត់ដដែលរួមមាន៖ ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចញ្ចើមផ្លូវជាដើម ដោយអាជ្ញាធររាជធានីភ្នំពេញ អះអាងថាជាការបន្ដបង្ការ និងទប់ស្កាត់ការរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ការបើកឲ្យដំណើរការផ្សាររដ្ឋទាំងអស់ឡើងវិញ អ្នកគ្រប់គ្រងផ្សារ និងអាជីវករត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ដូចជាអនុញ្ញាតឲ្យលក់នូវមុខទំនិញ ដែលជាគ្រឿងឧបភោគ បរិភោគតម្រូវការប្រចាំថ្ងៃប៉ុណ្ណោះ ហើយអាហារ និងភេសជ្ជៈ ត្រូវលក់ដោយអនុវត្តតាមការវេចខ្ចប់។ ក្រៅពីនេះ អាជីវករ និងអតិថិជន រួមនឹងអ្នកពាក់ព័ន្ធឯទៀត ទាំងអស់គ្នាត្រូវគោរពតាមវិធានសុខាភិបាលជាដាច់ខាត ដូចជាការពាក់ម៉ាស និងគម្លាតសុវត្ថិភាពសង្គមជាដើម។ ជាមួយគ្នានេះ សេចក្តីណែនាំរបស់សាលារាជធានី ក៏មានភាពម៉ឺងម៉ាត់ដែរ តម្រូវឲ្យអាជ្ញាធរធ្វើការផាកពិន័យធ្ងន់ធ្ងរតាមច្បាប់ ដោយគ្មានការលើកលែងពី ២០ម៉ឺនរៀល ទៅ១លានរៀល ចំពោះអ្នកល្មើសនឹងបម្រាមសុខាភិបាល៕