ខ្មែរប៉ុស្ដិ៍ Close

របាយការណ៍លើកឡើងថា ៖ អ៊ីនធឺណិតនៅមីយ៉ាន់ម៉ាក្លាយទៅជាសមរភូមិសប្បនិម្មិត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ បច្ចេកវិទ្យា 223
របាយការណ៍លើកឡើងថា ៖ អ៊ីនធឺណិតនៅមីយ៉ាន់ម៉ាក្លាយទៅជាសមរភូមិសប្បនិម្មិត របាយការណ៍លើកឡើងថា ៖ អ៊ីនធឺណិតនៅមីយ៉ាន់ម៉ាក្លាយទៅជាសមរភូមិសប្បនិម្មិត

យោងតាមរបាយការណ៍របស់ក្រុមជួយសង្រ្គោះវិបត្តិអន្តរជាតិ (International Crisis Group) បានឲ្យដឹងថា «មេដឹកនាំយោធារបស់ប្រទេសភូមាកំពុងព្យាយាមដាក់កម្រិតលើការចូល ប្រើប្រាស់អ៊ិនធឺណិត ដោយអនុញ្ញាតឱ្យចូលប្រើតែវេបសាយមួយ ចំនួនដែលត្រូវបានដាក់នៅក្នុងបញ្ជីសុវត្ថិភាព (whitelisted)» ដើម្បីគាបសង្កត់ទៅលើក្រុមប្រឆាំងដែលចង់ដណ្តើមអំណាចរបស់ពួកគេ។

របបយោធាបានយកប្រព័ន្ធអ៊ិនធឺណិតធ្វើជា «សមរភូមិសប្បនិម្មិត» (Virtual Battlefield) ប៉ុន្តែក៏ត្រូវជួបប្រទះនឹងបញ្ហាជាច្រើនក្នុងការគ្រប់គ្រង ដោយសារតែខ្លួនខ្វះសមត្ថភាពផ្នែកបច្ចេកវិទ្យា ខណៈពេលដែលក្រុមហ៊ុនបណ្តាញសង្គមមួយចំនួន ដូចជាហ្វេសប៊ុក បានដាក់ការហាមឃាត់មកលើមន្រ្តីយោធានិងស្ថាប័នរបស់រដ្ឋាភិបាលជាច្រើន។

របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានកត់សម្គាល់អំពីការរឹតបន្តឹងសេរីភាពមកលើក្រុមប្រឆាំងតាមអនឡាញ និងការរំលោភបំពានលើបណ្តាញសង្គមដើម្បីធ្វើការផ្សព្វផ្សាយឱ្យមានការស្អប់ខ្ពើមប្រជាជនម៉ូស្លីមភាគតិចនៅភាគខាងលិចរដ្ឋរ៉ាក់ឃីននៃប្រទេសមីយ៉ាន់ម៉ា ក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាលជាប់ឆ្នោតលោកស្រី Aung San Suu Kyi ដែលត្រូវបានបណ្តេញចេញក្រោយ រដ្ឋប្រហារថ្ងៃទី១ កុម្ភៈ។ ចាប់តាំងពីពេលនោះមក អាជ្ញាធរបានដាក់ចេញវិធានអនុញ្ញាតឱ្យប្រើប្រាស់អ៊ិនធឺណិត តែនៅពេលយប់ ហើយបានព្យាយាមដាក់កម្រិតក្នុងការចូលទៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។

ក្រុមហ៊ុនទូរគមនាគមន៍អន្តរជាតិ ដូចជាក្រុមហ៊ុន Telenor របស់ប្រទេសន័រវែស និងអាជីវកម្មផ្សេងៗ ទៀតបានធ្វើការតវ៉ាចំពោះវិធានការនេះ ដោយពួកគេបានលើកឡើងថា «ជាការធ្វើឱ្យសកម្មភាពអាជីវកម្មរបស់ពួកគេធ្លាក់ចុះ»។

រដ្ឋប្រហារនេះបាន បង្កភាពរំខានដល់រដ្ឋាភិបាលស៊ីវិលដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ បន្ទាប់ពីការគ្រប់គ្រងរបស់របបយោធាអស់រយៈពេលជាច្រើនទសវត្សរ៍ ក្រោយពីបានទទួលឯករាជ្យពីចក្រភពអង់គ្លេស។

សកម្មភាពនេះក៏បានធ្វើឱ្យមានការខឹងសម្បារផងដែរ ពីសំណាក់យុវជនភូមាជំនាន់ថ្មី ដែលបានធំធាត់ជាមួយនឹងសេរីភាពទំនាក់ទំនង ដោយមានទូរស័ព្ទដៃ, ប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ៊ិនធឺណិត ខណៈប្រទេសនេះបានឈានដល់យុគសម័យប្រើប្រាស់ទូរស័ព្ទចល័តនិងពឹងផ្អែកយ៉ាងខ្លាំងទៅលើ សេវាកម្មអ៊ីនធឺណិត ។

របបយោធាបាន បញ្ជាឱ្យក្រុមហ៊ុនប្រតិបត្តិទូរស័ព្ទចល័ត និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតធ្វើការរឹតត្បិតលើការចូលប្រើប្រាស់គេហទំព័រ និងការប្រើប្រាស់បណ្តាញអ៊ីនធឺណិតសប្បនិម្មិត ឬ VPN ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងលើប្រព័ន្ធអ៊ិនធឺណិត។ របបនេះក៏បានដាក់កំហិតឱ្យមានតែការ ប្រើប្រាស់អ៊ីនធឺណិតតាមរយៈខ្សែអុបទិក ដើម្បីធ្វើឱ្យមានប្រជាជនតែមួយចំនួនប៉ុណ្ណោះដែលអាច ប្រើប្រាស់បាន។

របាយការណ៍របស់ក្រុមជួយសង្រ្គោះវិបត្តិអន្តរជាតិបាននិយាយថា យុវជនដែលមានបទពិសោធន៍ផ្នែកបច្ចេកវិទ្យាច្រើនរូប បានចូលរួមនៅក្នុងចលនាបះបោរស៊ីវិល ប្រឆាំងនឹងរដ្ឋប្រហារ ហើយបើទោះបីជាប្រទេសចិនបានជួយអភិវឌ្ឍលើបញ្ហានេះអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយនោះ ក៏ពេលនេះរបបយោធានៅតែមិនមានសមត្ថភាពក្នុងការត្រួតពិនិត្យនិងហាមឃាត់ពួកគេមិនឱ្យចូលទៅកាន់គេហទំព័រទាំងនោះបាននោះទេ។

ផ្ទុយទៅវិញ របបយោធាបាននិងកំពុងអភិវឌ្ឍន៍ប្រព័ន្ធអ៊ីនធឺណិតផ្ទៃក្នុង (Intranet) ដែលអ្នកដែលប្រើទូរសព្ទអាចចូលប្រើប្រាស់បានតែកម្មវិធីមួយចំនួនដែលត្រូវបានអនុម័ត ឬបញ្ចូលក្នុងបញ្ជីសុវត្ថិភាពតែប៉ុណ្ណោះ។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Telenor ដែលជាក្រុមហ៊ុនទូរសព្ទចល័តរបស់បស្ចឹមប្រទេសតែមួយគត់ នៅប្រទេសមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍ជំទាស់ទៅនឹងនិន្នាការបែបនេះ។

ក្រុមហ៊ុន Telenor បានលើកឡើងថា «ការភ្ជាប់ទំនាក់ទំនងល្អប្រសើរជាងមុនរបស់មីយ៉ាន់ម៉ាត្រូវបាន បង្កើតឡើងដោយផ្អែកលើបទពិសោធន៍រួមនៃបណ្តាប្រទេសស្ទើរតែទាំងអស់។ ការធ្វើបញ្ជីសុវត្ថិភាពបែបនេះគឺពិតជាមិនអាចផ្តល់ផលប្រយោជន៍ដូចការបើកទូលាយឱ្យប្រើប្រាស់អ៊ីនធឺណិតនោះទេ។ ដូចនេះគំនិត នេះគួរតែត្រូវបោះបង់ចោល»។

ការប៉ាន់ស្មានរបស់ ក្រុមហ៊ុន KPMG បានកត់សម្គាល់ឱ្យឃើញថាការពង្រីកលទ្ធភាពដើម្បីទទួលបានការប្រាស្រ័យទាក់ទងតាមទូរស័ព្ទចល័ត និងតាមរយៈអ៊ីនធឺណែតបានជំរុញកំណើនសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាបានច្រើនជាង ៥%។

ថ្មីៗនេះក្រុមហ៊ុន Telenor បានប្រកាសអំពីការវិនិយោគនៃអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលមានតម្លៃប្រហែល ៧៨០លានដុល្លារ។ ប៉ុន្តែក្រុមហ៊ុនបាន បញ្ជាក់ថាខ្លួនមិនមានគម្រោងដកខ្លួននោះទេហើយពេលនេះនៅតែមានអតិថិជនកើនឡើងបន្ថែមទៀតផងដែរ។

អាជ្ញាធរមីយ៉ាន់ម៉ាកំពុងតែព្យាយាមក្នុងការបង្ហើយសេចក្តីលម្អិតនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខតាមតាមអ៊ីនធឺណិតដែលនឹងធ្វើឱ្យអាជីវកម្មរបស់បរទេស និងក្រុមដទៃទៀតមានហានិភ័យកាន់តែខ្ពស់ក្នុងការធ្វើជំនួញនៅក្នុងប្រទេសនេះ ។

របាយការណ៍របស់ក្រុមវិបត្តិអន្តរជាតិបានជម្រុញ ឲ្យក្រុមហ៊ុន និងរដ្ឋាភិបាលដើម្បីធានាថាពួកគេនឹងមិនចូលរួមធ្វើតាមយោធា ដើម្បីធ្វើការគ្រប់គ្រងលើអ៊ិនធរណេត និងគាបសង្កត់លើការប្រឆាំងឡើយ។

សេចក្តីថ្លែងការណ៍បានលើក ឡើងថា រដ្ឋាភិបាលគួរតែឈានទៅដាក់ការ ហាមឃាត់លើអាវុធ ដើម្បីជៀសវាងការផ្គត់ផ្គង់បច្ចេកវិទ្យាអាវុធដល់យោធាដើម្បីបង្ក្រាបទៅលើការប្រឆាំងខាងនយោបាយ៕ The Diplomat