ខ្មែរប៉ុស្ដិ៍ Close

ដើមឆ្នាំ២០២១នេះ ក្រសួងព័ត៌មានរកឃើញព័ត៌មានក្លែងក្លាយជាង ៥០០ករណី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 84
ដើមឆ្នាំ២០២១នេះ ក្រសួងព័ត៌មានរកឃើញព័ត៌មានក្លែងក្លាយជាង ៥០០ករណី ដើមឆ្នាំ២០២១នេះ ក្រសួងព័ត៌មានរកឃើញព័ត៌មានក្លែងក្លាយជាង ៥០០ករណី

គិតត្រឹមត្រីមាសទី១ក្នុងឆ្នាំ២០២១ គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានរកឃើញមានការប្រឌិតព័ត៌មានក្លែងក្លាយចំនួន ៥២៥ករណី ដែលបានកើតមាននៅក្នុងប្រទេសកម្ពុជា ដែលការប្រឌិតព័ត៌មានទាំងនេះច្រើនតែធ្វើឡើងនៅតាមបណ្តាញសង្គម Facebook, Youtube និង Tik ToK។ បើតាមលោក ផុស សុវណ្ណ អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានអះអាងថា អ្នកប្រឌិតព័ត៌មានទាំងអស់នេះ គឺត្រូវបានអប់រំណែនាំ ធ្វើកិច្ចសន្យា និងខ្លះទៀតត្រូវបានកសាងសំណុំរឿងទៅកាន់តុលាការ។

លោក ផុស សុវណ្ណ បានបន្តថា ក្នុងចំណោមបទល្មើស ៥២៥ករណីនោះ មានដូចជា ករណីញុះញង់រិះគន់រដ្ឋាភិបាល និងប្រឌិតព័ត៌មានបំភ្លៃការពិតចំនួន១៩៩ករណី ជេរប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចំនួន២១៧ករណី ព័ត៌មានមិនពិតបំពុលសង្គមចំនួន៧៥ករណី និងព័ត៌មានមិនពិតក្នុងបណ្តាញសង្គមផ្សេងៗទៀតតាម Tik Tok Youtube មានចំនួន៣២ករណី។

ទន្ទឹមនោះ លោក ផុស សុវណ្ណ ក៏បានអំពាវនាវដល់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម ប្រើប្រាស់ឱ្យបានត្រឹមត្រូវចៀសវាងការចែករំលែកបន្តនូវព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ដែលអាចនាំឱ្យមានបញ្ហាដល់គ្រួសារ និងខ្លួនឯងផ្ទាល់៕

អត្ថបទទាក់ទង