ខ្មែរប៉ុស្ដិ៍ Close

មកស្គាល់ប្រាសាទតាមន្តធំ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអាទិត្យ ទី២ ខែឧសភា ឆ្នាំ២០២១ វប្បធម៌ & ប្រវត្តិសាស្រ្ដ 238
មកស្គាល់ប្រាសាទតាមន្តធំ មកស្គាល់ប្រាសាទតាមន្តធំ

ប្រាសាទតាមន្តធំ គឺជាស្នាដៃល្អឯករបស់បុព្វបុរសខ្មែរ ស្ថិតនៅលើជម្រាលនៃជួរភ្នំដងរែក ស្ថិតនៅក្នុងឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្ដរមានជ័យ ឈមនឹងឃុំបាក់ដៃ ស្រុកភ្នំដុងរ៉ាក់ ខេត្តសុរិន្ទរបស់សៀម។

ប្រាសាទនេះត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី១១ ពីថ្មបាយក្រៀមលាយថ្មភក់ដោយព្រះបាទសុរិយវរ្ម័នទី១ បែរមុខទៅទិសខាងត្បូងតម្រូវទៅតាមភូមិសាស្ត្រខ្ពង់រាបនៅតំបន់នោះ ដែលមានចម្រាក់បែរទៅខាងត្បូង។ ប្រាសាទនេះប្រកបទៅដោយក្បូរក្បាច់រចនាដ៏ល្អប្រណីត ហើយមានប្រជាប្រិយភាពគួរជាទីចាប់អារម្មណ៍បំផុត។ ភាពអស្ចារ្យនៃប្រាសាទតាមន្តធំល្បីរន្ទឺនៃសាសនស្ថាននេះគឺ បណ្ដាលមកពីកត្តាជាច្រើនយ៉ាង ដូចជា ភាពវិសេសវិសាលនៃទីតាំងប្រាសាទ និងស្ថានភាពភូមិសាស្ត្រដោយគួបផ្សំទៅនឹងជំនឿលើអច្ឆរិយវត្ថុ ក្នុងប្រព័ន្ធគំនិតខ្មែរនាសម័យមហាអង្គរដែលនៅដិតដាមជាប់នៅឡើយ ក្នុងទំនៀមទម្លាប់របស់អ្នកស្រុកសៀមដើមកំណើតខ្មែរនៅក្នុងប្រទេសសៀមសព្វថ្ងៃនេះ។

ទេវស្ថានដ៏មានសារសំខាន់នេះគឺជាក្រុមប្រាសាទតូចធំជាច្រើនមានប្រាង្គនៅចំកណ្ដាលធំជាងគេតំណាងឲ្យភ្នំសុមេរុ ដែលជាចន្ទល់នៃចក្រវាលក្នុងលោកធាតុវិទ្យាឥណ្ឌា ខ្មែរ ហើយក៏ជាកន្លែងដ៏ស័ក្តិសិទ្ធិជាងគេផងដែរ។ ភាពសក្តិសិទ្ធិនៃប្រាសាទតាមន្តធំនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរតាមរយៈថ្មធម្មជាតិមួយដែលមាន លក្ខណៈសើមដោយខ្សែទឹកដែលផុសចេញពីបាតភ្នំ។

ពេលធ្វើដំណើរដល់ជើងភ្នំ ភ្ញៀវទេសចរនឹងបានឃើញទេសភាពដ៏ស្រស់ត្រកាល នៃជួរភ្នំដងរែក ដើមឈើមានមែកត្រឈឹងត្រឈៃពណ៌ខៀវស្រងាត់ ជាពិសេសផ្កាត្របែកព្រៃភ្នំមានពណ៌ស្វាយច្រើន ស្អេកស្កះ។

នៅជិតគ្នានោះមានភ្នំកំព្រា និងភ្នំបេះដូង ដែលសម្បូរ ដោយផ្កាត្របែកព្រៃរីកព្រោងព្រាតស្ទើរ ពេញព្រៃភ្នំ។ រថយន្តដែលទៅដល់ជើងភ្នំត្រូវ ឈប់សំចតនៅទីនោះ រួចគេអាចបន្តដំណើរដោយថ្មើរជើង ឡើងភ្នំតាម ផ្លូវបេតុង ចម្ងាយកន្លះគីឡូម៉ែត្រដែលខ្ពស់ ចោតខ្លាំងបន្តិច ឬគេអាចជិះម៉ូតូឌុបក៏បាន ដែលគិតទាំង ការជូនឡើងភ្នំ និងចុះភ្នំថ្លៃ ១០.០០០ រៀល។

នៅក្បែរផ្លូវឡើងទៅ ភ្នំតាមន្តមាន រោងលោកតាព្រះភក្ត្រ៨ សម្រាប់ឱ្យភ្ញៀវ ដែលមានជំនឿ ចូលធ្វើការ បន់ស្រន់ ទៅតាមបំណងរបស់គេ។ ពេលឡើងដល់លើភ្នំ គេនឹងបានឃើញប្រាសាទតាមន្តធំ បង្ហាញរូបរាង នៅ លើទីវាលស្រឡះធំទូលាយ ទំហំប្រមាណជាកន្លះហិកតា ដោយមានជញ្ជាំង កំពែងថ្មព័ទ្ធជុំវិញ។

គេត្រូវឡើងតាមជណ្តើរចោត ដែលមានកាំដើម្បីទៅដល់តួប្រាសាទនោះ ហើយអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ គឺមានកងទ័ពខ្មែរ និងសៀមម្ខាងៗ មានគ្នា ៥ នាក់ នៅមើលការ ខុសត្រូវទីនោះ ប៉ុន្តែពុំឃើញមានកាន់អាវុធឡើយ។ ប្រាសាទតាមន្តធំមានក្បាច់ចម្លាក់តិចតួច និងមានការខូចខាតច្រើនបង្គួរ ដែលគេអាចសន្និដ្ឋានថាជាប្រាសាទបុរាណកសាងតាំងពីសតវត្សរ៍ទី ១១ ក្នុងរជ្ជកាល ព្រះបាទសូរ្យវរ្ម័ន តែក៏មាន អ្នកខ្លះគិតថា កសាង តាំងពីសត វត្សរ៍ទី ៩ ឬ ១០ ម៉្លេះ។

អ្នកដែលបានទៅឃើញផ្ទាល់ភ្នែក ពិតជាមានក្តីស្រណោះចំពោះប្រាសាទបុរាណដែលស្ថិតនៅលើភ្នំដងរែកនេះពន់ពេកណាស់។ កងទ័ពទាំងសងខាង ដែលនៅមើលការពារប្រាសាទបុរាណនេះ គឺម៉ោង ៩ ព្រឹកទើបនាំគ្នាឡើងទៅកាន់ទីប្រាសាទ ទល់នឹងម៉ោង ៣ រសៀល នាំគ្នាចុះមកវិញ។ ភ្ញៀវដែលបានចូលទៅទស្សនាប្រាសាទតាមន្តគឺមានចូលទាំងពីរច្រក បើចូលពីខាងសៀមត្រូវបានខាងទាហានសៀមជាអ្នកជូនដើរមើល ហើយបើខាងខ្មែរ គឺកងទ័ពខ្មែរ ជូនដើរមើលដោយពុំមានបញ្ហាអ្វីឡើយ។

ឈ្មោះប្រាសាទ តាមន្ត ត្រូវបានគេយល់ថា គឺជាពាក្យក្លាយមកពីឈ្មោះដើម «ប្រាសាទវេទមន្ត»។ ពេលភ្ញៀវទស្សនាប្រាសាទតាមន្តរួចរាល់ គេក៏បន្តដំណើរ ទៅកាន់ប្រាសាទតាក្របី ទៀតដោយមានផ្លូវចាក់បេតុង ឡើងរហូតដល់លើភ្នំក្បែរប្រាសាទតែម្តង៕

អត្ថបទទាក់ទង