រដ្ឋបាលខេត្តកណ្តាលកំពុងពន្លឿនការយកសំណាកកម្មករនិយោជិតនៅតាមរោចក្រទាំងអស់នៅក្នុងមូលដ្ឋានស្រុកអង្គស្នួល
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញដល់ក្រុមការងារពាក់ព័ន្ធឱ្យពន្លឿនការយកសំណាកកម្មករ និយោជិតតាមរោចក្រទាំងអស់ នៅក្នុងមូលដ្ឋានស្រុកអង្គស្នួល ខណៈការសង្ស័យមានប្រហែលជិត២.៧០០នាក់។
ថ្លែងក្នុងឱកាសចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរស្រុកអង្គស្នួល កំពុងឈរជើងប្រចាំការនៅ រោងចក្រ ម៉ាស្ទ័រ អេន ហ្វ្រែង ដែលត្រូវបានប្រែក្លាយជាទីកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងជាមណ្ឌលចត្តាឡីស័ក សម្រាប់អ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ កាលពីយប់ថ្ងៃទី២៧ ខែមេសា លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ក្រុមការងារពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពន្លឿនការយកសំណាកកម្មករនិយោជិតនៅគ្រប់រោងចក្រទាំងអស់នៅក្នុងមូលដ្ឋានស្រុកអង្គស្នួល និងបន្តគ្រប់គ្រងកំណត់មុខសញ្ញាអ្នកសង្ស័យពាក់ព័ន្ធផ្ទាល់ដើម្បីយកសំណាកធ្វើតេស្ត និងនាំយកមកធ្វើចត្តាឡីស័កនៅទីតាំងមណ្ឌល។ រីឯអ្នកពាក់ព័ន្ធប្រយោល ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយមានការការពារគ្រប់គ្រង ឃ្លាំមើលពីកម្លាំងសមត្ថកិច្ច និងប្រជាការពារឱ្យបានហ្មត់ចត់។ ជាមួយគ្នានេះ អាជ្ញាធរ ក៏ត្រូវតែប្រមូលយកក្រុមអ្នកបើកបររថយន្តដឹកកម្មករ និងបុគ្គលិកផ្នែកអនាម័យ ធ្វើតេស្តរកមេរោគកូវីដ-១៩ផងដែរ ហើយបើពួកគាត់មិនចូលរួមសហការជាមួយអាជ្ញាធរនោះទេ នឹងមិនអនុញ្ញាតឱ្យពួកគាត់បន្តប្រកបរបរនេះបន្តទៀតបានទេ។
គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ មានកម្មករនិយោជិតធ្វើការនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅក្នុងមូលដ្ឋានស្រុកអង្គស្នួល ជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ដោយផ្ទាល់ និងប្រយោលចំនួន ២.៦៥៩នាក់ ក្នុងចំណោមចំនួន៦រោងចក្រ បន្ទាប់ពីរកឃើញករណីចម្លងទៅលើកម្មករនិយោជិតនៅក្នុងរោងចក្រចំនួនពីរលើកដំបូង គឺរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្តារម៉ាស្ទ័រ អេន ហ្វ្រែង ស្ថិតក្នុងឃុំពើក និងរោងចក្រកាត់ដេរសម្លៀកបំពាក់ បូវឃើរ ស្ថិតក្នុងឃុំបែកចាន។
សូមបញ្ជាក់ថា នៅក្នុងស្រុកអង្គស្នួល មានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ចំនួន១១៦រោងចក្រ និងមានកម្មករ-កម្មការិនីធ្វើការជាង៦ម៉ឺននាក់៕