ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ត្រៀមរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួនពីរបន្ថែម នៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ និងអគារវិមានពិភពថ្មី សែនសុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 40
ក្រសួងសុខាភិបាល ត្រៀមរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួនពីរបន្ថែម នៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ និងអគារវិមានពិភពថ្មី សែនសុខ ក្រសួងសុខាភិបាល ត្រៀមរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួនពីរបន្ថែម នៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ និងអគារវិមានពិភពថ្មី សែនសុខ

លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះបានបញ្ជាក់ថា អ្នកឧកញ៉ា ហុង ពីវ និងអ្នកឧកញ៉ា លី យ៉ុងផាត់ បានប្រគល់អគាររៀបមង្គលការ ដែលស្ថិតនៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ និងអគារវិមានពិភពថ្មី សែនសុខ ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីចាត់ចែងសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩។

លោកស្រី យក់ សម្បត្ដិ ថ្លែងបន្ដថា «អគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ អាចដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ បានចំនួន ពី ១០០០-១៥០០គ្រែ សម្រាប់អគារវិមានពិភពថ្មី សែនសុខ អាចបានចំនួនជាង៨០០គ្រែ»។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ថា នៅព្រឹកមិញនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានដឹកនាំក្រុមការងារយើង ដើម្បីចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំ ជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅអគារវិមានពិភពថ្មី សែនសុខ រួចរាល់ហើយ។ នៅពេលរសៀលនេះ នឹងបន្ដចុះពិនិត្យរៀបចំនៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ។

លើសពីនោះ លោកស្រី យក់ សម្បត្ដិ បានថ្លែងទៀតថា គិតមកត្រឹមថ្ងៃនេះ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល មានចំនួន ៧ទីតាំងហើយ គឺមាននៅ វិទ្យាល័យជាស៊ីម សាមគ្គី ដាក់ព្យាបាលអ្នកជំងឺ ចំនួន ២៦០គ្រែ អគារម៉ូឌែន ដាក់អ្នកជំងឺជាង ២៣០គ្រែ អគារនៅពោធិ៍ចិនតុង ១៦០គ្រែ អគារការកោះពេជ្រ ដែលជាអំណោយរបស់ អ្នកឧកញ៉ា ពុង ឃាងសែ ចំនួន ៨០០គ្រែ វិទ្យាល័យជម្ពូវ័ន្ដ ជិត៧០គ្រែ អគារវិមានពិភពថ្មី សែនសុខ របស់អ្នកឧកញ៉ា ហុង ពីវ ចំនួនជាង៨០០គ្រែ និងនៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ ចំនួន ពី ១០០០-១៥០០គ្រែ៕

អត្ថបទទាក់ទង