ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ បានបើកមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត ចំនួន៤ទីតាំងបន្ថែមទៀត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 55
ក្រសួងការងារ បានបើកមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត ចំនួន៤ទីតាំងបន្ថែមទៀត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រសួងការងារ បានបើកមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត ចំនួន៤ទីតាំងបន្ថែមទៀត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកដំណើរការមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានា សមាគមនិយោជក និងបងប្អូនកម្មករនិយោជិតតាមរោងចក្រ សហគ្រាស ជាជនជាតិខ្មែរ និងបរទេស ចំនួន៤ទីតាំងបន្ថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន សួនឧស្សាហកម្មវឌ្ឍនៈ១ (ផ្លូវវេងស្រេង), រោងចក្រសិនចូវ(ផ្លូវវេងស្រេង), សួនឧស្សាហកម្មវឌ្ឍនៈ២(ផ្លូវជាតិលេខ៣), និងរោងចក្រ Marvel។ សម្រាប់សប្ដាហ៍ទី២ ខែមេសានេះ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកមណ្ឌលចាក់វ៉ាក់សាំងទាំងអស់សរុបចំនួន ៨មណ្ឌលរួចហើយ។

យុទ្ធនាការចាក់វ៉ាក់សាំងនេះរៀបចំឡើងដោយអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ សំដៅធានាឱ្យបាននូវសុខភាពសារធារណៈ សុខុមាលភាព សុវត្ថិភាព និងការពារអាយុជីវិត មន្ត្រីរាជការ សហជីព និយោជក និងបងប្អូនកម្មករនិយោជិតទាំងអស់គ្នា។ ដំណើរការនៃការផ្តល់វ៉ាក់សាំងបានប្រពឹត្តិទៅដោយរលូន ប្រកបដោយស្មារតីអនុគ្រោះកម្រិតខ្ពស់ រក្សាឱ្យបាននូវសុវត្ថិភាព អនុវត្តតាមវិធានការណ៍ និងស្របគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់។

លោក ហេង សួរ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ឱ្យដឹងថា៖ « មណ្ឌលចាក់វ៉ាក់សាំងចំនួន ៤ ទីតាំងដែលបានបើកបន្ថែម នៅថ្ងៃនេះ អាចនឹងចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតប្រមាណ ៣៥០០ នាក់ ក្នុងមួយថ្ងៃបន្ថែមទៀត ។ ដូចនេះ ទាំង៨មណ្ឌល យើងនឹងអាចចាក់វ៉ាក់សាំងជូនកម្មករនិយោជិតប្រមាណ ៧០០០នាក់ក្នុងមួយថ្ងៃ។ ហើយបើតាមផែនការដែលបានគ្រោងទុក ចាប់ពីសប្តាហ៍ក្រោយទៅ យើងគ្រោងនឹងពង្រីកមណ្ឌលចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីអាចចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតឱ្យបាន ១០ ០០០ ទៅ១២ ០០០នាក់ក្នុងមួយថ្ងៃ។

លោក ហេង សួរ បានបញ្ជាក់បន្ថែមថា នៅរាជធានីភ្នំពេញសម្រាប់ខែមេសានេះ នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី បានផ្តល់វ៉ាក់សាំង ចំនួន២០ម៉ឺនដូសសម្រាប់ផ្ដល់ជូន បងប្អូនកម្មករ ហើយបន្ទាប់ពីរាជធានីភ្នំពេញ គឺខេត្តកណ្តាលដែលជាខេត្តអាទិភាព ដែលយើងត្រូវចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិត ព្រោះខេត្តនេះមានភាពប្រទាក់ក្រឡាគ្នា មានការចេញចូលចម្រុះ ដូច្នេះយើងត្រូវគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់យើងឲ្យបានរឹងមាំជាមុនសិន ទើបយើងពង្រីកមណ្ឌលចាក់វ៉ាក់សាំងទៅកាន់ខេត្តដទៃទៀតជាបន្តបន្ទាប់ក្នុងនោះមាន ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តតាកែវ ជាខេត្តគោលដៅដែលយើងកំណត់ជាខេត្តអាទិភាពបន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ទន្ទឹមនេះដែរលោកក៏បានអំពាវនាវ និងលើកទឹកចិត្តឲ្យបងប្អូនកម្មករនិយោជិតដែលមិនទាន់បានចុះឈ្មោះចាក់វ៉ាក់សាំង សូមមេត្តារួសរាន់ចុះឈ្មោះជាមួយរដ្ឋបាលរោងចក្ររបស់ខ្លួន និងរង់ចាំទទួលកម្មវិធីផ្តល់វ៉ាក់សាំងតាមការរៀបចំរបស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីការពារខ្លួន ការពារក្រុមគ្រួសារ និងការពារសហគមន៍យើង កុំឱ្យជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ វាយលុកចូលទៅក្នុងខ្លួនយើង ផ្ទះរបស់យើង និងសង្គមជាតិរបស់យើង ដែលអាចបង្កមហន្តរាយយ៉ាងធំដល់សុខភាពសាធារណៈ ក៏ដូចជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិរបស់យើងផងដែរ។

ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ លទ្ធផលនៃការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ទទួលបានលទ្ធផលដូចខាងក្រោម៖
– អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៩ ១១៦នាក់(បរទេសចំនួន ៣៤៨នាក់)
– ចាក់បានចំនួន ៨ ៨៧៥នាក់(បរទេសចំនួន ៣៤៨នាក់)
– គ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន ២៤១នាក់(បរទេសចំនួន ០នាក់)។

ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតជូន លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងចាត់ចូលជាក្រុមអាទិភាព ជាពិសេសបងប្អូនកម្មករនិយោជិតដែលជាគោលដៅងាយរងគ្រោះ ងាយឆ្លង និងងាយចម្លងជម្ងឺកូវីដ-១៩។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ ក៏សូមថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល សមាគមរោងចក្រកាត់ដេរ (GMAC) ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានដឹកនាំ ប្រតិបត្តិការ និងចូលរួមក្នុងយុទ្ធនាការនេះ ៕

អត្ថបទទាក់ទង