រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿង សម្រាប់ដឹកយានយន្តឆ្លងកាត់ពីកោះពេជ្រទៅកោះនរា ដេីម្បីកាត់បន្ថយការកកស្ទះចរាចរណ៍
រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿង សម្រាប់ដឹកយានយន្តឆ្លងកាត់ពីកោះពេជ្រទៅកោះនរា ដេីម្បីកាត់បន្ថយការកកស្ទះចរាចរណ៍
នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យលោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងអភិបាលខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងតំណាងក្រុមហ៊ុន អភិវឌ្ឍន៏ទីក្រុងកោះពេជ្រ រៀបចំសាឡាងចំនួន០២គ្រឿង ដេីម្បីយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ២០:០០យប់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌចំការមន និងខណ្ឌច្បារអំពៅ ។
ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញសេចក្តីជូនដំណឹង ស្តីពីការជួសជុលស្ពានព្រះមុនីវង្សចាស់ឆ្លងកាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៧ ខែ មករាឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះបានបញ្ចប់ការជួសជុលកម្រាលថ្មើរជើង បង្កាន់ដៃស្ពាន និងកំពុងរៀបចំផ្លាស់ប្តូរបង្គោលភ្លើងបំភ្លឺផ្លូវចាស់ចេញ ដោយដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវថ្មីជំនួសវិញ។ ចំពោះមុខនេះការដ្ឋាននឹងចាប់ផ្តើមដំណើរការជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មី ដែលការងារនេះចាំបាច់ត្រូវបិទចរាចរណ៍លើស្ពានព្រះមុនីវង្សចាស់ជាបណ្តោះអាសន្នរយៈពេល០៣ថ្ងៃ ចាប់ពីម៉ោង ០៨:០០នាទីព្រឹកថ្ងៃទី ០៨ ខែ មេសាដល់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២១។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យចរាចរណ៍លើស្ពានព្រះមុនីវង្សចាស់ជាធម្មតាឡើងវិញ។
សេចក្ដីជូនដំណឹងបានឱ្យដឹងទៀតថា អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និង ទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តដោយត្រូវពង្វាងចរាចរណ៍មកស្ពានព្រះមុនីវង្សថ្មី ដែលស្ពានព្រះមុនីវង្សថ្មីនេះ នឹងដាក់ឱ្យធ្វើចរាចណ៍ទ្វេទិសជាបណ្តោះអាសន្ន។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និង ទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍លើផ្លូវជាតិលេខ១ អាចពង្វាងចរាចរណ៍ទៅផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវថៃហ្គ័រ) ដើម្បីចៀសវាងការកកស្ទះចរាចរណ៍នៅទីតាំងការដ្ឋានខាងលើផងដែរ។
សូមបញ្ជាក់ថា ក្រោយពីមានការបិទស្ពានព្រះមុនីវង្សចាស់ ដេីម្បីជួសជុលកែលម្អនេះ គេសង្កេតឃេីញមានការកកស្ទះចរាចរណ៍ ជាពិសេសនៅលេីផ្លូវជាតិលេខ១ និងផ្លូវមួយចំនួននៅតំបន់នោះ ទេីបពេលនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យរៀបចំដាក់សាឡាងក្នុងពេលនេះ ដេីម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ឱ្យមានភាពប្រសេីរឡេីង៕





